មនុស្សខ្វាក់ក៏ចេះចាយលុយ

ក្នុងសង្គមមួយតែងមានមនុស្សគ្រប់ប្រភេទខ្លះមានរូបសម្បត្តិល្អគ្រប់សព្វ ប៉ុន្តែអ្នកខ្លះទៀតមាន អ្នកពិការភ្នែក ខ្លះថ្លង់ ខ្លះពិការដៃជើង ខ្លះខ្សោយបញ្ញា ដែលពុំមាននរណាចង់ឲ្យវាលើខ្លួនយើងឡើយ។ អ្នកទាំងនេះគឺជាធាតុមួយរួមចំណែកបង្កើតភាពស៊ីវីល័យដល់សង្គម ដែលសង្គមមិនត្រូវព្រងើយកណ្តើយ។

ត្បិតពួកគេពិការ តែគេក៏ជាមនុស្ស ហើយត្រូវទទួលបានសិទ្ធគ្រប់គ្រាន់ដូចមនុស្សទូទៅ។ ដូច្នេះ ពេលដែលសង្គមធ្វើអ្វីមួយ គួរគិត គួរមានគោលនយោបាយល្អៗ ដើម្បីធានាថា ពលរដ្ឋគ្រប់ៗរូបទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ស្មើៗគ្នា ស្របនឹងគោលដៅអភិវឌ្ឍដោយចីរភាព ត្រូវពាក្យអង់គ្លេសថាSustainable Development។

រឿងតូចមួយក្នុងចំណោមរឿងធំៗដែលរដ្ឋអាចធ្វើបានគឺ ការបង្កើតក្រដាសប្រាក់សម្រាប់មនុស្សពិការភ្នែកបានចាយ។ ឧទាហរណ៍. ក្រដាស់ប្រាក់មានសណ្ឋាណរាងចតុកោណ មានរូប មានពណ៌ និងលេខ ដើម្បីឲ្យអ្នកប្រើអាចកំណត់បាននូវតម្លៃរបស់វាសម្រាប់ក្នុងសង្គមមួយដែលត្រូវការវា។ ប៉ុន្តែថាតើលុយប្រើសម្រាប់តែមនុស្សដែលអាចមើលឃើញវាទេឬ? តើមនុស្សពិការភ្នែកមិនគួរកាន់សាច់ប្រាក់ចាយវាយទេឬអ្វី?

ពាក្យចាស់ថា « យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក »។ រដ្ឋគួរបង្កើតក្រដាស់ប្រាក់ដែលមានទំហំខុសៗគ្នាទៅតាមចំនួននៃទឹកប្រាក់ ពោលគឺ ពីក្រដាសប្រាក់ដែលមានតម្លៃតូចទៅធំ។ ដូច្នេះ មនុស្សពិការក៏អាចប្រើវាបាន ត្បិតពួកគេប្រើដៃជំនួសភ្នែក ដោយចាត់ថ្នាក់តម្លៃរបស់វាទៅតាមទំហំនៃក្រដាសប្រាក់ទាំងនោះ។

13012777_1069732973083804_972624506645211071_n

ដែលនិយាយទាំងអស់នេះ ដោយសារខ្ញុំជួបរឿងពិតផ្ទាល់តាមរយ:សាច់ញាតិរបស់ខ្ញុំម្នាក់ដែលពិការភ្នែកតាំងពីគាត់មានអាយុទើបបាន៣ឆ្នាំ។ ឥលូវ គាត់មានអាយុ៦០ជាងប្លាយទៅហើយ និងតែងរអ៊ូរទាំនឹងសាច់ប្រាក់ដែលពុំមានកំណត់ទំហំឲ្យបានច្បាស់លាស់។ ប៉ុន្តែគាត់មិនដែលនិយាយថា នឹងឈប់កាន់លុយនៅពេលណាឡើយ។

០៣/០៧/២០១៦

 

Advertisements