អត្ថបទបកប្រែ៖ កំទេចទីក្រុងដោយយល់ថាល្អ

ដោយ Marco D’ Eramo

ឃាតករសម្លាប់ទីក្រុងកំពុងដើរពេញភពផែនដីនេះ។ ឃាតករនោះត្រូវគេស្គាល់ឈ្មោះថា យូណេស្កូ។ វាមានអាវុធពិសេសមួយគឺ ការបន្តុប ឬដាក់ស្លាកឲ្យជា«បេតិកភណ្ឌពិភពលោក»។ គេបង្ហូរឈាមទីក្រុង ឬភូមិករដ៍ស្រស់បំព្រងទាំងនោះឲ្យខ្សោះ ហើយក្លាយជាសាកសព។

វាគឺជារឿងទុក្ខសោកណាស់កាលដែលយើងឃើញទីក្រុងជាច្រើនត្រូវបំផ្លាញ។ ទីក្រុងដែលពោរពេញដោយភាពស្រស់បំព្រង ភាពប្រណិត ភាពរស់រវើកជាច្រើនរយឆ្នាំ ឬខ្លះពាន់ឆ្នាំផងនោះបានរស់រានមានជីវិត ដោយឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ សង្គ្រាម ការតស៊ូកសាងយ៉ាងលំបាក និងរញ្ជួយដី។ល។ ស្រាប់តែឥឡូវ ទីក្រុងទាំងនោះត្រូវចុះអន់ខ្សោយ និងស្ទើរក្លាយជាកន្លែងដែលគ្មានមនុស្សរស់នៅម្តងមួយៗ ហើយក្លាយទៅជាឆាកសម្តែងល្ខោនគ្មានរស់ជាតិ។ កន្លែងដែលមានមនុស្សរុញគ្នា និងជាទីដែលមានមនុស្សរស់នៅតាមរបៀបរៀងៗខ្លួន។ ស្រាប់តែពេលនេះមានតែហាងលក់ចំណីអាហារ និងហាងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ សំពត់ ក្រណាត់ កងដៃ។ ទីដែលមានសភាពធ្លាប់តែអ៊ូអរអឺងកងត្រូវគេដាក់ក្នុងបញ្ជីបណ្ណដើរកម្សាន្ត។

សាកសពនៃទីក្រុងទាំងនេះត្រូវគេយកទៅបំបែកចែកគ្នាតាមបែបការិយាល័យធិបតេយ្យ ដែលស្ថិតនៅក្នុងអាគារមួយនៃទីក្រុងប៉ារីស នៅសង្កាត់ទី៧។ សេចក្តីសម្រេចគឺជា ស្លាកសញ្ញាដែលមិនអាចលុបបាន ហើយដែលគេត្រាជាប់នឹងអ្នករៀងរហូត។

ស្លាកសញ្ញាដែលខ្ញុំចង់សំដៅទៅលើនោះគឺ «តំបន់បេតិកភណ្ឌពិភពលោក»ដែលបង្កើតឡើងដោយយូណេស្កូ។ បើប៉ះ គឺស្លាប់ ព្រោះថាទីណាដែលដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ទីនោះក៏ស្លាប់ភ្លាម រួចក៏ក្លាយជារបស់ដែលមានតែរូប តែគ្មានវិញ្ញាណ។

Urbanicide (ជាពាក្យមិនសមរម្យ យ៉ាងណាក៏វាគ្រាន់បើជាងពាក្យFemicide) មិនមែនជាបទល្មើសមានការគ្រោងទុកទេ។ តាមពិត វាបង្កើតក្នុងបំណងល្អ ដោយមានគោលបំណងខ្ពស់បំផុតដើម្បីថែរក្សាបេតិកភណ្ឌ ទុកជាប្រយោជន៍ដល់មនុស្សជាតិ។ ប៉ុន្តែពាក្យ «ថែរក្សា»ក្នុងបរិបទនេះមានន័យទៅជាការរក្សាទុក គាំង ក្នុងន័យការពារពីការបំផ្លិចបំផ្លាញ និងស្នាមនៃពេលវេលា។ វាហាក់ដូចជាការបញ្ឈប់ពេលវេលាឈប់ឲ្យមានការប្រែប្រួល ឬវិវត្តបាន។

