កិច្ចបកស្នព

កិច្ចនេះគឺ គេយកក្រណាត់សមួយមកគ្របលើមនុស្សណាម្នាក់ដែលនៅរស់នៅឡើយ តែគេសន្មត់ថាបានស្លាប់ទៅហើយ។ រួចក៏ទាញក្រណាត់សចេញវិញ ដែលជួនកាលគេហៅថា ឆាក។ គេច្រើនតែធ្វើនៅក្នុងពិធីបុណ្យចម្រើនអាយុ ឬឆាកមហាបង្សុកូល ឬចន្ទសុកគិរីសូត្រ ឬបច្ច័យបួន កាត់គ្រោះជាដើម។ល។ បើចំពោះព្រះសង្ឃ គេយកស្បង់ជំនួសក្រណាត់ស។

DSC01255
ចន្ទសុកគិរីសូត្រនៅវត្តពោធិ៍

ន័យសំខាន់នៃកិច្ច គឺឧបកិច្ចថាអ្នកដែលគេគ្របក្រណាត់សពីលើបានស្លាប់ទៅហើយ ឯរូបដែលនៅទីនេះជារូបថ្មី។ បកស្នព គឺថាបកអ្វីដែលស្លាប់ចោលចេញ។

IMG_0084
បកស្នព

បើពិនិត្យមើលពិធីកាត់គ្រោះមួយគឺកាន់តែច្បាស់។

យាយម្នាក់នោះឈឺខ្លាំង ព្រះសង្ឃយកក្រណាត់សគ្របពីលើ ហើយកូនចៅយកពុតម្ឈូសមួយមកដាក់ក្បែរ។ ពុតម្ឈូសនេះ គឺនិម្មិត្តទៅម្ឈូសនោះឯង។ ព្រះសង្ឃចាប់បកស្នពហើយស្រាយអំបោះដែលចងនឹងអ្នកឈឺទៅទុកក្នុងម្ឈូសនោះ។ ទើបកូនចៅយកម្ឈូសនោះទៅដុតចោលនៅខាងលិចផ្ទះ។ ម្ឈូសដែលដុតនោះ គឺពុំមានអ្វីក្រៅអំពីសម្បកនៃអ្នកឈឺដែលគេបកស្នពឲ្យនោះឡើយ។

IMG_0088
ដុតពុតម្ឈូស

ដោយប្រការនេះ ខ្ញុំយល់ថាពាក្យ«ស្នប»ក្នុងវចនានុក្រមសម្តេចសង្ឃជួនណាត គួរសរសេរថា «ស្នព»ដូច្នេះទើបត្រូវជាង។ សព>ស្នព?? តែបើថាស្នប<សបក៏មានន័យដែរ។

Advertisements