ក្រុងយសោធរសតវត្សទី២១

មនុស្សជាច្រើនងឿងឆ្ងល់អំពីប្រព័ន្ធគ្រប់គ្រងអង្គរសព្វថ្ងៃរបស់អាជ្ញាធរអប្សរាថា ហេតុម្តេចទើបបានជាអាជ្ញាធរអប្សរាពុំអនុញ្ញាតឲ្យអ្នកស្រុកសង់ផ្ទះ នៅក្នុងតំបន់ការពារអង្គរបានស្រេចតែចិត្ត? ទោះបីមន្ត្រីអាជ្ញាធរអប្សរាតែងបកស្រាយបង្ហាញហេតុផលយ៉ាងណាក៏ដោយ តែហាក់ដូចជាត្រូវការវេលាយូរទៀតដើម្បីពន្យល់។

យើងដឹងគ្រប់គ្នាថា អង្គរជាទីក្រុងបុរាណមួយនាអតិតកាល។ តំបន់អង្គរមានស្លាកស្នាមមនុស្សតាំងទីតាំងដើមដំបូងនៃគ្រិស្តសករាជរបូតមក។ ទីក្រុងនេះចាប់ផ្តើមរីកធំឡើងៗ ទំនើបឡើងៗ ពិសេសនៅស.វទី៧-១៥នៃគ.ស។ ទាំងនេះធ្វើឲ្យអ្នកប្រាជ្ញឯកភាពគ្នាហៅថា «អារ្យធម៌អង្គរ»។ ត្បិតភស្តុតាងនៃភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច នយោបាយ សិល្បៈ និងសាសនា…ជាដើម មានច្រើនអនេក។

Angkor google
តំបន់អង្គរ (Google earth)

នៅឆ្នាំ១៩៩១ កម្ពុជាចូលជាប្រទេសហត្ថលេខីនៃអនុសញ្ញាយូណេស្កូឆ្នាំ១៩៧២។ ឆ្នាំ១៩៩២ អង្គរត្រូវបញ្ចូលក្នុងបញ្ជីមរតកវប្បធម៌ពិភពលោករបស់យូណេស្កូ។ ពីពេលនោះមក យូណេស្កូបានបង្ហាញជាសេចក្តីណែនាំឲ្យកម្ពុជាត្រូវបង្កើតកម្មវិធីគ្រប់គ្រង ដើម្បីថែរក្សាអង្គរឲ្យបានយូរអង្វែងតទៅជំនាន់មនុស្សក្រោយៗទៀត។ ហេតុដូច្នេះហើយ ទើបកម្ពុជាបង្កើតដែនសីមាកំណត់ការពារពីវិសាលភាពអង្គរ និងបង្កើតអាជ្ញាធរអប្សរានៅឆ្នាំ១៩៩៥  ដើម្បីឲ្យស្ថាប័ននេះទទួលខុសត្រូវរៀបចំ ការពារ និងគ្រប់គ្រងអង្គរឲ្យបានល្អ។

រយៈពេល១០ឆ្នាំក្រោយមកទៀត នាឱកាសកិច្ចប្រជុំគណកម្មការសម្របសម្រួលអន្តរជាតិ (ICC-ANGKOR) ដែលគេតែងតែធ្វើ២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្រ និងតាមដានកិច្ចការពារអភិរក្សអង្គរនោះ អ្នកជំនាញបានបង្ហាញក្តីកង្វល់អំពី ការកើនឡើងនៃចំនួនខ្នងផ្ទះ និងចំនួនប្រជាជនរស់នៅក្នុងតំបន់អង្គរ។ ក្នុងរយៈពេល១០ឆ្នាំជាងប៉ុណ្ណោះ អត្រាប្រជាជនរស់នៅក្នុងតំបន់ការពារ(១១២ភូមិ) បានកើនឡើងគួរកត់សម្គាល់។

Pop
ចំនួនប្រជាជនកើនក្នុងតំបន់ការពារ

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ការពារអង្គររួមចំណែកសំខាន់ជួយការពារ និងលើកតម្លៃអង្គរ ឲ្យប្រាសាទក្នុងតំបន់អង្គរមានព្រលឹង ឬក៏ថា មានជីវិតតាមរយៈការគោរពប្រតិបត្តិពីអ្នកស្រុកអង្គរទាំងឡាយ។ ប៉ុន្តែបើចំនួនប្រជាជនច្រើនពេក វានឹងងាយកើតជាផលប៉ះពាល់ដល់មរតកវប្បធម៌ទៅវិញ។

