មនុស្សខ្មែរសុទ្ធតែជាអ្នកជំនាញ?

កន្លងមកនេះ បើលោកអ្នកប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសបុក ប្រាកដជាឃើញជាក់នឹងភ្នែកមិនខានអំពីរឿងរ៉ាវហេតុការណ៍ផ្សេងៗអំពីអង្គរ។ រឿងល្អមិនសូវឃើញទេ តែបើរឿងអាក្រក់ឃើញមានច្រើនក្រែលណាស់។ ច្រើនហួស! ចំណែកការដែលគេបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរ៉ាយរ៉ាប់ពីអង្គរវិញ ច្រើនតែជាការរិះគន់បែបជេរប្រទេច ចោទនេះនោះ បើការរិះគន់បែបវិជ្ជាជីវៈដើម្បីស្ថាបនាមានតិចតួចពន់ពេក។

ពាក្យ«ស្រឡាញ់»ត្រឹមបបូរមាត់ [1]

ប្រការដែលរាស្ត្រខ្វាយខ្វល់ពីរឿងការងារអភិរក្សប្រាសាទ គឺជារឿងល្អណាស់ដែលស្ថាប័នធំៗក្នុងពិភពលោកកំពុងត្រូវការជាចាំបាច់ ដើម្បីឲ្យអ្នកទាំងនោះចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ឲ្យគង់វង្ស។ តាមខ្ញុំឃើញ អ្វីដែលធ្វើឲ្យកើតមានក្តីខ្វាយខ្វល់ទាំងនេះបណ្តាលមកពីទឹកចិត្តស្រឡាញ់មោះមុតចំពោះ កេរមរតកប្រាកដមែន។ ប៉ុន្តែជួនកាលក្តីស្រឡាញ់ទាំងអស់នេះឥតជួយអ្វីបានសោះដល់មរតកជាតិនេះ ត្បិតមកពីចរិតនិយាយឲ្យតែរួចពីមាត់។

អ្នកជំនាញជួសជុលប្រាសាទឥដ្ឋ ធ្វើការជិត២០ឆ្នាំលើវិស័យជួសជុលប្រាសាទឥដ្ឋ
អ្នកជំនាញជួសជុលប្រាសាទឥដ្ឋ ធ្វើការជិត២០ឆ្នាំលើវិស័យជួសជុលប្រាសាទឥដ្ឋក្នុងតំបន់អង្គរ

ក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នាធំធេងពេកណាស់ ប្រសិនបើដូនតាបានឮ បានឃើញ បានយល់ពីក្តីស្រឡាញ់នេះមិនដឹងជាត្រេកអរសប្បាយប៉ុណ្ណាទេ ព្រោះកូនចៅជំនាន់ក្រោយចេះស្រឡាញ់កេរដូនតា។ ទន្ទឹមនឹងនេះ ដូនតាក៏អាចខកចិត្តខ្លះដែរដោយសារ កូនចៅជំនាន់ក្រោយមានត្រឹមតែក្តីស្រឡាញ់ត្រឹមបបូរមាត់ តែមិនចេះថែរក្សាកេរទាំងនេះ។ ដូចករណីខាងលើនេះស្រាប់។

បើគ្រាន់តែស្រឡាញ់មិនគ្រប់គ្រាន់ទេ ត្រូវតែមានគំនិតថែរក្សា។ ថែនោះសោតត្រូវចេះរបៀបថែតទៅទៀត។ នៅប្រាសាទព្រះឥន្ទ្រកោសី កណ្តាលក្រុងសៀមរាបមានសិលាចារឹកដែលគេចារជាប់នឹងប្រាសាទ (K.262)មានកាលបរិច្ឆេទគ.ស៩៦៨។ នៅចុងសិលាចារឹកមានអក្សរសម័យថ្មីប្រើទឹកខ្មៅសរសេរថា «បំរាម! ហាមសរសេរអក្សរលើផ្ទាំងសិលាទាំងនេះ» ហើយមានសរសេរជាអង់គ្លេសពីក្រោមទៀតថា​ « Don’t write on this pillar because they are important for [world]។

អ្នកសរសេរនេះមានបំណងល្អ ហើយស្រលាញ់មរតកនេះសម្បើមណាស់ ទើបមានចិត្តឈឺឆ្អាលចង់ថែរក្សាសម្បត្តិវប្បធម៌ដែលគ្មានអ្វីមកដោះដូរបាន។ ប៉ុន្តែខ្លួនគាត់ហាមគេទាំងភ្លេចថា ខ្លួនឯងបែរជាសរសេរលើសិលាទៅវិញ។ ប្រការដូច្នេះហើយ មនុស្សខ្មែរគួរណាស់ត្រូវចេះពីរបៀបថែរក្សាផង មិនមែននិយាយថាស្រលាញ់ឲ្យរួចតែពីមាត់។ ងាកមកវិញ តើការជេរប្រទេចផ្តាសារ​ ចោទនេះនោះ ដៀលត្មិះនេះជាការជួយថែរក្សាមរតកទាំងនេះមែនទេ? ឬគ្រាន់តែមកដល់អង្គរថតរូបខ្លួនឯង ហើយអួតប្រាប់គេថាខ្លួនមកដល់អង្គរទេ? ឬក៏ថតវីដេអូកេសថ្មអង្គរដែលកំពុងខូចនោះឲ្យខូចកាន់តែខ្លាំង ហើយបកស្រាយដោយគ្មានលក្ខណៈវិទ្យាសាស្ត្រសោះក៏មានន័យថា ជាការថែរក្សាដែរ? វិលសុង!

