ចាក់ត្រពោករាហូ

បុណ្យសុំទឹកភ្លៀង ឬចាក់ត្រពោករាហូជា បុណ្យធំមួយដែលអ្នកស្រុកតាមភូមិ នៅខាងជើងប្រាសាទនាគព័ន្ធតែងមូលមតិគ្នាប្រារព្ធយ៉ាងអធិកអធម នៅប្រាសាទនាគព័ន្ធ។

ប្រាសាទនេះសង់នៅកណ្តាលបារាយណ៍ជ័យតដាក ដែលសព្វថ្ងៃអ្នកស្រុកហៅ«វាលរាជដាក»។ បើផ្អែកតាមសិលាចារឹកព្រះខ័ន និងចម្លាក់ផងនោះ អ្នកប្រាជ្ញយល់ថា នាគព័ន្ធសង់នៅរាជ្យព្រះបាទជ័យវម៌្មនទី៧។ ទីនេះជា«តិថ៌»ដ៏សំខាន់ក្នុងសម័យបុរាណ ត្បិតជាទីដែលគេជឿថា កោះរំដោះបាបកម្ម។ ទីនេះជាទីដែលអ្នកស្រុកទៅរកថ្នាំបានច្រើនប្រភេទ[សូមអាន]។

បើនិយាយពីនិមិត្តរូបប្រាសាទវិញ មានការសិក្សាចងក្រងជាអត្ថបទដោយអ្នកនិពន្ធផ្សេងៗ មិនក្រោម១០នាក់ឡើយ។

អ្នកស្រុកចាស់ៗអាចពន្យល់យើងបានច្រើនអំពីលោកធាតុវិទ្យានៃប្រាសាទនេះ។ គេចាំទៀតថា ប្រាសាទនេះតំណាងឲ្យភ្នំព្រះសុមេរុ(សុមែ)។ ភ្នំនេះព័ទ្ធដោយទ្វីប៤។ ទ្វីបខាងត្បូងនោះឈ្មោះជម្ពូទ្វីប។ គេពន្យល់ទៀតថា ខាងត្បូងនេះជាស្រុកខ្មែរយើង។

ក្នុងទ្រិស្តីលោកធាតុវិទ្យាពុទ្ធសាសនា ចក្រវាឡទាំងមូលមានភ្នំសុមេរុនៅចំកណ្តាល ហើយមានទ្វីប៤នៅតាមទិសទាំង៤។ នៅទិសខាងត្បូង គេហៅថា ជម្ពូទ្វីប និងជាទ្វីបដែលមនុស្សរស់នៅ។

នៅរាល់ដើមខែវស្សា អ្នកស្រុកមកជុំគ្នាធ្វើបុណ្យសុំទឹកភ្លៀង។ គេធ្វើពិធីបួងសួងអញ្ជើញទេវតា អញ្ជើញអ្នកតានៅតាមប្រាសាទមកបញ្ចូលជាដើមដូចជា រាហូ, នាគ, ជម្ពូទ្វីប និងស្រីគ្រប់លក្ខណ៍។

DSC03743.JPG
បញ្ចូលរូបរាហូ

លុះដល់ចង់បញ្ចប់នៃពិធី(កិច្ចឆ្លង) គេធ្វើកិច្ចបង្ហើយដោយដង្ហែ៣ជុំ និងចាក់ទឹកតាមមាត់រន្ធទាំង៤ទិស។ រន្ធនៅខាងកើតហូរចេញតាមមាត់រូបមនុស្ស។ គេហៅរូបក្បាលមនុស្សនេះថា រាហូ។ គេចាក់ទឹកចូលត្រពោករាហូ និងរូប៣ផ្សេងទៀតឲ្យទឹកនោះចេញតាមមាត់។ ធ្វើដូច្នេះក្នុងបំណងសន្មតថា ទឹកសម្បូរច្រើនហូរហៀរ។ លើសពីនេះទៀត អ្នកស្រុកជះទឹកដាក់គ្នាលេងសប្បាយក្នុងន័យកិច្ចនៃភាពត្រជាក់ត្រជុំ សុខចម្រើន។

DSC_0914.JPG
ចាក់ទឹកតាមទំពូករាហូ

ក្នុងគម្ពីរលោកធាតុពុទ្ធសាសនា អនោត្តស្រះជាស្រះដែលត្រជាក់ ព្រោះមិនដែលប៉ះនឹងពន្លឺថ្ងៃ។ ក្នុងចម្រៀងភ្លេងការបទ «ចេកទុំ» មានឃ្លាមួយនិយាយពីអនោត្តស្រះ (អរគុណលោក ថន ថាណារ៉ា) ៖

[…] ៤.ឱណាចេកអើយចេកទុំ ហូបកើតឱមាសប្រាក់ ដីផ្អែម ឱណាទឹកផ្អែមត្រជាក់ លោកមេបាអ្នកបានមកពីណា ៥.ឱណាទឹកអនោត្តស្រះ ឱថ្លៃខ្ញុំអើយណាលោកមេបា […]

ស្រះនេះពិសិដ្ឋណាស់ ពួកព្រាហ្ម តាបស ឥសីតែងទៅងូតទឹកទីនោះ។ ស្រះនេះហូរចេញតាមមាត់សត្វទៅកាន់ទាំង៤ទិសកើតជាទន្លេ៤ ដែលទិសនីមួយៗមានមុខសេះ មុខដំរី មុខតោ និងមុខគោ[សូមអាន]។ ត្រង់ថា នៅនាគព័ន្ធមានមុខមនុស្សគួរដាក់នៅប្រធានបទផ្សេង។ គម្ពីរនោះទៀតសោតនិយាយថា ទឹកដែលហូរទៅទិសខាងត្បូងនឹងហូរទៅដល់ជម្ពូរទ្វីប។

បើយើងងាកមកមើលកិច្ចពិធីដែលអ្នកស្រុកទាំងនេះប្រតិបត្តិវិញ មិនខុសពីគម្ពីរនេះឡើយ។ អ្នកស្រុកចាក់ទឹកតាមរន្ធទាំង៤នោះឲ្យទឹកចេញតាមមាត់រូបទាំង៤ បីដូចឲ្យទឹកនោះទៅកើតជាទន្លេ។ ពួកគាត់នេះជាអ្នកបន្តមរតកនេះពីសម័យបុរាណមក។ ជាទ្រិស្តីសាសនាអ្វីនោះពុំមាននៅសល់ទៀតឡើយ ដែលយើងឃើញនេះ គឺជាទំនៀមដែលវាសល់ពីបុរាណមក ត្បិតអ្នកស្រុកនេះបន្តប្រតិបត្តិពីជំនាន់មួយទៅមួយ។ និយាយឲ្យខ្លីគឺ ទ្រិស្តីបាត់ តែទំនៀមនៅ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s