ឡើងមាឃនៅភូមិចុងឃ្នៀស

រៀងរាល់៣កើតខែមាឃ អ្នកភាគខាងជើងដូចជាសៀមរាប បន្ទាយមានជ័យតែងតែធ្វើពិធីឡើងមាឃ។ គេធ្វើពិធីនេះនៅតាមភូមិរបស់គេរៀងៗខ្លួន។ ម្តងម្កាល ខ្ញុំឮគេហៅថា ឆាន់ភូមិ។ សូមអានអត្ថបទរបស់លោកគ្រូ អាំង ជូលាន ទីនេះ

DSC00766

នៅភូមិខ្លះ គេធ្វើនៅតាមទួលក្បែរត្រពាំងចាស់ៗ ខ្លះទៀតធ្វើនៅតាមសាលាឆាន់។ តែនៅចុងឃ្នាស គេធ្វើនៅលើផ្លូវ ឬជួនកាលនៅទីទួលដែលពុំលិចទឹក។ ទីនេះខុសពីអ្នកស្រុកលើ(អ្នកនៅខាងជើង) មិនមានបួងសួង ឬមិនមានពូនភ្នំស្រូវអ្វីទេ ត្បិតអ្នកទីនេះស្ទើរទាំងអស់ជាអ្នកនេសាទនៅទន្លេសាប។ ម្ល៉ោះហើយ ទន្លេជារឿងសំខាន់។

ឡើងមាឃ
ឡើងមាឃ

នៅតាមដំណាក់នីមួយៗចេញពីភ្នំក្រោមធ្លាក់ទៅដល់ទន្លេ មានអ្នកតាសច្ចំបង់បទ ឬហៅថាអ្នកតា ឬហៅថាបារមីនៅតាមទីដំណាក់ទាំងនោះ។ ដល់ពេលឡើងមាឃនេះ គេអញ្ជើញរូបទាំងនោះឲ្យមកសណ្ឋិតកាន់នៅតាមសម្បកនីមួយៗ។ សម្បកទាំងនោះជាប្រុសផង និងស្រីផង។ រូបបារមីទាំងនោះចូលមកកាន់សម្បក ហើយរេរាំ ខ្លះកាន់ដាវ ដំបងសិល្ប សៀតកាំភ្លើង។ល។

DSC00904

ដល់ថ្ងៃទីពីរ គេបញ្ជូនជាអាហារសំណែនទៅតាមទីដែលអ្នកតាទាំងនោះគង់នៅ ដើម្បីឲ្យអ្នកតានោះយកទៅលៀងឲ្យព្រាយបីសាច ពួកងងិត(ខ្យល់) ហើយកុំឲ្យមកបៀតបៀនមនុស្សម្នាជាកូនចៅរបស់អ្នកតានោះ។DSC00945

Advertisements