អ្នកផ្ទេរ និងអ្នកស្នង

មរតកវប្បធម៌សំដៅលើគ្រប់អ្វីៗដែល«សល់»ពីជំនាន់មួយទៅមួយទៀត។

មរតកវប្បធម៌ត្រូវគេចែកជា២ គឺរូបី និងអរូបី។ តាមពិត ទាំង២នេះសឹងថាមិនអាចចែកដាច់ពីគ្នាបានឡើយ។ ហាក់បីដូចជាកាក់ដែលមានមុខ២។ តែទំនោរអ្នកសិក្សាវប្បធម៌មុនៗ គេយល់អំពីតម្លៃមរតករូបីមុន។ ឧទាហរណ៍ អនុសញ្ញាស្តីពីមរតកអរូបីពិភពលោកទើបតែមាននៅឆ្នាំ២០០៣ប៉ុណ្ណោះ។ ផ្ទុយទៅវិញ អនុសញ្ញាមរតករូបីពិភពលោកមានតាំងពីឆ្នាំ១៩៧២។

មរតករូបីយើងអាចឃើញនឹងភ្នែក ពាល់នឹងដៃ ដូចជាប្រាសាទ សំណង់ចាស់ៗ…។ មរតកអរូបីមានដូចជា ចំណេះ ជំនាញសិប្បកម្ម ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ ភ្លេង…។

ក្នុងនោះ មរតកអរូបីងាយបាត់បង់ខ្លាំង ព្រោះវានៅជាប់នឹងខ្លួនមនុស្ស។ ពោលគឺក្នុងក្បាលមនុស្ស ដែលបញ្ជារទៅដៃ។ ឧទាហរណ៍ អ្នកដែលចេះផ្ទាត់ចាប៉ីពិរោះ គឺទាល់តែអ្នកនោះមានចំណេះ ជំនាញដែលខ្លួនបានប្រតិបត្តិរាប់ឆ្នាំ។ ចំណេះអស់នេះស្ថិតនៅក្នុងខ្លួន។ ប្រសិនបើថ្ងៃណាមួយ អ្នកនោះទៅណាបាត់ទៅ អ្នកនោះក៏យកចំណេះនោះទៅជាមួយ។ ទៅរហូត!

DSC_1742

ម្លោះហើយ មរតកអរូបីត្រូវការ«អ្នកផ្ទេរ និងអ្នកស្នង» ដើម្បីឲ្យវានៅតចីរកាលទៅមុខ។ ទោះបីបានចងក្រងទុកក៏ដោយ ក៏មិនស្នើនឹងការប្រតិបត្តិបន្តឡើយ។

Advertisements