មរតក៖ មានតែក្តីស្រឡាញ់ ខ្វះការថែរក្សា

បើមើលតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រាល់ពេលដែលនិយាយពីមរតកប្រាសាទបុរាណ មនុស្សខ្មែរហាក់បង្ហាញក្តីស្រឡាញ់ចំពោះប្រាសាទនោះមោះមុតណាស់។

ខ្ញុំមិនច្បាស់ថា ចិត្តពួកគាត់ស្រឡាញ់ជ្រៅប៉ុណ្ណាទេ តែឃើញក្តីស្រឡាញ់នោះលែងគិតនឹកឃើញអ្វីផ្សេងទាំងអស់។ បើឃើញរូបភាពថ្មប្រេះ ឬចម្លាក់ត្រូវគេលួចដាប់ ឬអ្នកណានិយាយអ្វីប៉ះពាល់ប្រាសាទបន្តិច ប្រាកដជាបញ្ចេញសម្តីមកភ្លាមៗទាំងមិនបានគិតឲ្យវែងឆ្ងាយ។ ឆាប់ជឿគេ ដោយលែងស្តាប់ហេតុផល ភ្លេចប្រើការគិតអស់រលីង។ រាល់បញ្ហាគួរតែចាំមើលការបកស្រាយរបស់អ្នកជំនាញសិន។ ពុំនោះទេ គឺមិនខុសអីអំពីឈឺធ្មេញទៅរកពេទ្យភ្នែក។

បើគ្រាន់តែស្រឡាញ់មិនគ្រប់គ្រាន់ទេ ត្រូវតែមានគំនិតថែរក្សា។ ថែនោះសោតត្រូវចេះរបៀបថែតទៅទៀត។ រូបខាងក្រោមថតនៅប្រាសាទព្រះឥន្ទ្រកោសី កណ្តាលក្រុងសៀមរាប ជារូបសិលាចារឹកដែលគេចារជាប់នឹងប្រាសាទ(K.262)មានកាលបរិច្ឆេទ គ.ស៩៦៨។ នៅចុងសិលាចារឹកមានអក្សរសម័យថ្មីប្រើទឹកខ្មៅសរសេរថា «បំរាម! ហាមសរសេរអក្សរលើផ្ទាំងសិលាទាំងនេះ» ហើយមានសរសេរជាអង់គ្លេសពីក្រោមទៀតថា« Don’t write on this pillar because they are important for [world].

DSC02489

អ្នកសរសេរនេះមានបំណងល្អ ហើយស្រលាញ់មរតកនេះសម្បើមណាស់ ទើបមានចិត្តឈឺឆ្អាលចង់ថែរក្សាសម្បត្តិវប្បធម៌ដែលគ្មានអ្វីមកដោះដូរបាន។ ប៉ុន្តែខ្លួនគាត់ហាមគេទាំងភ្លេចថា ខ្លួនឯងបែរជាសរសេរលើសិលាទៅវិញ។ ប្រការដូច្នេះហើយ មនុស្សខ្មែរគួរណាស់ត្រូវចេះពីរបៀបថែរក្សាផង មិនមែននិយាយថាស្រលាញ់ឲ្យរួចតែពីមាត់។

Advertisements