ខ្ញុំតែងសួរគេដើម្បីរៀនពីរបៀបឆាកហ៊ោ

«ខ្ញុំចូលចិត្តស្រែកឆាកហ៊ោ ព្រោះថាសម្លេងរបស់វាពិរោះធ្វើឲ្យយើងសប្បាយ អធិកអធម វាហាក់ដូចជាការប្រកូកប្រកាសដល់អារក្សទេវតា ឬក៏ស្រែកបញ្ជារទ័ពឲ្យមានភាពអធិកអធម។ សម្លេងមនុស្សប្រុសមិនពិរោះដូចមនុស្សស្រីទេ។ អ្នកដែលឆាកហ៊ោបានពិរោះ ទាល់តែសម្លេងនោះមុត លះ ច្បាស់ ស្រួយ ឆ្មាល់[] តូច។»

DSC_0538
លោក រក្សា

«នៅឆ្នាំ២០០៧ ខ្ញុំធ្វើការងារខាងកសិកម្មនៅអាជ្ញាធរអប្សរា។ ខ្ញុំបានទៅឃើញអ្នកភូមិស្រែកឆាកហ៊ោតំបូងបង្អស់ ក្នុងពិធីបួសនាគរបស់អ្នកភូមិអូរទទឹង ក្នុងឃុំប្រដាក ហើយក៏ចាប់ផ្តើមស្រឡាញ់ តែមិនហ៊ានស្រែកហ៊ោនឹងគេទេ។»

វីដេអូឆាកហ៊ោក្នុងពិធីកោរជុក នៅភូមិតាត្រៃ

 

«តំបូង ខ្ញុំគិតថា មានតែចាស់ៗទេដែលអាចឆាកហ៊ោបាន។ តែក្រោយមក ខ្ញុំឃើញក្មេងស្រីៗធ្វើឆាកហ៊ោ ខ្ញុំក៏ចាប់ផ្តើមឆាកហ៊ោអមជាមួយគេដែលជាអ្នកស្រែកហ៊ោប្រចាំភូមិ។ ខ្ញុំតែងសួរគេដើម្បីរៀនពីរបៀបឆាកហ៊ោ។ លុះដល់ពេលមួយ នៅភូមិលាងដៃមានពិធីបុណ្យខ្មោច ខ្ញុំឆាកហ៊ោអមជាមួយយាយម្នាក់ឈ្មោះ វឿន។ គាត់ក៏ហុចមេក្រូឲ្យ ខ្ញុំក៏ចាប់ផ្តើមឆាកហ៊ោតែឯងតាំងពីពេលនោះមក។ ពេលខ្លះ អ្នកឆាកហ៊ោប្រចាំភូមិមិននៅ ខ្ញុំជួយស្រែកឆាកហ៊ោជំនួស។»

____________

លោកអ្នកនាងអាចអានអត្ថបទរបស់លោកគ្រូ គង់ វីរៈ ដែលមានលក្ខណៈក្បោះក្បាយ។ តែយ៉ាងណា ខ្ញុំសូមសង្ខេបខ្លីថែមទៀតថាយ៉ាងដូច្នេះ៖

ក្នុងទំនៀមទម្លាប់អ្នកស្រុកអង្គរតែងមានកិច្ចពិធីមួយចំនួនដែលតម្រូវឲ្យមានឆាកហ៊ោ៣ដង។ ពិធីបុណ្យសព ឡើងមាឃ ឆ្លងចេត្រ ចម្រើនអាយុ ឬបួសនាគជាដើម។ល។សុទ្ធតែមានធ្វើឆាកហ៊ោ។  ក្នុងពិធីទាំងនេះ គេតម្រូវឲ្យមានកិច្ចលើកទង់(ទង់លលក និងអភិធម្ម) កិច្ចបួងសួងអញ្ជើញព្រះ ពិសេសគឺដង្ហែឆ្លងដែលតែងតែមានឆាកហ៊ោ…។ ជួនកាល គេក៏ឆាកហ៊ោក្នុងកិច្ចបង្ហោះគោម ឬពេលបញ្ចូលអ្នកតាទៀតផង។ ហ៊ោនោះគឺដើម្បីឲ្យពិធីនោះកាន់តែអធិកអធម ខ្ញៀវខ្ញារ អឺងកង សប្បាយ។ បើប៉ះចំអ្នកដែលពូកែឆាកវិញនោះនឹងធ្វើឲ្យយើងព្រឺក្បាល ឬព្រឺរោម ហើយតាមភូមិនីមួយៗតែងតែមានអ្នកជំនាញខាងឆាកហ៊ោមិនដែលខាន។

ស្តាប់សម្លេងឆាកហ៊ោអ្នកភូមិពាក់ស្នែង

វីដេអូឆាកហ៊ោលើកទង់នៅភូមិពាម និងឆាកហ៊ោបួងសួងនៅភូមិស្រែចង្ហូត

 

 

Advertisements