កាលណាមានមនុស្សរស់នៅ យើងត្រូវគិតដល់ការអភិវឌ្ឍន៍ដូចយ៉ាង សំណង់ ការគ្រប់គ្រងទឹកប្រើប្រាស់ និងអនាម័យជាដើម។ ឧទាហរណ៍ មនុស្ស១០នាក់ត្រូវការប្រើទឹក៤គីបក្នុង១ថ្ងៃ។ បើមនុស្ស១០០នាក់ ឬ១០០០នាក់ ឬ១០០០០០នាក់ តើនឹងត្រូវប្រើទឹកក្នុង១ថ្ងៃអស់ប៉ុន្មាន? អ្នកស្រុករស់នៅក្នុងតំបន់ការពារអង្គរស្ទើរទាំងអស់ប្រើប្រាស់ធនធានទឹកក្រោមដីតាមរយៈអណ្តូងលូ និងអណ្តូងស្នប់។ ករណីនេះបានជះឥទ្ធិពលខ្លាំងដល់ការគ្រប់គ្រងទឹកក្រោមដី ដែលជួយរក្សាលំនឹងរបស់ប្រាសាទ។ ប៉ុន្តែបើសិនជាប្រជាពលរដ្ឋតទឹកស្អាតតាមទុយោទឹកក្រោមដី ក៏រឹតតែបង្កផលប៉ះពាល់ថែមទៀត ព្រោះត្រូវជីកដីកាត់បុរាណដ្ឋាននេះខ្វាត់ខ្វែង។ ករណីនេះត្រូវការពិភាក្សាតទៅទៀត។

DSC_1878
ប្រាសាទបាតជុំ

ម្យ៉ាងទៀត នៅពេលដែលចំនួនប្រជាជនក្នុងតំបន់កើនឡើង ភូមិដ្ឋានទាំងមូលក៏ត្រូវរីកធំឡើងទៅតាមនោះដែរ។ ឧទាហរណ៍ដូចជាករណីបំបែកគ្រួសារ។ ពេលដែលកូនចៅរៀបការរួច ម្តាយឪពុកតែងចែកដីធ្លីឲ្យកូនទៅរស់នៅផ្សេង និងសង់ផ្ទះសម្បែងថ្មីតាមការគួរ។ ដូច្នេះ បើក្នុងមួយឆ្នាំមានគូរស្រករ១០០០គូរ វានឹងកើតទៅជា១០០០ផ្ទះ។ តើ១០ឆ្នាំ ឬ៥០ឆ្នាំទៅមុខ អង្គរនឹងក្លាយជាយ៉ាងណា? ទេសភាពដែលយើងបានឃើញសព្វថ្ងៃនឹងប្រែប្រួលទៅដូចម្តេច? ត្រពាំងបុរាណ ឬវាលស្រែនឹងត្រូវកប់ ហើយព្រៃឈើនឹងត្រូវកាប់ដើម្បីយកទីតាំងសង់លំនៅដ្ឋាន។

ដើម្បីដោះស្រាយការកើនឡើងនៃខ្នងផ្ទះ និងចំនួនអ្នកស្រុកក្នុងតំបន់ការពារ កម្ពុជាបង្កើតសេចក្តីសម្រេចលេខ ៧០ សសរ នៅឆ្នាំ២០០៤ សម្រាប់អនុវត្តក្នុងតំបន់ការពារទី១ និងទី២ ដែលមានចែងដូចខាងក្រោម៖

70 SSR

សេចក្តីសម្រេចនេះបង្កើតសម្រាប់ទប់នឹងការអភិវឌ្ឍន៍លើសកម្រិត ក្នុងបទដ្ឋានមរតកវប្បធម៌ពិភពលោក និងសម្រាប់រក្សាភាពដើមទេសភាពវប្បធម៌របស់អង្គរ។ ម្យ៉ាងទៀត សេចក្តីសម្រេចនេះជួយទប់នឹងចរន្តទិញដូរដីធ្លីក្នុងតំបន់ការពារទៀតផង។ បើសិនដីធ្លីក្នុងតំបន់អង្គរអាចលក់់ដូរតាមតែចិត្តនោះ ដីក្នុងតំបន់មួយចំណែកធំនឹងក្លាយជាកម្មសិទ្ធរបស់អ្នកចំណូលថ្មី។ ករណីបែបនេះកើតនៅហ្លួងព្រះបាងជាច្រើនឆ្នាំមកហើយ។ អ្នកស្រុកដើមចេញទៅរស់នៅឆ្ងាយពីក្រុងបុរាណ ព្រោះពួកគេលក់ផ្ទះ និងដីឲ្យទៅអ្នកចំណូលថ្មីដែលព្យាយាមស្វែងរកឱកាសពីវិស័យទេសចរណ៍។

ឬបើយើងចង់ជួបអ្នកស្រុកអង្គរ យើងត្រូវទៅជួបនៅដំដែកវិញ?

