មូលបដិមាដូចមូលគ្រួសារ

ថ្មីៗនេះមានព្រឹត្តិការណ៍មួយកើតឡើងនៅប្រាសាទបាយ័ន ខ្មែរក្តី បរទេសក្តីសុទ្ធសឹងដឹងអំពី រឿងមិនគួរកើតនេះ។ បដិមារូបនោះបែកបាក់យ៉ាងដំណំ បន្ទាប់ពីបានប៉ះពាល់ដោយនារីម្នាក់នោះ។ អាជ្ញាធរអប្សរាបានជួសជុល និងរៀបចំធ្វើពិធីអភិសេកបដិមានោះ ហើយយកបដិមានោះទៅដាក់នៅកន្លែងដើម ដូចពីមុនវិញ។ ឯនៅទីនេះ ខ្ញុំសូមងាកទៅមើលប្រវត្តិសាស្ត្រមួយនាប្រាសាទអង្គរវត្ត។

IMG_1892
អភិសេកពុទ្ធបដិមានៅប្រាសាទបាយ័ន

នៅថែវខាងកើតអង្គរវត្តទល់មុខមានចេតិយមួយ។ ចេតិយនេះត្រូវអ្នកស្រាវជ្រាវជឿថា ជារបស់មន្ត្រីធំម្នាក់ឈ្មោះ ជ័យនន្ទ។ ត្បិតយើងយោងទៅតាមសិលាចារឹកសម័យកណ្តាលមួយដែលអ្នកស្រាវជ្រាវឲ្យលេខរៀងថា IMA 38[ទាញយក]។ សិលាចារឹកនេះចារនៅគ.ស១៧០១ និងមានទីតាំងចំពីមុខចេតិយដែលគេចារជាប់នឹងថែវប្រាសាទ។ គាត់ជាមន្ត្រីកាន់ការធំម្នាក់នាពេលនោះ។ ក្នុងសិលាចារឹកនោះទៀតសោត រៀបរាប់ថា គាត់ព្រាត់ប្រាស់ប្រពន្ធកូនបងប្អូន ហើយគាត់បានយកធាតុអ្នកទាំងនោះមកបញ្ចុះនៅចេតិយជាមួយគ្នាមួយ និងប្រាថ្នាជាតិណាៗឲ្យមូលគ្នាទៀត។

DSC_1063
ចេតិយជ័យនន្ទ

សម្រង់សិលាចារឹក៖

[…] ៣២. កាលឥតនឹងប្រពន់[ប្រពន្ធ]  សោកលើសលន់ទន់ឥន្ទ្រីយ  ហើយកព្រះចេតិយ  ទុកធាតុនីបីនឹងកូន។ ៣៣. រីឯកូនទាំងពីរអង្គ  ឪពុកផ្ចង់ធ្វើបុណ្យជូន  ប្រកបម្តាយនឹងកូន  អ្នកអិមអោងនៅមួយស្ថាន។ ៣៤. ហើយសាងព្រះបាក់បែក  បាក់ជញ្ជែកបែកអង្គប្រាណ  ខ្ចាត់ខ្ជាយអន្តរធាន  បាក់អស់ប្រាណជាកំណាត់។ […] ៣៦. ខំរករើសប្រមូល  បោះភ្ជាប់ចូលមូលរូបកាយ  បិតមាសអស់ទាំងឡាយ  ជាពន្រាយល្អមានទ្រង់។ […] ១៣១. ខ្ញុំសូមបងប្អូន  ញាតិផៅអស់កូន  សំឡាញ់ភរិយា  បងរស់នាងបែន  សូមកើតមូលគ្នា  ខ្លួនខ្ញុំនេះណា  សួសពៅអិមអោង។ […]

DSC_1038
សិលាចារឹកជ័យនន្ទ (IMA.38)

គាត់ខិតខំសន្សំកុសលយ៉ាងច្រើនក្នុងនោះមាន សង់សាលាវិហារ ប្រោសខ្ញុំ សិតបដិមាជាដើម។ល។ អ្វីដែលគួរសម្គាល់គឺថា គាត់បានថែមទាំងសាងរូបបដិមាបែកបាក់ឲ្យមូលគ្នាឡើងវិញ ហើយបិទមាសយ៉ាងភ្លឺត្រចង់។ ប្រការដែលសំខាន់ទីនេះគឺ ប្រមូលបំណែករូបបដិមាដែលបែកបាក់នោះឲ្យមូលគ្នាវិញ ដូចគ្រួសារមួយដែលបែកបាក់គ្នា ឲ្យមូលគ្នាមានប្តីប្រពន្ធកូនសាច់ញាតិដូច្នេះដែរ។ ទីនេះហើយដែលធ្វើឲ្យខ្ញុំគិតទៅដល់រូបដែលទើបបាក់បែកនោះ។