ដួនរបស់ខ្មែរ ឬយួន?

មុននឹងអានអត្ថបទខាងក្រោម ខ្ញុំសូមឲ្យលោកអ្នកនាងអានអត្ថបទនេះសិន ៖ ដួន និង ដួនស្លឹកត្បែង។ ត្បិតអត្ថបទមួយនេះគ្រាន់តែបំពេញបន្ថែម លើអត្ថបទទាំង២លើនេះប៉ុណ្ណោះ។

ក្នុងបរិបទសង្គមខ្មែរនាពេលបច្ចុប្បន្នបានកំណត់ឲ្យថា បើអ្នកណាពាក់ឌួនដែលមានរាងជាស៊ីឡាំងស្តួចផ្នែកខាងចុងនោះថា ជាសាសន៍យួន។ គំនិតនេះត្រូវនឹងពាក្យអង់គ្លេសថា «Stereotype» គឺជាគំនិតដែលគិតកាត់យល់ទៅលើអ្វីមួយដោយខុស។

ជាតិសាសន៍លើលោកនេះ ប្រទេសណាក៏ដូចប្រទេសណា សហគមន៍ណាក៏ដូចសហគមន៍ណាដែរ។ ជាតិសាសន៍ទាំងនោះតែងព្យាយាមរក ឬចាប់យកអ្វីជាបរិស្ថានជុំវិញខ្លួនមកជារបស់ខ្លួន។ យូរៗទៅក៏បង្កើតជាអត្តសញ្ញាណជាប់លាប់ឥតរបេះទៀតផង។

DSC_1813
យាយម្នាក់ដេរដួននៅភូមិមួយក្នុងតំបន់អង្គរ

ឧទាហរណ៍ឲ្យងាយយល់អំពី ការយកផ្កាមកធ្វើជាអត្តសញ្ញាណប្រទេស។ កម្ពុជាយកផ្ការំដួល។ លាវយកផ្កាចំប៉ី។ ថៃយកផ្កាលឿងរាជ។ ម៉ាលេស៊ីយកផ្ការំយោល។ វៀតណាមយកផ្កាឈូក។ល។ តើកម្ពុជាគ្មានផ្កាទាំងនេះទេឬ? ទាំងនេះជារបៀបដែលក្រុមជាតិសាសន៍នីមួយៗ ព្យាយាមយកអ្វីដែលនៅជុំវិញខ្លួនមកធ្វើជាអត្តសញ្ញាណ។ យូរៗទៅ វាក្លាយជាគ្រឿងសម្គាល់របស់សហគមន៍ទាំងនោះ។ ដូចកាសែតខ្លះចូលចិត្តហៅប្រទេសកម្ពុជាខ្លួនឯងថា ប្រទេសរំដួល

កត្តាបរិស្ថានជុំវិញរួមចំណែកធំក្នុងការបង្កើតវប្បធម៌នៃសហគមន៍មនុស្ស។ យើងក្រឡេកមើលតែនៅស្រុកខ្មែរក៏ឃើញពីភាពខុសគ្នានៃសហគមន៍ខ្មែរ និងសហគមន៍ជនជាតិដើមភាគតិចនៅប៉ែកឦសានកម្ពុជា។ ខ្មែរសង់ផ្ទះឈើ ខ្ពស់ផុតពីដី ក៏ដោយសារតែអាកាសធាតុក្តៅពេលថ្ងៃ ត្រជាក់ពេលយប់។ ពេលថ្ងៃ យើងនៅក្រោមផ្ទះ។ រីឯព្នងសង់ផ្ទះផ្ទាល់ដី ព្រោះតែតំបន់នោះខ្ពង់រាប និងត្រជាក់។ គេមិនត្រូវការការពារទឹកជំនន់ ឬត្រូវការខ្យល់ត្រជាក់ទៀតទេ។

ដួនមិនមែនប្រើតែខ្មែរ ឬយួនទេ នៅប្រទេសលាវ  ឥណ្ឌូណេស៊ី  ថៃ  ភូមា និងចិនខាងត្បូងជាដើមក៏មានមួកដែលមានសណ្ឋានដូចគ្នាដែរ។ ដូច្នេះ តើវាជាកម្មសិទ្ធរបស់អ្នកណា? មួកដែលមានរាងបែបនេះ ពុំមែនជាកម្មសិទ្ធរបស់ប្រទេសទាំងឡាយនេះឡើយ។ តែយើងគួរនិយាយថា វាជា «អត្តសញ្ញាណរបស់អ្នកស្រុកអាស៊ីអាគ្នេយ៍ ឬក៏វប្បធម៌អាស៊ីអាគ្នេយ៍»។ វត្ថុធាតុដើមដែលគេប្រើសម្រាប់ធ្វើឌួនអាចធ្វើដោយរុក្ខជាតិផ្សេងៗខុសគ្នាពីតំបន់មួយទៅមួយ ត្បិតអាស្រ័យលើបរិស្ថានជុំវិញ។ រូបរាងវិញក៏មានលក្ខណៈខុសគ្នាបន្តិចបន្តួចដែរ ប៉ុន្តែមិនមែនខុសគ្នាដល់ថ្នាក់មើលមិនដឹងទេ។ នេះក៏ដោយសារតែវប្បធម៌តែងតែវិវត្តិន៍ឥតឈប់ និងទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក។ អ្នកស្រាវជ្រាវខ្លះលើកជាសំនួរថា បើខ្មែរមិនស្គាល់ឥណ្ឌា តើខ្មែរមានអង្គរវត្តទេ? ត្រឡប់មកវិញ មួកទាំងនោះនៅមានមូលដ្ឋានរាងដូចគ្នា គឺខាងក្រោមធំ ស្រួចផ្នែកកំពូល។

