បញ្ជីក្រហមវត្ថុសិល្បៈកម្ពុជា

ប្រទេសជាច្រើនដែលធ្លាក់ចូលក្នុងអន្លង់នៃសង្គ្រាមតែងខាតបង់ នូវប្រយោជន៍យ៉ាងច្រើន ក្នុងនោះមានវប្បធម៌ដែលជាធាតុសំខាន់បង្ហាញអំពី អត្តសញ្ញាណនៃជាតិសាសន៍មួយ។

International council of museums (ICOM) ជាស្ថាប័នមួយធ្វើការផ្តោតលើការប្រយុទ្ធប្រឆាំងការជួញដូរវត្ថុបុរាណខុសច្បាប់។ ស្ថាប័នជំនាញនេះតែងបញ្ចេញបញ្ជីក្រហម ដើម្បីជាឯកសារជំនួយដល់សារមន្ទីរ ឬឈ្មួញទាំងឡាយឲ្យដឹងថា វត្ថុសិល្បៈដែលមានក្នុងបញ្ជីក្រហមនេះប្រហែលអាចត្រូវគេលួចគាស់កកាយ និងយកចេញពីប្រទេសណាមួយទៅលក់លើទីផ្សារអន្តរជាតិ។

DSC04192
ប្រាសាទទទឹងថ្ងៃ

ថ្មីៗនេះ ICOMបានបញ្ចេញបញ្ជីក្រហមវត្ថុសិល្បៈរបស់ស៊ីរី ក្រោយពេលដែលប្រទេសនេះកើតសង្គ្រាមរាំងជល់ គួបផ្សំនឹងក្រុមរដ្ឋអ៊ីស្លាមដែលជីករុករកវត្ថុបុរាណដើម្បីលក់នៅទីផ្សារងងិត។

នៅឆ្នាំ២០០៩ ICOMនេះក៏ធ្លាប់បញ្ចេញបញ្ជីក្រហមអំពី វត្ថុសិល្បៈរបស់កម្ពុជាដែរ ដើម្បីជាឯកសារជំនួញឲ្យស្គាល់អំពីលក្ខណៈវត្ថុសិល្បៈរបស់កម្ពុជា ហើយដែលច្បាប់ក្នុងប្រទេសកម្ពុជាហាមប្រាមមិនឲ្យជួញដូរ ឬនាំចេញឡើយ។ ទាញយកទីនេះ

IMG_2635.JPG
បំណែកជើងទម្រនៅប្រាសាទព្រៃមន្ទីរ

ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ។ កំលុងពេលស្រុកទេសនៅអសន្តិសុខនៅឡើយ ចម្លាក់ និងប្រាសាទបុរាណជាច្រើនត្រូវជនទុច្ចរិតជីកកកាយ[អានបន្ថែម]។ កង្វះការយល់ដឹងអំពីតម្លៃមរតកវប្បធម៌ទាំងនោះ ក៏ជាកត្តាមួយរួមចំណែកឲ្យមានការជីកកាយរកវត្ថុបុរាណទៀតផង។ ឧទាហរណ៍ដូចជា​ នៅភូមិស្នាយ ខេត្តបន្ទាយមានជ័យ, អង្គរបុរី ខេត្តតាកែវ និងភូមិព្រហារ ខេត្តព្រៃវែងជាដើម។

DSC02307.JPG
អង្កាំបុរាណដែលជីកបានពីផ្នូរបុរាណនៅភូមិស្នាយ (ប្រភព?)

បើទោះបីជាប្រទេសកម្ពុជាមានច្បាប់គ្រប់គ្រងបេតិកភណ្ឌតាំងពីថ្ងៃ២៥ ខែមករា ឆ្នាំ១៩៩៦ក៏ដោយ ប៉ុន្តែការអនុវត្តច្បាប់នេះនៅមានកម្រិតនៅឡើយ។ ករណីខ្លះ បើយកច្បាប់នេះមកអនុវត្តឲ្យតឹងតែង បញ្ហារវាងរដ្ឋ និងរាស្ត្រក៏មានមិនចេះអស់មិនចេះហើយដែរ ក្នុងទេសកាលដូចបច្ចុប្បន្ននេះ។