ផលវិបាកដែលបង្កើតឡើងដោយយូណេស្កូគឺជា រឿងដែលមិនល្អទាល់តែសោះ។ ប្រាសាទជាច្រើនដែលត្រូវការពារ និងថែរក្សា។ ប៉ុន្តែយើងក៏គួរតែគិតសិនថា ប្រសិនបើAcropolis ដែលសង់នៅឆ្នាំ៤៥០មុនគ.សនៅទីក្រុងAthen មានការការពារបែបសព្វថ្ងៃនេះ យើងក៏ប្រហែលគ្មាន Propylaeum, Parthenon ឬក៏Erectheumដែរ។ យូណេស្កូគួរតែត្រឡប់មើលព្រិត្តិការណ៍កាលពីស.វទី១៦-១៧ ដែលកាលនោះ អ្នករស់នៅទីក្រុងរ៉ូមបង្កើតវត្ថុសិល្បៈដ៏គួរស្ងើចសរសើរ។ វត្ថុសិល្បៈទាំងនោះបង្កើតតាមការច្នៃប្រឌិតថ្មី មានលក្ខណៈល្អអស្ចារ្យជាងធម្មជាតិទៅទៀត។ អរគុណដែលទីក្រុងមារ៉េ ក្នុងក្រុងប៉ារីសមិនបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ម្យ៉ាងវិញទៀត យើងគួរបំភ្លេចBeaubourgចោលដែរ។

យើងគួរធ្វើឲ្យមានតុល្យភាពរវាងការថែរក្សា និងការកសាងថ្មី។ យើងចង់រស់នៅក្នុងទីក្រុងដែលមានសារមន្ទីរ និងសិល្បៈហត្ថកម្ម មិនមែនរស់នៅក្នុងក្តាម្ឈូស ឬកន្លែងដែលគ្រាន់តែចេញចូលដើម្បីធ្វើការប៉ុណ្ណោះទេ។ វាជាទណ្ឌកម្មមួយកាលដែលយើងចំណាយជីវិតផ្ទាល់ខ្លួន ក្នុងសង្កាត់ទេសចរណ៍នៃសារមន្ទីរគ្មានទីបញ្ចប់។ ថ្មីៗនេះ ខ្ញុំបានត្រលប់ទៅSan Gimignano ម្តងទៀត បន្ទាប់ពីខកខាន៣០ឆ្នាំ។ ទីនោះមិនមែនជាហាងលក់បន្លែ ត្រីសាច់ ឬហាងនំប៉័ងឆ្ងាញ់ៗទៀតទេ។ ហេតុអ្វី? បន្ទាប់ពីតូប ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ដល់ម៉ោងត្រូវបិទ អ្នកក៏មិនអាចរំពឹងថានឹងឃើញកន្លែងស្នាក់នៅរបស់ពួកគេដែរ។ ពួកគេចេញទៅរស់នៅខាងក្រៅ ក្នុងកន្លែងទំនើបៗអស់ទៅហើយ។ កំពែងទីក្រុងក្លាយត្រឹមជាទីតាំងថតខ្សែភាពយន្តសម័យបុរាណប៉ុណ្ណោះ ហើយគេនាំគ្នាបង្កើតឲ្យមានជាប្រពៃណីថ្មី[សិប្បនិមិត្ត]សម្រាប់របររកស៊ី។ ទីក្រុងកាន់តែតូច ស្លាប់លឿន។

