បើកចក្ខុ

ភ្នែកជារបស់សំខាន់ខ្លាំងសម្រាប់ចាប់រូបភាព ហើយបញ្ជូនរូបភាពទៅប្រព័ន្ធប្រសាទ។ មិនត្រឹមតែសំខាន់ត្រឹមផ្នែកជីវសាស្ត្រទេ តែក្នុងវប្បធម៌ជំនឿខ្មែរក្តី សាសន៍ផ្សេងៗក្តីគិតប្រៀបប្រដូចភ្នែកទៅនឹងជីវិត។ កាលណាមនុស្សស្លាប់ដោយមិនអស់ចិត្ត ឬនៅមានរឿងរ៉ាវមិនទាន់ដោះស្រាយហើយ តែបែរជាស្លាប់ទៅមុន អ្នកនៅរស់តែងសួរគ្នាថា «អ្នកនេះ ឬអ្នកនោះស្លាប់ទៅបិទភ្នែកជិតទេ?» ដូចនឹងពាក្យថា តើអ្នកស្លាប់បានស្ងប់ចិត្តទេ? ដូច្នោះដែរ។ ត្រង់ចំណុចនេះធ្វើឲ្យយើងយល់បានថា គេយកពាក្យថា «បិទភ្នែក» មកប្រដូចនឹងការស្លាប់។ ន័យចង់បង្ហាញទីនេះគឺ «ស្លាប់ = ងងិត, កើត = ភ្លឺ»។

បើយើងពិនិត្យមើលលើកិច្ចពិធីមួយចំនួនក្នុងដំណាក់កាលមួយនៃពិធីឆ្លងវ័យរបស់មនុស្ស នាពេលដែលទើបតែកើតបានប៉ុន្មានថ្ងៃ គេត្រូវធ្វើពិធីកាត់សក់បង្កក់ឆ្មប ហើយឆ្មបក៏ធ្វើកិច្ចបើកភ្នែកឲ្យក្មេងទើបនឹងកើតនោះនាថ្ងៃនេះដែរ។ ហាក់ដូចក្មេងដែលទើបនឹងកើតមកពុំទាន់មានលក្ខណៈជាមនុស្សមានជីវិតពេញលេញនៅឡើយ។ ប៉ុន្តែឆ្លងកាត់កិច្ចនេះហើយ ក្មេងនោះនឹងក្លាយជាមនុស្សម្នាក្នុងសង្គម (សូមអាន ដំណើរជីវិតមនុស្សខ្មែរ៖ មើលតាមពិធីឆ្លងវ័យ)។ ចំណែកពេលដែលស្លាប់វិញ នៅដំណាក់កាលបូជាសពរួចហើយ គេត្រូវធ្វើកិច្ចប្រែរូប(សូមអានអត្ថបទ«ចាប់ជាតិ»លេខរៀងទី៥៦ ជំពូកទី២)។ សង្ខេបខ្លីថា ប្រែរូបឲ្យបុគ្គលនោះបានទៅចាប់កំណើតជារូបថ្មីនៅទីស្ថានថ្មី ត្បិតរូបចាស់នោះស្លាប់ទៅហើយ។

កិច្ចប្រែរូប
កិច្ចប្រែរូប

ពេលប្រែរូបនោះ អាចារ្យសូន្យរូបកំទេចកំទីទាំងនោះឲ្យចេញរូបរាងជាមនុស្ស ហើយយកចិញ្ជៀនមកដាក់ត្រង់ភ្នែកទាំងពីរ ម្ខាងមួយ និងដាក់ត្រង់ផ្ចិត រួចហើយយកអង្គុញ២គ្រាប់ដាក់នៅជង្គង់ទាំង២។ អ្វីដែលយើងគួរចាប់អារម្មណ៍ទីនេះ គឺរូបដែលទើបនឹងប្រែរួចត្រូវមានភ្នែកជាចាំបាច់(រូបទី១-២)។