អ្នកជំនាញ

សូមអនុញ្ញាតឲ្យខ្ញុំប្រើពាក្យហៅអ្នកទាំងនោះថា«អ្នកជំនាញ»។ «ជំនាញ»មកពីផ្នត់ដើមថា «ជាញ» ដែលមានសេចក្តីថា វាងវៃ ការប៉ិន អង់អាច ប្រសប់ ស្ទាត់។ល។(សូមអានវចនានុក្រមសម្តេចសង្ឃជួនណាត)។

ជំនាញគឺកើតចេញពីរបៀនទើបក្លាយជាអ្នកជំនាញបាន។ ឧទាហណ៍ អ្នកជំនាញខាងឡាន អ្នកជំនាញសរសេរ អ្នកជំនាញខាងគិតលេខ អ្នកជំនាញខាងជួសជុលទូរទស្សន៍ អ្នកជំនាញខាងសេដ្ឋកិច្ច។ល។ ទាំងអស់នេះកើតចេញពីរៀនសុទ្ធសាធ ទោះបីម្តងម្កាលមិនមានជាទ្រឹស្តីក៏ពិតមែន ប៉ុន្តែបន្ទាប់ពីបានឆ្លងកាត់ការអនុវត្តន៍ និងពិសោធន៍ច្រើនដងសឹងរាប់ភ្លេចមកហើយ។​ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមខ្មែរសព្វថ្ងៃ យើងអាចមើលឃើញអ្នកជំនាញតាមវិស័យរបស់គេរៀងៗខ្លួនដូចជា លោក សុខ សំអឿន ជាអ្នកជំនាញខាងច្បាប់, អ្នកស្រី ជា វណ្ណាត លោក កែម ឡី លោក អ៊ូ វីរៈ ជាអ្នកជំនាញខាងវិភាគសង្គម, លោក សុខ ទូច ជាអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ, លោក កង ច័ន្ទតារារ័ត្ន ជាអ្នកជំនាញខាងសេដ្ឋកិច្ច និងលោក យ៉ង សាំងកុមារ ជាអ្នកជំនាញខាងកសិកម្មជាដើម។ អ្នកទាំងនេះសុទ្ធជាអ្នករៀនសូត្រ ឬអនុវត្តបានជ្រៅជ្រះទើបបានក្លាយជាអ្នកជំនាញដូចសព្វថ្ងៃ។

ដោយឡែក អ្នកខ្លះទៀតមិនដឹងមកពីណាផង ក៏មកតាំងខ្លួនជាអ្នកជំនាញបកស្រាយផាច់ៗហើយមានអ្នកជឿគគោក។ តើអ្នកស្រឡាញ់មរតកធនរបស់ជាតិសុទ្ធតែជាអ្នកជំនាញឬ? ចម្លើយរបស់ខ្ញុំគឺ ទេ។ មែនហើយ ក្តីស្រឡាញ់ប្រាកដពុំអាចយកលុយមកទិញបានទេ ទាល់តែមានអ្វីមួយកើតឡើង ទើបធ្វើឲ្យដក់ជាប់ក្នុងក្រអៅដួងចិត្តកើតចេញជាក្តីស្រឡាញ់។ យ៉ាងណាក៏ដោយ ក្តីស្រឡាញ់នេះមិនគួរក្លាយជាការងប់ងល់ រហូតដល់ថ្នាក់លែងគិតត្រិះរិះពិចារណាសោះទេ។

ខ្មែរកើតជម្ងឺអ្វីឲ្យប្រាកដ?

កាលណាយើងខូចឡាន យើងត្រូវឲ្យជាងជួសជុលឡានពិនិត្យថាតើវាកើតថីឲ្យប្រាកដ។ ចុះបើសិនយើងយកឡានខូចទៅឲ្យជាងទូទរស្សន៍មើល តើបានការអ្វីកើត? ឬក៏មនុស្សម្នាក់អាចមានជំនាញច្រើនមុខបាន?​ មនុស្សម្នាក់អាចធ្វើម៉ូតូផង ឡានផង ទូរទស្សន៍ផង រទេះភ្លើងផង? ឬឡើងទូរទស្សន៍បកស្រាយសេដ្ឋកិច្ចផង? បើជាព្រះពិស្ណុការ ខ្ញុំប្រហែលជឿ ព្រោះព្រះអង្គជាទេពនៃមេជាងទាំងឡាយមិនថាខាងភ្លេង ឬសំណង់។ បើដូច្នេះ វាហាក់បីដូចជាការចែកគ្នាធ្វើតាមជំនាញបែបងាយយល់ដូច្នេះឯង។

