ប្រវត្តិមួយនៃការស្នង

«ខ្ញុំចេះស្នងរូបតាំងពីអាយុ៦៦ឆ្នាំ[២០០២]។ ឥលូវ ខ្ញុំអាយុ៨០ឆ្នាំហើយ។ ពីដើម មីងខ្ញុំឈ្មោះអ៊ិញ ជាអ្នកស្នងពេលឆាន់សុំទឹកភ្លៀង។ ពេលមួយ គាត់ប្រាប់ ខ្ញុំឲ្យបន្តទៅ។ ខ្ញុំឆ្លើយថា ខ្ញុំមិនទទួលទេ ខ្ញុំមិនចេះទេ។ បានប៉ុន្មានឆ្នាំក្រោយមក គាត់ក៏ស្លាប់។ យើងទៅឆាន់នៅប្រាសាទ[ប្រាសាទមេបុណ្យខាងកើត]ដែរ តែមិនបានបញ្ចូលទេ។ អ្នកភូមិនេះធ្លាប់អញ្ជើញអ្នកមកពីតាកុះមកចូល តែរូបគេមិនព្រមចូល។

DSC_1840

ថ្ងៃមួយនោះ គេឆាន់នៅប្រាសាទដូចរាល់ឆ្នាំ ខ្ញុំទៅឆាន់ដូចគេដូចឯងដែរ។ ស្រាប់តែ ខ្លួនខ្ញុំញ័រញាក់។ ខ្ញុំសុំគេមកផ្ទះមុន តែគេឃាត់មិនឲ្យមកមុនទេ។ ខ្ញុំក៏រត់មកឲ្យរាងឆ្ងាយពីភ្លេងពីអីគេហើយ មិនដឹងជាយ៉ាងម៉េច ស្រាប់តែចូល ហើយដើរដល់ខាងជើងប្រាសាទ។ ពីពេលនោះមក ខ្ញុំចាប់ផ្តើមចេះរហូតមកដល់ឥលូវ។

ខ្ញុំធ្លាប់ឃើញក្មេងមួយដែលខ្ញុំចង់ឲ្យបន្ត តែក្មេងនោះមិនព្រម។ អ្នកដែលស្នងបាន ទាល់តែមិនចេះផឹកស៊ី ប៉ប៉ិនប៉ប៉ាន់[ចេះតែស៊ីនេះនោះតែផ្តេសផ្តាស់]។ ហើយអ្នកនោះមានសំណុំសង្វារពីកំណើត។ ឥលូវមិនទាន់រកឃើញអ្នកណាឲ្យស្នងទៀតទេ។»

 

Advertisements