កិច្ចបើកព្រះនេត្រ
កិច្ចបើកព្រះនេត្រ

សូម្បីរបស់ជាវត្ថុសម្រាប់ប្រើខ្លះក៏ត្រូវធ្វើកិច្ចបើកព្រះនេត្រសិនដែរ។ ទូកប្រណាំងនីមួយៗតែងតែមានបារមីកាន់។ ប៉ុន្តែមុននឹងអញ្ជើញបារមីឲ្យទៅកាន់ ត្រូវឆ្លងកាត់កិច្ចបើកព្រះនេត្រដូចគ្នា។ ទង់ក៏ដូច្នេះដែរ កាលណាគេធ្វើទង់មួយរួចហើយ គេត្រូវធ្វើកិច្ចបើកព្រះនេត្រទង់។ រួចប្រើប្រាស់ចាប់ពីពេលបើកនោះរួចហើយ។ ចំណែកឯបដិមាដែលទើបនឹងធ្វើរួច យើងត្រួវធ្វើកិច្ចបើកព្រះនេត្រជាចាំបាច់សម្រាប់ជាការចាប់ផ្តើមនៃពិធីអភិសេកប្រតិមា បន្ទាប់ពីប្រុងពាលី។ ក្នុងប្រព័ន្ធជំនឿ ព្រះដែលសាងហើយ គេត្រូវធ្វើពិធីអភិសេកជាមុនសិន ទើបយកមកថ្វាយបង្គំគោរពបូជា។ ពុំនេះទេ រូបព្រះនោះគ្រាន់តែជារបស់ធម្មតា។ ហេតុនេះទើបតម្រូវធ្វើពិធីអភិសេកព្រះដើម្បីប្តូរពីធម្មតាទៅជាពិសិដ្ឋ។ ពោលគឺ ធ្វើកិច្ចបើកព្រះនេត្រដើម្បីឲ្យរូបនោះមានជីវិត (សូមអានអត្ថបទ«ទៀន» លេខរៀងទី៣១ ជំពូកទី១)។ ប្រពៃណីបែបនេះមានយូរណាស់ហើយ ហោចណាស់ដូចមានបង្ហាញនៅក្នុងសិលាចារឹកព្រះខ័ន(K.908)ក្នុងរាជ្យព្រះបាទជ័យវម៌្មនទី៧ថា ព្រះបាទជ័យវម៌្មនសាងរូបបិតាព្រះអង្គក្នុងរូបភាពជាព្រះលោកកេស្វរ រួចហើយធ្វើពិធីបើកព្រះនេត្រ (ត្រូវនឹងពាក្យសំស្ក្រិតថា ឧទមីលយត) និងតម្កល់នៅប្រាសាទព្រះខ័ន។

សព្វថ្ងៃ ពិធីអភិសេកព្រះច្រើនតែធ្វើភ្ជាប់នឹងពិធីបុណ្យសព ឬចម្រើនអាយុ។ ប្រការនេះក៏ព្រោះតែពិធីទាំងនេះទាក់ទងខ្លាំងនឹងស្លាប់-កើត ពោលគឺ ស្លាប់ហើយ កើតឡើងវិញ។ ពិធីអភិសេកច្រើនចាប់ផ្តើមធ្វើនៅពេលល្ងាច ហើយបញ្ចប់នៅពេលព្រលឹមស្រាងៗ នាពេលថ្ងៃរះមិនទាន់ច្បាស់នៅឡើយ។ ពោលគឺ ជាពេលអន្តរកាលពីងងឹតទៅភ្លឺ។ ទីនេះ យើងអាចពិចារណាពាក្យចាស់ៗតែងនិយាយដាក់អ្នកមានអាយុតិចជាងថា «ឯងឃើញពន្លឺថ្ងៃក្រោយអញ» គឺប្រដូចនឹងពាក្យថា«ឯងកើតក្រោយអញ»។ រូបទី៣គឺ អាចារ្យម្នាក់កំពុងធ្វើកិច្ចបើកព្រះនេត្រព្រះ ដែលធ្វើភ្ជាប់នឹងពិធីបុណ្យសពនៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខាងជើងបារាយណ៍ទឹកថ្លា និងរូបទី៤ជាកិច្ចបើកព្រះនេត្រព្រះដែរធ្វើនៅភូមិនគរក្រៅ ខាងជើងកំពែងអង្គរធំ។ ដូចបានជម្រាបពីខាងដើម កិច្ចបើកព្រះនេត្រព្រះត្រូវធ្វើនៅពេលល្ងាច ហើយមុនគេបង្អស់នៃពិធីអភិសេកព្រះ ដោយមានអាចារ្យម្នាក់ទទួលផ្តាច់មុខធ្វើពិធីនេះ។ អាចារ្យនោះអង្គុយទល់មុខពុទ្ធរូបដែលត្រូវអភិសេក ហើយធ្វើជាយកខ្មៅដៃមកគូសវង់ និងយកកន្ត្រៃមកកាត់ព្រះកេស បន្ទាប់មកយកធ្យូងរមៀតមកវាសវង់ព្រះនេត្រ និងព្រះភក្ត្រ។ល។ ហាក់បីដូចកំពុងប្រឌិតមុខមនុស្សម្នាក់ឡើងមក ហើយដែលត្រូវធ្វើពីផ្នែកខាងលើនៃរាងកាយមកវិញ។ អ្វីដែលខ្ញុំសង្កេតឃើញនៅទីនេះ គឺព្រះនេត្រដែលត្រូវគិតគូររៀបចំមុនគេ។