ក្រៅពីនេះ កម្ពុជាបានបង្កើតឲ្យមានភូមិមួយសម្រាប់អ្នកស្រុកអង្គរ ដែលចង់បែកផ្ទះចេញពីគ្រួសារ។ ភូមិរុនតាឯកនៅខាងកើតភ្នំបូកត្រូវរៀបចំឡើងសម្រាប់គ្រួសារ ដែលបានរស់នៅក្នុងតំបន់ការពារជាយូរមកហើយចង់បែកគ្រួសារចេញ។ ពីមួយថ្ងៃទៅមួយថ្ងៃ ភូមិរុនតាឯកមានការអភិវឌ្ឍន៍ទៅមុខ។ អ្នកស្រុកមួយចំនួនបានសម្រេចចិត្តបែកគ្រួសារចេញទៅរស់នៅទីនោះ។

dsc_4169
ភូមិរុនតាឯក

ជាការពិត ករណីបែបនេះមិនមែនមានតែស្រុកខ្មែរទេ។ តំបន់ជាច្រើនដែលបានបញ្ចូលជាមរតកវប្បធម៌ពិភពលោកតែងជួបរឿងស្រដៀងគ្នា។ ការអភិរក្សតែងបង្ករឲ្យមានការខ្វែងគំនិតគ្នារវាងអ្នកស្រុក និងអាជ្ញាធរគ្រប់គ្រងជានិច្ច។ ហេតុដូច្នេះហើយ ទើបអ្នកស្រាវជ្រាវខ្លះចង់ឲ្យមានតុល្យភាពរវាងការអភិវឌ្ឍន៍ និងការអភិរក្ស ក្នុងតំបន់មរតកវប្បធម៌ពិភពលោក ត្បិតវប្បធម៌តែងផ្លាស់ប្តូរទៅតាមសម័យកាល

ការស្រាវជ្រាវអំពីអង្គរជាង១សតវត្សមកនេះបង្ហាញនូវវិសាលភាពអង្គរកាន់តែធំ។ អ្នកស្រាវជ្រាវខ្លះពិចារណាពង្រីកតំបន់គ្រប់គ្រងបុរាណដ្ឋានអង្គរឲ្យធំជាងនេះទៀតផង។ ពេលនោះ បញ្ហារវាងអ្នកស្រុក និងអាជ្ញាធរក៏អាចកើតមានស្របគ្នាដែរ។ បញ្ហាទាំងនេះកើតឡើងដោយសារតែកត្តាច្រើនយ៉ាង ក្នុងនោះមានមួយគឺ ការយល់ខុសពីតម្លៃនៃការចុះបញ្ជីមរតកពិភពលោក។ បើប្រទេសហត្ថលេខីទាំងអស់(១៩៥ប្រទេស) ចុះបញ្ជីតំបន់របស់ខ្លួនទៅក្នុងមរតកពិភពលោក ព្រោះត្រឹមចង់បានកំណើនចំនួនទេសចរមួយមុខនោះ អនុសញ្ញាយូណេស្កូឆ្នាំ១៩៧២ហាក់ឃ្លាតចាកអត្ថន័យដើមទាំងស្រុង។

ដូច្នេះ មុននឹងបញ្ចូលតំបន់ដែលគេរស់នៅទៅក្នុងមរតកពិភពលោក តើយើងគួរបង្ហាញឧទាហរណ៍អំពីផលចំណេញ និងផលពិបាកមួយចំនួនជាមុនសិនឬទេ? ហើយតើយើងគួរបង្កើតការសិក្សាមតិអ្នកស្រុកជាមុនសិនទេ តើពួកគាត់យល់យ៉ាងណា? បើធ្វើដូច្នេះបាន បញ្ហារវាងអាជ្ញាធរ និងអ្នកស្រុកដែលកើតក្រោយពីការបញ្ចូលមរតកប្រហែលបង្រួមមកតូចទៅៗ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s