ប្រការនេះហើយ ទើបខ្មែរមានពាក្យថា «ចាប់នេះ ចាប់នោះ មិនឆ្ពោះត្រង់ណា»។ បានសេចក្តីថា មនុស្សម្នាក់គួរមានជំនាញមួយហើយឲ្យច្បាស់ប្រាកដ។ ខ្ញុំមិនជឿទេថា មនុស្សខ្មែរខូចឡានក៏ទៅរកជាងឡាន ឈឺធ្មេញក៏ទៅរកជាងឡាន ស្ពានបាក់ត្រូវជួសជុលក៏ទៅរកជាងឡាន ឬប្រាសាទរលំក៏ទៅរកជាងឡាននោះទេ។ គ្រោះថ្នាក់នឹងកើតឡើងប្រាកដ ប្រសិននៅតែបណ្តោយបែបនេះទៀត។ ខាតទាំងពេល និងធ្វើឲ្យខូចខួរក្បាលទៀត។ យើងគួរតែទៅរកអ្នកជំនាញពិតប្រាកដឲ្យចំចំណុច ព្រោះគេដឹងរឿងនេះច្បាស់អាចធ្វើឲ្យយើងមានភាពរីកចម្រើន។

យ៉ាងណាមិញ វាអាស្រ័យនឹងប្រជាពលរដ្ឋខ្លួនឯងដែរ ដែលឆាប់ជឿគេពេកដោយមិនបានត្រិះរិះពិចារណា។ សូមកុំឃើញតែវីដេអូ៥នាទី ឬជួនកាលរូបថតតែ២ទៅ៣សន្លឹកក៏ចាត់ទុកថាបានការ រួចក៏បន្ទរតាមពីក្រោយបន្ទាប់ពីឃើញចំណងជើង។ អ្នកខ្លះមិនទាំងបានពិនិត្យដល់សេចក្តីនៃអត្ថបទនោះថាសមហេតុផល ឬអត់ទេ។ លុះដល់អ្នកជំនាញមែនទែនត្រូវនឹងសាច់រឿងមកបកស្រាយបំភ្លឺហេតុផល ក៏លែងជឿស្រឡះទៀត។ ជួនកាលអាចមកពីរាស្ត្រលែងជឿរដ្ឋ?

ពង្រឹងសមត្ថភាព

ការដែលមនុស្សហ៊ាននិយាយ ហ៊ានបកស្រាយ ហ៊ានបង្ហាញ បញ្ចេញមតិ គឺជាដំណើរការដ៏ល្អនៃសង្គមប្រជាធិបតេយ្យ។ ទោះយ៉ាងនេះក្តី ថ្វីបើវាជាការល្អក៏ពិតមែន ប៉ុន្តែរាល់ការបញ្ចេញមតិយោបល់មិនប្រាកដថា តែងតែត្រូវទាំងអស់នោះទេ ដែលទាមទារឲ្យមានការដេញដោលគ្នារកហេតុ និងផលឲ្យបានច្បាស់លាស់តាមលក្ខណៈវិទ្យាសាស្ត្រ។ ចំណែកឯអ្នកនៅជុំវិញនោះក៏គួរតែពិចារណាដែរ មិនមែនចេះតែជឿគេភ្លាមៗទេ។ និយាយឲ្យស្រួលស្តាប់គឺថា កុំឆាប់ចាញ់បោកគេពេក។ ខ្ញុំជឿថា ធ្វើដូច្នេះទើបសង្គមរីកចម្រើន។ ប៉ុន្តែបើគ្រាន់តែឃើញគេនិយាយបែបឡូយបន្តិចសោះ ស្រាប់តែជឿគេស្លុងទៅហើយ ថាតើភាពជាអ្នកចេះដឹងរបស់ខ្មែរទៅជាយ៉ាងណាទៅវិញ? បើងាយនឹងគេបោកបានម្លឹងៗ? ប្រការទាំងនេះបង្ហាញអំពី ភាពក្មេងខ្ចីនៃចំណេះដឹងរបស់មនុស្សខ្មែរដែលពុំទាន់មានសមត្ថភាពស្រាវជ្រាវ ត្រិះរិះ និងពិចារណារកចម្លើយត្រឹមត្រូវ ឬសមហេតុផលពិតប្រាកដនៅឡើយ។ ហេតុនេះហើយ អ្នកជំនាញត្រូវមានតួនាទីចាំបាច់ដែរ ក្នុងការពន្យល់បកស្រាយអំពីចំណេះដែលខ្លួនចេះប្រកប ដោយលក្ខណៈវិទ្យាសាស្ត្រឲ្យអ្នកមិនមែនជំនាញបានយល់ហេតុដែរ។

Advertisements