ភ្នែកសំខាន់ស្នើជីវិត ដូច្នេះហើយទើបជួនកាលយើងឃើញថា ភ្នែកតំណាងឲ្យកាយទាំងមូលផងដូចបង្ហាញក្នុងសិលាចារឹកវត្តបាសែត(K.207) ចារឹកនៅគ.ស១០៤២ថា «[…]រ ស្រេច ទេប ស្យង ត ឝបថ នុ វ្រះ (២៩)ឝ្រី្យ វ្នេក និ ត កម្រតេងជគត វទ្ធប្រតិជ្ញា រោះហ នេះហ នា ភូមិ នេះហ[…]» ប្រែថា «រួចស្រេចទើបស្បថនូវមុខព្រះស្រីភ្នែកនៃព្រះវទ្ធប្រតិជ្ញានេះនៅភូមិនេះ»។ សង្ខេបខ្លីថា មានមន្ត្រីម្នាក់នៅតំបន់ផលប្រិយបានទិញដីដើម្បីធ្វើអាសនព្រះ(ប្រាសាទ?) ហើយឲ្យគ្រួសារម្ចាស់ដីនោះស្បថថា ធ្វើជាក្ញុំបម្រើទីនោះរហូត(?) ទោះបីសាច់ញាតិជំនាន់ណា ទោះបីរាជក្សត្រអង្គណាក្រោយៗទៀតក៏ដោយ។ ក្នុងសិលាចារឹកនេះ យើងឃើញគេប្រើពាក្យ«វ្រះឝ្រីវ្នេក»ដែលសព្វថ្ងៃក្លាយមកជា«ប្រស្រីភ្នែក»។ ត្បិតអក្សរ«វ»ពីបុរាណវិវត្តទៅជា«ព,ភ» ចំណែកឯ«ព្រះ»វិវត្តទៅជា«ព្រ,ប្រ»។ ក្នុងភាសាខ្មែរបុរាណ ពាក្យថា«វ្នេក»អាចមានន័យផ្សេងដូចជា នៅចំពោះមុខ នៅខាងមុខ ពេលខាងមុខ។ គួរឲ្យពិចារណាណាស់ នៅខេត្តបន្ទាយមានជ័យមានស្រុកមួយឈ្មោះថា ព្រះនេត្រព្រះ។

យើងគួរពិចារណាតទៅទៀតអំពី«បើកទិព្វចក្ខុ»។ កាលណាដល់ពេលប្រលង ហើយបេក្ខជននោះលួចមើលឯកសារដើម្បីចម្លង គេហៅអំពើនេះថា បើកចក្ខុ អានថា «បើកចាក់»។ ខ្ញុំយល់ថា ពាក្យនេះកាត់ខ្លីមកពីពាក្យ«បើកទិព្វចក្ខុ» អានថា«បើកទិបចាក់» ត្បិតស្រះខ្លី («អ»,«ុ»,«ិ»)នៅចុងក្រោយខ្មែរមិនដែលអានទេ (សូមអាន «ចាក់ ចក្ខុ ចក្រ» ក្នុងលេខរៀងទី៣៥ ជំពូកទី៦)។ ម្យ៉ាងការដែលគេហៅសកម្មភាពនេះថា បើកចក្ខុ ប្រហែលជាទាក់ទងនឹងការមើលអ្វីមួយដែលពុំស្ថិតក្នុងបរិបទធម្មតា។ មិនធម្មតា ព្រោះតាមធម្មតាការប្រលងពុំអាចបើកមើលសំណៅឯកសារបានទេ។ ឧទាហរណ៍ ថ្ងៃមួយ ព្រះឥន្ទបើកទិព្វចក្ខុមកឃើញចៅកំជិលខ្សាច់ពូនភ្នំខ្សាច់។ គឺថាបើព្រះឥន្ទ្រចង់មើលមកដីទាល់តែបើកទិព្វចក្ខុ។