មិនមែនមានតែក្នុងប្រទេសអ៊ីតាលីឯណា។ ទីក្រុងហ្លួងព្រះបាង ប្រទេសលាវក៏ជួបវាសនាអាក្រក់ដូចគ្នាអញ្ចឹងដែរ។ ទីក្រុងធ្លាប់មានប្រវត្តិសាស្ត្រដ៏ផូរផង់ក្លាយមកអន្ទាក់ទាក់ទេសចរណ៍។ គេហដ្ឋានអ្នកស្រុកជាច្រើនប្តូរទៅជាសណ្ឋាគារ និងភោជនីយដ្ឋាន រីឯផ្សារតាមផ្លូវមានលក់ខ្សែករចាស់ៗ កាបូបស្ពាយ និងខ្សែក្រវ៉ាត់ស្បែកជាដើម។ បើសិនជាយើងចង់ឃើញប្រពៃណីពិតរបស់អ្នកទីនេះ យើងត្រូវធ្វើដំណើរចេញពីក្រុងបុរាណនេះឲ្យរាងឆ្ងាយបន្តិច ទើបអាចជួបបានដូចជានៅផ្លូវពុទ្ធិសាលាថ និងផ្លូវភូវាវ។

ងាកមកមើលទីក្រុង Porto ប្រទេសព័រទុយកាល់វិញ អ្នកនឹងមានអារម្មណ៍ថាមកដល់ព្រំប្រទល់នៃបេតិកភណ្ឌពិភពលោក៖ លក្ខណៈមនុស្សចម្រុះផ្សេងៗគ្នាបែរជាមានវប្បធម៌តែមួយដូចគេជប់។ អ្នករត់តុ អ្នកចាំហាង និងអ្នកលក់ភេសជ្ជៈ ស្លៀកពាក់បែបប្រពៃណីដូចគ្នាៗ និងអាចឲ្យអតិថិជនដឹងបានតាមរយៈស្បែកជើងកវែង ខោត្រឹមជង្គង់ និងរោមជើងដ៏គគ្រិច។ (ហេតុអ្វីគេស្លៀកពាក់បែបនេះដើម្បីទេសចរណ៍ ទាំងគេមិនដែលធ្លាប់គិតថាស្លៀកនៅផ្ទះផងនោះ?)។ ម្យ៉ាងវិញទៀត ប៉ាយ«បេតិកភណ្ឌពិភពលោក» ដើរតួរជាសញ្ញាបត្រមនោគមវិទ្យាបង្កើតឧស្សាហកម្មសណ្ឋាគារ ហើយវប្បធម៌ និងមនុស្សជាតិប្រឈមនឹងម៉ាស៊ីនទេសចរណ៍ពេញសកលលោក។

រឿងរ៉ាវយ៉ាប់យឺន២៖ ទី១ យើងអាចហៅវាថា «កាលប្បវត្តិតគ្នា» ឬ «ការគិតយករូបរាងជាធំ» គឺថា អ្វីដែលមានអាយុចាស់ជាងគឺ មានតម្លៃជាង។ ប្រសិនបើមានតំបន់មួយមានអាយុចាស់ជាង១ពាន់ឆ្នាំ អញ្ចឹងការកំណាយកំពែងទីក្រុងរ៉ូមបញ្ជាក់ថា មានការបំផ្លាញសំណង់ដ៏អស្ចារ្យមុនមួយរួចទៅហើយ(ដូចនៅLisbon Cathedral)។ ឯទី២គឺ ធម្មជាតិនៃរូបសាស្ត្រជាទូទៅ។ ចាប់តាំងពីយូណេស្កូបង្កើតតំបន់បេតិកភណ្ឌពិភពលោក និងតាំងពីមនុស្សជាតិចេះបង្កើតការងារសិល្បៈ ថាតើ១០០០ ឬ២០០០ឆ្នាំតទៅមុខទៀតនិងមានអ្វីកើតឡើង ប្រសិនបើបេតិកភណ្ឌទាំងនោះពុំមានការរុះរើ ឬផ្លាស់ប្តូរបំណែកណាមួយនោះ? តើយើងនឹងទៅរស់នៅភពព្រះចន្ទ្រទាំងអស់គ្នា ហើយទិញសំបុត្រមកទស្សនាភពផែនដីវិញ?

