ព្រះស្រីភ្នែក

បើនិយាយពីភ្នែកគឺថាវាជារបស់សំខាន់ខ្លាំងសម្រាប់បញ្ជូនរូបភាពទៅប្រព័ន្ធប្រសាទ។ ប្រការដែលសំខាន់ដូច្នេះហើយ ទើបក្នុងជំនឿខ្មែរក្តី សាសន៍ផ្សេងៗក្តីគិតប្រៀបប្រដូចភ្នែកទៅនឹងជីវិត។

កូនង៉ារទើបនឹងកើត ឪពុកម្តាយតែងឲ្យឆ្មបធ្វើកិច្ចបើកភ្នែកឲ្យ។ ឬក៏ពេលមានអ្នកណាស្លាប់ដោយមិនអស់អាល័យពីអ្វីមួយក៏គេថា ស្លាប់បិទភ្នែកមិនជិត។ ទោះពេលធ្វើពិធីអភិសេកព្រះពុទ្ធរូប កិច្ចដែលត្រូវផ្តើមមុនគេគឺ បើកព្រះនេត្រព្រះ។ នេះមិនទាន់និយាយពីទូកប្រណាំង និងទង់ផងដែលត្រូវឆ្លងកាត់កិច្ចបើកព្រះនេត្រដូចគ្នា។ រឿងទាំងនេះ ខ្ញុំយល់ថា វាទាក់ទងខ្លាំងនឹង ភ្លឺ-ងងឹត, កើត-ស្លាប់ ត្បិតថ្ងៃរះក៏មកពីខាងកើត។។

ខ្ញុំសូមចូលសាច់រឿងអំពី«វ្រះស្រីវ្នែក» ដែលក្នុងភាសាអង់គ្លេស គេសរសេរ Iris។ តាមធម្មតា អក្សរ«វ»ពីបុរាណវិវត្តន៍ទៅជា«ព,ភ»។ ឧ. វ្នំ>ភ្នំ, ត្រវាង>ត្រពាំង, វិមាន>ភិមាន, កំវេង>កំពែង។ បើដូច្នេះ វ្រះស្រីវ្នែក>ព្រះស្រីភ្នែក។

សព្វថ្ងៃ យើងមានពាក្យសម្រាប់ហៅវត្ថុខ្មៅមូលថ្លាដូចកញ្ចក់ក្នុងកែវភ្នែកថា ប្រស្រីភ្នែក។ ពាក្យនេះប្រហែលក្លាយមកអំពី«ព្រះស្រីភ្នែក»នេះឯង ត្បិត ព្រលឹង<ព្រះលិង្គ, ព្រលាន<ព្រះលាន។ គឺថា ព្រះ>ព្រ,ប្រ។

ក្នុងសិលាចារឹកវត្តបាសែត គ.ស១០៤២ (K.207)ចារឹកថា«បេក សប្ប កុលេ ត គិ ភាគ ទិទៃ រ ស្រេច ទេប ស្យង ត ឝបថ នុ វ្រះ ឝ្រី្យ វ្នេក និ ត កម្រតេងជគត វទ្ធប្រតិជ្ញា រោះហ នេះហ នា ភូមិ នេះហ»។

និយាយអំពីការស្បថមុខព្រះស្រីភ្នែករបស់ព្រះមួយអង្គព្រះនាមថា វទ្ធប្រតិជ្ញា។ សង្ខេបខ្លីថា មានមន្ត្រីម្នាក់នៅតំបន់ផលប្រិយបានទិញដីដើម្បីធ្វើអសនព្រះ(ប្រាសាទ?) ហើយឲ្យគ្រួសារម្ចាស់ដីនោះស្បថថា ធ្វើជាក្ញុំបម្រើទីនោះរហូត(?) ទោះបីសាច់ញាតិជំនាន់ណា ទោះបីរាជក្សត្រអង្គណាក្រោយៗទៀតក៏ដោយ។