ប្រពៃណីបណ្តែតប្រទីបនៅវត្តអារញ្ញ

ជារៀងរាល់ឆ្នាំ អ្នកស្រុកនៅចំណុះជើងវត្តអារញ្ញ និងព្រះសង្ឃនោះប្រព្រឹត្តកម្មវិធីបណ្តែតប្រទីបជ្វាលាជារៀងរាល់ឆ្នាំអធិកអធមដោយ មានមនុស្សចូលរួមច្រើនកុះករ។ កម្មវិធីនេះតែងតែរៀបចំធ្វើឡើងនៅចំថ្ងៃ១រោច ពោលគឺបន្ទាប់ពីចេញព្រះវស្សាបាន១ថ្ងៃ ក្នុងន័យសំខាន់គឺសូមស្មាលា ឬសូមខមាទោសពីព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ (ព្រះនៃស្រូវ)នូវអំពើបាបទាំងឡាយដែលមនុស្សប្រព្រឹត្តដោយអចេតនាក្តី ឬចេតនាក្តី។ អត្ថន័យដូចគ្នានឹងពិធីបុណ្យអ៊ុំទូកនៅក្រុងភ្នំពេញ គ្រាន់តែនៅទីនេះ គេធ្វើពិធីបណ្តែតប្រទីបមុន។

DSC04417

ពិធីនេះចាប់ផ្តើមតាំងពីពេលរសៀល ផ្តើមពីពិធីប្រុងពាលី បំបួសភ្នំខ្សាច់ រួចក៏ធ្វើពិធីបួងសួងអញ្ជើញទេវតាគ្រប់ទីស្ថានមកគង់ក្នុងបរិវេណពិធីដែលគេរៀបចំ នៅសាលាសំណាក់យាយអេងតាមបណ្តោយផ្លូវទៅភ្នំក្រោម។ នៅម៉ោង៧ល្ងាច ទើបគេចាប់ផ្តើមដង្ហែរប្រទីបចេញពីវត្តអារញ្ញ មកដល់សាលាសំណាក់យាយអេង។ ក្នុងប្រទីបនោះមានតុបតែងលំអដោយភ្លើងពណ៌ល្អគន់គួរទាក់ភ្នែកណាស់ ហើយនៅលើរទេះដង្ហែប្រទីបនោះ គេដាក់ក្មេងប្រុសស្រី៤នាក់ស្លៀកពាក់តុបតែងបានយ៉ាងល្អស្អាត។ នៅលើរទេះទៀតសោត អ្នកស្រុករៀបចំគ្រឿងរណ្តាប់ ចង្ក្រាន្ត គ្រឿងដាំស្ល មុង កន្ទេល ខ្នើយ។ល។ ចំណែកក្នុងក្បួនដង្ហែរ គេរៀបចំជាក្រុមភ្លេងពិណពាទ្យនាំមុខ បន្តដោយក្រុមភ្លេងឆៃយ៉ាំ រួចមកប្រទីប ទើបមានក្រុមភ្លេងសម័យថ្មីសម្រាប់រាំលេងកម្សាន្តពីក្រោយក្បួនដង្ហែរ។

DSC04427

ពីដើមមិញ នាពេលដង្ហែរប្រទីបម្តងៗ គេមិនដង្ហែរតាមផ្លូវគោកដូចសព្វថ្ងៃទេ ប៉ុន្តែគេដង្ហែរដោយប្រើទូកហែរចេញពីវត្តអារញ្ញតាមបណ្តោយស្ទឹងសៀមរាបទៅបណ្តែតនៅទន្លេសាប។ នាពេលនោះ គេក៏បណ្តែតប្រទីបតូចៗតាមផ្ទៃទឹកភ្លឺចញ្ចាចតាមផ្ទៃទឹក។

IMG_1686

ពេលដែលប្រទីបដង្ហែរទៅដល់សាលាសំណាក់យាយអេង ព្រះសង្ឃសូត្រជយន្តោ ប្រោះទឹកមន្ត។ រួចហើយ ទាំងអាចារ្យ ព្រះសង្ឃ និងអ្នកភូមិមកសុំខមាទោស ស្មាលាបាបកម្មដែលខ្លួនបានមាក់ងាយ ឬប្រមាថដោយប្រការណាមួយនោះនៅជុំវិញប្រទីប ហើយសុំឲ្យព្រះគង្គា ព្រះពាយ ព្រះធរណី ព្រះពៃស្រពណ៍ជួយបញ្ចៀសឧបទ្រពចង្រៃកុំបីឲ្យកើតមានដល់ភូមិករទាំងមូលឡើយ។ សូត្រចប់សព្វគ្រប់ ទើបបណ្តែតប្រទីបនោះទៅ។ ឆ្នាំខ្លះ ទឹកច្រើនឡើងដល់រោងសាលាសំណាក់ ដូច្នេះគេអាចបណ្តែតពីសាលាសំណាក់ទៅបាន ដោយឡែកឆ្នាំនេះទឹកខ្សត់តម្រូវឲ្យដង្ហែតាមផ្លូវគោកឲ្យដល់ទីដែលមានទឹកគ្រប់គ្រាន់។

DSC04423

ប្រពៃណីបុណ្យបណ្តែតប្រទីបជាមរតកវប្បធម៌ប្រចាំតំបន់នេះដែលធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីដើមរៀងមក ហើយក៏ក្លាយជាទំនៀមទៀមជាប់នឹងជីវភាពប្រចាំថ្ងៃនៃអ្នកស្រុកតំបន់នេះ។ បើថ្ងៃណាមួយ អ្នកស្រុកទីនេះលែងនឹកនាចង់ធ្វើបន្តទេ វាក៏គង់តែបាត់បង់ដោយឯកឯង ហើយអាចបាត់ជារហូតផងក៏ថាបាន។ ហេតុនេះ យើងត្រូវខំប្រមូលចងក្រងទុកជាឯកសារដើម្បីផ្សព្វផ្សាយដល់គ្រប់គ្នាឲ្យយល់អំពីតម្លៃប្រពៃណីមួយនេះ ហើយវានឹងក្លាយជាផ្នែកមួយសម្រាប់ទាក់ទាញទេសចរណ៍ដែលចង់មកទទួលបទពិសោធន៍ផ្នែកវប្បធម៌ពីកម្ពុជាដែរ។

អ៊ូ គង្គា, គា រក្សា, តូច សុភ័គ, ភាជ និមល

Advertisements