ក្នុងចំណោមតំបន់បេតិកភណ្ឌ៧៥៩ មាន២៥៤គឺជា ទីក្រុងបុរាណ ដែលភាគច្រើនស្ថិតក្នុងទ្វីបអ៊ឺរ៉ុប[២០១៤]

សូមរំលឹកថា បន្ទាប់ពីមានការពិភាក្សាគ្នាជាច្រើនឆ្នាំ យូណេស្កូបង្កើតអនុសញ្ញាបេតិកភណ្ឌពិភពលោកនៅពីឆ្នាំ១៩៧២។ ឆ្នាំ១៩៧៦ គណកម្មការបេតិកភណ្ឌពិភពលោកត្រូវបង្កើតឡើង ហើយចាប់ផ្តើមចុះបញ្ជីតំបន់តំបូងគេនៅឆ្នាំ១៩៧៨។ បើគិតមកដល់ឆ្នាំ២០១៤ មានប្រទេស១៩០ចុះជាហត្ថលេខី ដោយមានកិច្ចប្រជុំធម្មតាចំនួន៣៨ដង និងប្រជុំពិសេសចំនួន១០ដង ដែលបានចុះបញ្ជីតំបន់ឲ្យជាប់ជាបេតិកភណ្ឌពិភពលោកចំនួន៩៨១តំបន់ ក្នុងចំណោម១៦០ប្រទេស។ ក្នុងនោះ គឺ៧៥៩ជាបេតិកភណ្ឌពិភពលោកវប្បធម៌ ១៩៣ជាបេតិកភណ្ឌពិភពលោកធម្មជាតិ និង២៩ជាបេតិកភណ្ឌពិភពលោកវប្បធម៌-ធម្មជាតិ។

ក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោកវប្បធម៌៧៥៩ មាន២៥៤ គឺជាទីក្រុងបុរាណដែលខ្លះត្រូវបញ្ចូលទាំងមូល ខ្លះបញ្ចូលដោយផ្នែក ខ្លះបញ្ចូលមួយស្រុក ឬក៏បញ្ចូលតែមណ្ឌលប្រវត្តិសាស្ត្រក៏មាន។ ទីក្រុងបុរាណចំនួន១៣៨ស្ថិតនៅអ៊ឺរ៉ុប។ ស្ទើរតែពាក់កណ្តាលនៃចំនួនទីក្រុងបុរាណស្ថិតនៅប្រទេស៤គឺ អ៊ីតាលីមាន២៩(គិតទាំងបុរីវ៉ាទីកង់ និងសាធារណរដ្ឋ San Marino) អេស្ពាញមាន១៧ បារាំងមាន១១ និងអល្លឺម៉ង់មាន១១ដែរ។ ដូច្នេះបើគិតលេងៗទៅក៏ឃើញថា អ៊ីតាលីមានតំបន់បេតិកភណ្ឌពិភពលោកច្រើនជាងគេ។

ការពិតនោះគឺថា តំបន់បេតិកភណ្ឌពិភពលោកសល់តែសម្បកប៉ុណ្ណោះ។ អ្នកខ្លះប្រហែលគិតថា អ្វីដែលបានចុះបញ្ជីជាសម្បត្តិបេតកភណ្ឌពិភពលោកគឺដូចជារបស់យើងទាំងអស់គ្នាដែរ អញ្ចឹងខ្ចប់វាជាមួយប្រវត្តិសាស្ត្រ ហើយចុះបញ្ជីទៅ។ ផ្ទុយទៅវិញ ដំណើរការនៃការបញ្ចូលបេតិកភណ្ឌប្រទេសអ៊ីតាលីជាច្រើនឆ្នាំមកនេះបានផ្លែផ្កាដូចតទៅនេះ ទស្សវត្សឆ្នាំ៧០ បញ្ចូលបាន១ រហូតដល់ទស្សវត្សឆ្នាំ៨០បញ្ចូលបាន៥ទៀត ក្រោយមកនៅទស្សវត្សឆ្នាំ៩០ បញ្ចូលបានដល់ទៅ២៥តំបន់។ ចំណែកក្នុងដើមទស្សវត្សក្រោយនេះ តំបន់២០បានបញ្ចូលបន្ថែមទៀត។ ដូច្នេះ បើសរុបទៅមានដល់៥១តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ។

