អ្នកតាទនៅជ្រុងបារាយណ៍ខាងកើត

ទីតាំងរបស់អ្នកតានេះស្ថិតនៅកែងជ្រុងឥសាននៃអតិតបារាយណ៍យសោធរ (បារាយណ៍ខាងកើត)ក្នុងភូមិអូរទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។  នៅខាងកើតនេះបន្តិចគឺ ប្រាសាទទ ដែលប្រហែលសង់នៅស.វទី១៣នៃគ.ស។ ផ្អែកតាមសិលាចារឹកដែលរកឃើញនៅជ្រុងទាំង៤នៃបារាយណ៍ យើងអាចដឹងថា នៅដើមស.វទី៩ ព្រះបាទយសោវម៌្មន(ទី១)បានបញ្ជារឲ្យជីកបារាយណ៍នេះ ហើយឲ្យឈ្មោះថា យសោតដាក។

East Baray.jpg
បារាយណ៍ខាងកើត

ពាក្យ«ទ»ទីនេះគួរឲ្យយកមកពិចារណា។ ឧទាហរណ៍យើងធ្វើ«ទ»នៅតាមដំបូលផ្ទះគឺបង្កើតឲ្យមានផ្លូវសម្រាប់ទឹកហូរទៅទីដែលគេរៀបចំឲ្យទឹកនោះទៅ។ ប្រព័ន្ធទឹកដែលបង្ហូរចូលបារាយណ៍នេះអាចមាន២ មួយគឺនៅក្បែរអ្នកតាទនេះ និងមួយទៀតនៅកណ្តាលទំនប់ផ្នែកខាងកើតត្រង់ទីដែលគេហៅថា ក្រោលរមាស [សូមអាន]។

ក្នុងឯកសារបារាំងរបស់លោក Étienne Aymonier ដែលធ្លាប់ដើរចុះបញ្ជីប្រាសាទក្នុងតំបន់អង្គរឆ្នាំ១៨៨២ថា ក្រុមបារាំងឃើញមានបង្គោលចម្លាក់ និងមានអគារថ្មបាយក្រៀម ព្រមទាំងសិលាចារឹក (K.280, K.281, K.282, K.283) តាមជ្រុងទាំង៤នៃបារាយណ៍ដូចគ្នា។ សិលាចារឹកទាំងនេះមានមួយចំនួនរក្សាទុកក្នុងអភិរក្សអង្គរ។ សព្វថ្ងៃ យើងអាចទៅដល់អគារថ្មបាយក្រៀមនៅផ្នែកខាងកើតនៃបារាយណ៍បានងាយ។ ចំណែកនៅផ្នែកខាងលិចមានព្រៃច្រើនពិបាកនឹងទៅដល់បន្តិច។

CAM10849_1932.jpg
អគារថ្មបាយក្រៀមនៅជ្រុងពាយ័ព្យ (EFEO. 1931)

នៅជ្រុងឥសានត្រង់ចំណុចអ្នកតាទ បារាំងបានថតរូបទីនោះនៅឆ្នាំ១៩៣១ ហើយឃើញមានបង្គោលចម្លាក់៤ធ្វើពីថ្មភក់ និងអគារថ្មបាយក្រៀម១។ សព្វថ្ងៃ យើងនៅអាចឃើញសសរអគារថ្មបាយក្រៀម និងបង្គោលចម្លាក់បីនៅទីនោះ។ ទីនេះត្រូវអ្នកស្រុកហៅថា «អ្នកតាទ» ត្បិតគេយល់ថា ទីនេះជាក្លោងទ្វារដែលមានទំនាក់ទំនងនឹងប្រាសាទទនោះដូចដែលខ្ញុំរៀបរាប់ពីខាងលើ។ ទីនេះទៀតសោត អ្នកស្រុកតែងទៅបន់ស្រន់ម្តងម្កាលដែរ។

ចំណែកនៅជ្រុងអាគ្នេយ៍ អគារថ្មបាយក្រៀមមួយក្នុងចំណោម៤នោះត្រូវគេជីកកកាយបាតគ្រឹះនៅសល់តែសសរថ្មបាយក្រៀមមួយឈរទ្រឹងតែឯង។ ទីនេះ អ្នកស្រុកហៅថា ប្រាសាទជ្រុងមុំ។ ការហៅនេះមិនខុសអ្វីពីការហៅប្រាសាទជ្រុងដែលតាំងទីនៅតាមជ្រុងទាំង៤នៃកំពែងអង្គរធំ។

dsc_5281
អគារថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍

ដូចជម្រាបពីខាងលើថា ២ជ្រុងទៀតមានព្រៃច្រើនពិបាកនឹងទៅដល់។ ដូច្នេះ ខ្ញុំសូមបង្ហាញពីបច្ចុប្បន្នភាពនៃអគារថ្មបាយក្រៀមតែ២នេះសិន។

_______________

ក្នុងដំណើរចុះបញ្ជីឆ្នាំ១៨៨២ដែរនោះ គេក៏រកឃើញសិលាចារឹក(លេខK.279) នៅខាងត្បូងបារាយណ៍ប៉ែកខាងអាគ្នេយ៍ត្រង់ទីដែលគេហៅថា ប្រាសាទព្រៃប្រាសាទ។ តាមពិត ទីនេះគឺជាអាស្រមមួយក្នុងចំណោមអាស្រមទាំង៥ដែលសង់ជុំវិញបារាយណ៍នៅក្នុងរាជ្យព្រះបាទយសោវម៌្មន(ទី១) ប៉ុន្តែបារាំងពេលនោះមិនទាន់ដឹងថាទីនេះជាអាស្រមឡើយ ទោះបីបានពន្លឺខ្លះៗពីសិលាចារឹកនោះហើយក៏ដោយ។ សិលាចារឹកនេះរៀបរាប់កិច្ចការទូទៅនៅក្នុងអាស្រម ហើយក៏មាននិយាយអំពីបុណ្យ«ស្រាធ» ឬពិធីបោះបាយបិណ្ឌដែរ។ ២៩ឆ្នាំក្រោយមកទៀត លោក Lunet De Lajonquière ជាអ្នកចុះបញ្ជីប្រាសាទមួយរូបដែរយល់ថា អាស្រមនោះអាចជាប្រាសាទមេបុណ្យ(ខាងកើត)។

អំពីប្រាសាទព្រៃប្រាសាទនេះមានការសិក្សាជាអត្ថបទតូចមួយ[ទាយយក]។ អាស្រមទាំង៥សុទ្ធតែមានស្នាមផ្លូវភ្ជាប់មកបារាយណ៍ទាំងអស់។ អាស្រមក្នុងរាជ្យរបស់ព្រះអង្គកំពុងមានការសិក្សាដោយសាលាបារាំងចុងបូព៌ា(EFEO) ក្រោមគម្រោងឈ្មោះថា យសោធរាស្រម។ លើសពីនេះទៅទៀត បុរាណវិទូម្នាក់កំពុងបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតអំពី ការស្រាវជ្រាវអាស្រមក្នុងរាជ្យរបស់ព្រះអង្គដែរ។

Advertisements