អនិសង្សស្តាប់

សិលាចារឹកប្រាសាទសង្ឃះ(K.218) ចារនៅស.វទី១១

សេចក្តីសម្រួលថា «កាលបើយើងបានស្តាប់ការនិទានអំពី រាមាយណ(រាមកេរ្តិ៍) បុរាណ និងមហាភារត ប្រៀបបានដូចទន្លេគង្គា ដែលហូរពីកំពូលស្តេចភ្នំមកលាងបាបកម្មនៃពិភពលោក»។

ទំនៀមនេះហាក់មិនទាន់រសាត់ទៅណាទេ។ ជាក់ស្តែងពេលចប់ពីច្រូតកាត់រួច នៅតាមវត្តខ្លះ គេធ្វើពិធីបុណ្យទេសមហាជាតក ឬទេសនាមហាវេស្សន្តរជាតក។ មានមនុស្សម្នាមូលមីចំណុះជើងវត្តមកទីជិតឆ្ងាយមកស្តាប់ទេសនាដែលទេសដោយព្រះសង្ឃនៅតាមវត្តនោះ។

ទេសមហាជាតិ នៅវត្តប្រដាក
ទេសមហាជាតិ នៅវត្តប្រដាក

ពេលទេសចប់កណ្ឌទាំង១៣ហើយ ព្រះសង្ឃក៏នឹងទេសអនិសង្សនៃការស្តាប់មួយចប់ដើម្បីបង្ហើយ។ អនិសង្សនោះមាននិយាយច្រើនដូចថា បើអ្នកណាស្តាប់បាន១កណ្ឌបានបុណ្យប៉ុណ្ណេះ ឬស្តាប់៤កណ្ឌបានបុណ្យប៉ុណ្ណោះ។ ទោះបីអង្គុយស្តាប់ទាំង១៣កណ្ឌក៏ដោយ ក៏មិនស្មើនឹងស្តាប់បាន១កណ្ឌឡើយ ប្រសិនបើអ្នកនោះស្តាប់ឲ្យតែចប់។

ទេសមហាជាតិ នៅវត្តចេតិយ
ទេសមហាជាតិ នៅវត្តចេតិយ

សូម្បីចុងបញ្ចប់នៃសៀវភៅវេស្សន្តជាតកក៏មាននិយាយដែរថា ហៃសាធុសប្បុរសទាំងឡាយអើយ ថាបើបុរសបុគ្គលណាបានសា្តប់ត្រាប់ត្រងរងរសអាថ៌ធម៌វិសេសទេសនាមហាវេស្សន្តរជាតកនេះហើយ ក៏សឹងរំដោះប្រាសចាកទុក្ខសោករោគភ័យចង្រៃឧបទ្រពផងទាំងឡាយ ទោះនៅក្នុងលោកិយ ក៏ប្រសើរលុះអនាគតកាល[…]។

Advertisements