ផ្ទះចាស់មួយនៅស្រុកកោះសុទិន

ផ្ទះដែលបង្ហាញក្នុងរូបនេះជាផ្ទះចាស់មួយនៅក្បែរវត្តពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ផ្ទះចាស់នេះសង់ឆ្នាំ១៩៣៨ធ្វើពីឈើសង្ក្រំ ប្រក់ក្បឿង មានទំហំប្រហែល៦មx១០ម និងមានផ្ទះបាយតទៅខាងលិច។

This traditional habitat is located nearby Pongro pagoda,in Koh Sutin, Kompong Cham. It was built in 1938 with original size of 6m x 10m.

មុនសម័យខ្មែរក្រហម គ្រួសារនេះជាគ្រួសារធូរធារម្នាក់នៅក្នុងភូមិ ទើបមានផ្ទះប្រើឈើល្អៗដូច្នេះ។ ពីដើមមក ផ្ទះឈើ និងរោងខាងមុខធ្វើពីបេតុងនោះមានកម្ពស់ស្មើគ្នា ប៉ុន្តែថ្មីៗនេះម្ចាស់ផ្ទះបានលើកឲ្យវាខ្ពស់ជាងមុនបន្តិចដើម្បីឲ្យស្មើនឹងផ្ទះកូនរបស់គាត់ដែលនៅជាប់គ្នា។

 

ជាកូនចៅកាត់ចិន ពីមុនមក ម្ចាស់ផ្ទះនេះជាអ្នកត្បាញក្រម៉ា តែសព្វថ្ងៃដោយសារតែវ័យជរា គាត់ប្តូរមកធ្វើនំលក់តាមការបញ្ជារទិញពីអ្នកស្រុកក្បែរខាងនោះ។

គ្រឿងសង្ហារឹមសុទ្ធជាកេរ្តិ៍បន្សល់តាំងពីឪពុកម្តាយរបស់យាយនោះមក។ គាត់នៅតែប្រើប្រាស់ថ្នមថ្នាក់ដោយក្តីស្រលាញ់អស់ពីចិត្ត។ តាមដែលខ្ញុំបាននិយាយលេងជាមួយគាត់ គាត់បង្ហាញខ្ញុំអំពីទឹកចិត្តស្រលាញ់របស់គាត់ចំពោះផ្ទះនេះណាស់។ គាត់បោសជូតផ្ទះនេះរាល់ថ្ងៃមិនដែលខាន។ ការនេះធ្វើឲ្យខ្ញុំយល់ថា តើវាមានន័យអ្វីបើយើងមានរបស់ដ៏សែនល្អក្នុងដៃហើយ តែយើងមិនបានប្រើវានោះ?

 

ដោយសារតែឈើឡើងថ្លៃ យើងហាក់មានសង្ឃឹមតិចតួចណាស់ថា ផ្ទះឈើនឹងមានវត្តមានដល់ពេលណានោះ។ ប៉ុន្តែយ៉ាងហោចណាស់ យើងអាចប្រើវត្ថុធាតុដើមផ្សេងមកជំនួស ដោយព្យាយាមរក្សារូបរាង និងរចនាបថដដែលក្នុងន័យអភិវឌ្ឍ និងអភិរក្សទន្ទឹមគ្នា។

នៅស្រុកកោះសុទិនមានផ្ទះឈើចាស់ៗច្រើន សមប្រកបនឹងរុក្ខជាតិពណ៌បៃតងស្រស់ប្រពៃ និងមានទន្លេតូចដែលបែកចេញពីទន្លេធំ(ទន្លេមេគង្គ)ហូរកាត់កណ្តាលស្រុក។ ទេសភាពវប្បធម៌នេះគួរទាក់ភ្នែកកន្លង។ ភាគច្រើន អ្នកស្រុកទីនេះប្រកបមុខរបរធ្វើចម្ការ និងថ្នាំជក់ ខ្លះត្បាញក្រមា និងនេសាទតាមដងទន្លេតូចនេះ។