យ៉ាងណាមិញ វាជារឿងគួរឲ្យសោកស្តាយដែល ទីក្រុង និងតំបន់មួយចំនួនកំពុងត្រូវគេដាក់ក្នុងតារាងជាជួរៗ ដើម្បីរងចាំការបោះឆ្នោតថានឹងត្រូវចាក់ថ្នាំរក្សារាងកាយទុកឲ្យបានយូរនៅពេលណា។ ដោយសារពុំបានដឹងអំពីវិនាសកម្មឈានទៅរកស្ថានភាពអាក្រក់ ក្រិកជាប្រទេសដែលធ្លាប់ប្រារព្ធកីឡាអូឡាំពិចផងនោះ ទាំងប្រធានក្រុម ទីប្រឹក្សា និងមន្ត្រីទេសចរណ៍តស៊ូចង់បាននូវភាពលោភរបស់ខ្លួន។ យើងបារម្ភខ្លាចតែភាពសម្បូរបែបនៃប្រទេសរបស់យើងនឹងក្លាយត្រឹមជាមហាសារមន្ទីរមួយ។  ពេលនោះយើងនឹងត្រូវទិញសំបុត្រគ្រប់កន្លែងដើម្បីអាចឆ្លងកាត់កន្លែងនោះបាន។ ពេលនោះសោត ពួកគេអាចនឹងផលិតខ្សែភាពយន្ត «រត់គេចពីសារមន្ទីរ» ដើម្បីជួយយើងឲ្យបានស្បើយ ស្រស់ស្រាយ និងបានឃើញទស្សនីយភាពទីក្រុង មុនពេលទីក្រុងនោះក្លាយជាទីក្រុងដែលគេទុកចោលវិញលែងប្រើការ។

កើតនៅឆ្នាំ១៩៤៧ក្នុងទីក្រុងរ៉ូម។ គាត់ធ្លាប់ជាអ្នកស្រាវជ្រាវទ្រិស្តីរូបនៅសាកលវិទ្យាល័យរ៉ូមអស់២ឆ្នាំ ហើយបន្តសិក្សាសង្គមសាស្ត្រនៅក្រុងប៉ារីសជាមួយ Pierre Bourdieu។ គាត់បានធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យកាសែត Il manifesto នៅប្រទេសអាមេរិច។ គាត់សរសេរសៀវភៅ«ជ្រូក និងអគារខ្ពស់ៗ»បោះពុម្ពឆ្នាំ២០០២ ហើយបានបកប្រែជាច្រើនភាសា និងសម្រាប់ប្រើក្នុងកម្មវិធីសិក្សាគម្រោងរៀបចំទីក្រុង។

________________________

DSC_1045a
យាយម្នាក់មើលចម្លាក់នៅប្រាសាទអង្គរវត្តដែលសង់ឡើងនៅស.វទី១២ ត្រង់ថែវឦសានដែលឆ្លាក់នៅស.វទី១៦

អំពីអ្នកបកប្រែ៖

អត្ថបទនេះល្អណាស់ដែលពុំសមខ្ញុំប្រថុយហ៊ានបកប្រែឡើយ ប៉ុន្តែដោយសារចិត្តខ្ញុំចង់ចែករំលែកអំពី ការគ្រប់គ្រងបេតិកភណ្ឌពិភពលោកទុកជាការពិចារណា។ ពិសេសនោះគឺ ចង់បង្ហាញនូវគំនិតធំៗរបស់អ្នកនិពន្ធខាងលើ។ ការបកប្រែរបស់ខ្ញុំមានកំហុស ត្បិតចំណុចខ្លះខ្ញុំពុំយល់ន័យលំអិតឡើយ។ ខ្ញុំសង្ឃឹមថា លោកអ្នកនាងនឹងបំពេញការខ្វះខាតទាំងនេះ។

អត្ថបទដើមជាភាសាអង់គ្លេស Text។ ឬទាញយកអត្ថបទជាភាសាខ្មែរនេះទុកជា PDF

 

Advertisements