៣កើតខែពិសាខ

ពាក្យ«ឡើង»ទីនេះគឺ គោរព។ ឡើងអ្នកតា គឺគោរពអ្នកតា។ ហេតុដែលត្រូវគោរពអ្នកតា ព្រោះអ្នកតាជាអមនុស្សសំខាន់ខ្លាំងណាស់នៅក្នុងវិស័យកសិកម្ម។ ពោលគឺដី។ គេជឿថា អ្នកតាតំណាងឲ្យដីភូមិករទាំងមូលដែលមានព្រំដែនច្បាស់លាស់។ បើឡើងត្រូវកន្លែង អ្នកតាក៏ពេញចិត្ត ភោគផលក៏បានច្រើនតាមនោះដែរ។

អ្នកតាអាចមានតួនាទីលើសពីវិស័យកសិកម្ម ព្រោះថាមនុស្សទៅពឹងអ្នកតារាល់ពេលដែលខ្លួនមានមន្ទិល ឬជម្ងឺដង្កាត់ផ្សេងៗផង។

តាមភូមិស្រុកមួយចំនួននៅតំបន់អង្គរបន្តប្រពៃណីឡើងអ្នកតា២ដងក្នុង១ឆ្នាំ។ ឧទាហរណ៍នៅភូមិទ្រៀក និងភូមិក្រសាំងលើងដែលចំណុះឲ្យវត្តអធ្វាជាដើម។ អ្នកភូមិនេះឡើងអ្នកតា២ដងក្នុងមួយឆ្នាំយ៉ាងទៀងទាត់ គឺនៅថ្ងៃ៣កើតខែមាឃ និង៣កើតខែពិសាខ។ ខែមាឃ គឺជាពេលដែលផលស្រូវត្រូវប្រមូលហើយរួចរាល់។ ចំណែកខែពិសាខ គឺជាពេលចាប់ផ្តើមធ្វើស្រែ។ កាលបរិច្ឆេទនេះស្របគ្នានឹងវដ្តស្រូវ៖ ដាំដុះ និងប្រមូលផល។ ពេលធ្វើស្រែទៅជួបអ្នកតាម្តង ដល់ពេលប្រមូលផលចប់សព្វគ្រប់ក៏ទៅជួបអ្នកតាម្តងទៀត។ មនុស្សត្រូវការភ្លៀង ហេតុនេះក៏ព្យាយាមរកកលធ្វើម្តេចឲ្យទាក់ទងទឹកភ្លៀងបាន ហើយគ្មានអ្នកណាក្រៅពីអ្នកតា។

DSC_0400
ឡើងអ្នកតានៅប្រាសាទវត្តអធ្វា

នៅរៀងរាល់ថ្ងៃ៣កើតខែពិសាខ អ្នកស្រុកដែលនៅជុំវិញចំណុះជើងវត្តអធ្វាតែងតែឡើងអ្នកតាចាស់ស្រុកក្នុងគោលបំណងបន្តនូវប្រពៃណីពីមួយជំនួនទៅមួយជំនាន់។ ពិសេសគឺចង់ឲ្យបារមីដែលថែរក្សាប្រាសាទ ឬភូមិកររបស់គេនោះផ្តល់ក្តីសុខសប្បាយ ផ្លែផ្កា ហើយមានភ្លៀងគ្រប់គ្រាន់សម្រាប់ស្រែចម្ការដូចពោលពីខាងដើម។

ដើម្បីប្រាស្រ័យជាមួយអ្នកតា ឬបារមីទាំងនេះបាន គេត្រូវការរូបស្នងធ្វើជាស្ពានភ្ជាប់ពីមនុស្សទៅអមនុស្សនោះ។ រូបស្នងដើរតួនាទីយ៉ាងចាំបាច់ឲ្យអមនុស្សចូលសណ្ឋិត។

អមនុស្សតាំងលំនៅនៅប្រាង្គប្រាសាទវត្តអធ្វា បរិវេណប្រាសាទ និងទីទួលដែលនៅជុំវិញនោះ ហើយដែលមានឈ្មោះដូចតទៅនេះថា មហារាជ, មហាជម្ពូ, យមរាជ, តាតំបងដែក, នាគខៀវ, នាគក្រហម, ហនុមាន, ចៅប្រុក, ចៅប្រុញ, តាមឿង, ដូនប៉ុក។ បារមី ឬអ្នកតាទាំងនេះមានរូបស្នងបញ្ចូលទៅតាមលំដាប់លំដោយ និងមានវង់ភ្លេងមេមត់ ដែលជួនកាល គេហៅភ្លេងអារក្សលេងថ្វាយផង។ ដំបូង គេត្រូវឡើងអ្នកតាចេញពីប្រាសាទតទៅទួលយាយប៉ុកដែលនៅក្នុងភូមិ រួចមកបញ្ចប់នៅទីទួលដែលអ្នកស្រុកហៅថាទួលតាមឿង (ទួលខាងលិចប្រាសាទ)។

DSC_0702
ឡើងតាមឿងនៅខាងលិចវត្តអធ្វា

ក្នុងចំណោមអ្នកតាទាំងនេះ មហារាជមានឋានៈធំលើសគេ។ នៅពេលដែលរូបមហារាជចូលសណ្ឋិតក្នុងរូបស្នង អ្នកស្រុកចាស់ក្មេងមកឱនក្បាលសុំក្តីសុខសប្បាយ សុំអំបោះចងដៃ ស្តោះផ្លុំមនុស្សម្នាផ្សេងៗផង។ល។ ពាក្យ «រាជ» មានន័យសំដៅថា ស្តេច។ នៅតំបន់អង្គរ អ្នកតាដែលមានឋានៈធំជាងគេបង្អស់គឺ តារាជនៅក្លោងទ្វារខាងលិចប្រាសាទអង្គរវត្ត ដែលអ្នកស្រុកស្គាល់ថា «គុកតារាជ»។

DSC_0717
បញ្ជូនអ្នកតា

ក្រោយពេលបញ្ចូលចប់សព្វគ្រប់ គេមានកិច្ចបញ្ជូនអ្នកតាឲ្យទៅភ្នំគូលែន។ គេធ្វើជារូបកូនឡានក្រដាស់ដើម្បីសន្មតថា ធ្វើជាយានជំនិះឲ្យអ្នកតាទាំងនោះបានទៅដល់ភ្នំគូលែន។ គេចាក់បាយសម្លដែលសែនថ្វាយអ្នកតាចូលទៅក្នុងរថក្រដាស់នោះ ហើយសែងសំដៅទៅទិសខាងជើង។ ជាលក្ខណៈភូមិសាស្ត្រ ភ្នំគូលែនស្ថិតនៅខាងជើងខេត្តសៀមរាប។ ប៉ុន្តែបើជាថ្ងៃ៣កើតខែមាឃវិញ គេថាបញ្ជូនអ្នកតាទៅខាងត្បូងដែលមានទន្លេសាប។ ហេតុនេះ គេធ្វើជំនិះជាទូកវិញ។ ហាក់បីដូច អ្នកតាផ្លាស់ទីចុះឡើងទៅតាមទឹកឡើងទឹកស្រក។