នៅពេលដែលវប្បធម៌នៃជាតិសាសន៍ណាមួយខ្លាំង ជាតិសាសន៍ផ្សេងៗដែលនៅក្បែរខាងប្រាកដជាទទួលឥទ្ធិពលតិច ឬច្រើន។ វាមិនខុសអ្វីពីទឹកដែលតែងតែហូរពីខ្ពស់មកទាប។ ជាតិសាសន៍មួយចំនួនធំប្រើដួននេះសម្រាប់បាំងថ្ងៃ ឬបាំងភ្លៀង។ តែដោយឡែក នៅវៀតណាម គេប្រើវាក្នុងន័យច្រើនយ៉ាង ឬក៏អាចនិយាយថា សាសន៍នេះព្យាយាមចាប់យកវាមកធ្វើជាអត្តសញ្ញាណនៃវប្បធម៌របស់ខ្លួនគេតែម្តង។ មិនខុសអ្វីពីយើងយកមួកស្លឹកត្នោតទេ។ គេព្យាយាមបង្ហាញប្រាប់ពិភពលោកថា មួកប្រភេទនេះជាអត្តសញ្ញាណមួយនៃប្រជាជាតិរបស់គេ។ បើយើងមើលក្នុងកម្មវិធីទេសចរណ៍ ឬក៏សកម្មភាពប្រចាំថ្ងៃតាមវាលស្រែចម្ការនៅប្រទេសវៀតណាម គេនឹងផ្តិតយកមនុស្សពាក់ដួនមិនដែលខានទេ។ នេះក៏មកពីគេយល់ថា វាជាអត្តសញ្ញាណមួយរបស់អ្នកស្រុកទាំងនោះ។

បើប្រៀបធៀបនឹងខ្មែរ កាលណានិយាយអំពីទេសភាពស្រុកខ្មែរ ជាងគំនូរនឹងគូរទេសភាពស្រុកស្រែដ៏ស្រស់ត្រកាលនាខែប្រមូលផល ឬខ្មែរវស្សាទឹកពេញស្រែ។ ក្នុងនោះសោត យើងតែងឃើញមានមនុស្សពាក់មួកស្លឹកត្នោត គោ ក្របី ដើមត្នោត ឬភ្នំបៃតងខ្ចី។ គំនិតនេះស្ថិតក្នុងខួរក្បាលរបស់ខ្មែរម្នាក់ៗ។ យូរៗទៅ វាក៏ក្លាយជាអត្តសញ្ញាណរបស់ខ្មែរដែរ។

ប៉ុន្តែវាជារឿងដ៏សោកស្តាយមួយ នៅពេលដែលយើងជាម្ចាស់របស់ដែលសោះនោះ តែយើងយល់ព្រមឲ្យវាទៅគេដោយស្រួលៗ។ យើងលែងទទួលស្គាល់វា ហើយក៏ប្រគល់វាឲ្យទៅគេ។ អ្នកស្រុកអង្គរចេះដេរដួនបន្តពីឪពុកម្តាយជីដូនជីតាមកនោះ ត្រូវគេបំភ្លេចចោល។

DSC_1803
ពាក្យហៅគ្រឿងបង្គុំដួន

ឧបមាថាថ្ងៃក្រោយទៅ យើងនាំគ្នាប្រើដួនច្រើនឡើងវិញ។ ពេលនោះ វាក៏អាចនឹងក្លាយជាអត្តសញ្ញាណរបស់យើងវិញផងក៏ថាបាន។ វាស៊ីសងនៅលើការនិយមប្រើប្រាស់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត យើងក៏មិនគួរភ្លេចដែរថា ថ្មីៗនេះកម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េខាងត្បូងរួមគ្នាបញ្ចូលល្បែងទាញព្រ័ត្រ ទៅក្នុងតារាងបេតិកភណ្ឌអរូបីរបស់យូណេស្កូ។ ដូច្នេះ ទៅអនាគត ភូមា ថៃ កម្ពុជា វៀតណាម និងឥណ្ឌូណេស៊ី ឬប្រទេសដែលប្រើដួនទាំងអស់អាចស្នើបញ្ចូល «ដួន» ជាមរកអរូបីនៃមនុស្សជាតិអាស៊ីអាគ្នេយ៍ក៏អាចថាបាន។ ធ្វើដូច្នេះ វាមិនត្រឹមតែជួយផ្សះផ្សាផ្នែកវប្បធម៌ ឬប្រវត្តិសាស្ត្រទេ ប៉ុន្តែវាក៏រួមចំណែកផ្សះផ្សាផ្នែកនយោបាយ នៃសហគមន៍អាស៊ានទៀតផង។

វប្បធម៌មួយរីកចម្រើនខ្លាំងបាន ទាល់តែអាស្រ័យលើវប្បធម៌ប្រទេសជិតខាងគួបផ្សំដែរ។ តែបើនិយាយពីឥទ្ធិពលនៃវប្បធម៌ វាអាស្រ័យលើថា វប្បធម៌របស់សាសន៍ណាខ្លាំងជាង។

Advertisements

1 Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s