នាងគង្គាក្នុងជាតិមួយរបស់ព្រះនារាយណ៍

ព្រះនារាយណ៍មានអវតាទាំងអស់១០ដែលមានមួយគេស្គាល់ថា «ត្រីវិក្រម» ឬក៏«វាមន»។ តែជួនកាល ខ្មែរបុរាណហៅថា«ត្រីបទ(បីជំហាន)»ទៅវិញ ដូចមានបង្ហាញក្នុងសិលាចារឹក K.៣៥, K.៧៦០ ជាដើម។ល។ ទាក់ទងនឹងជាតិមួយនេះ យើងអាចរកឃើញនៅតាមចម្លាក់ប្រាសាទជាច្រើន។ ទាំងនេះអស់សុទ្ធសឹងជាភស្តុ តាងដែលបញ្ជាក់ថា ខ្មែរបុរាណនិយមរឿងនេះណាស់។

រឿងនេះមានដំណាលថា មានអសុរមួយឈ្មោះថាពាលីបានប្រកាសខ្លួនជាស្តេចនៃចក្រវាឡនេះ។ បានលឺដូច្នេះ ព្រះនារាយណ៍បានចុះមកដោយប្រែក្រឡាជាមនុស្សតឿ(វាមន) ដើម្បីមកសុំដីបីជំហានពីក្រុងពាលី។ ហេតុតែគិតថាមនុស្សតឿសុំដីបីជំហានមិនច្រើនប៉ុន្មាន ក៏យល់ព្រមតាមការសុំ។ ព្រះនារាយណ៍អាងថាពាលីយល់ព្រមហើយ ក៏ឈានមួយជំហានផុតផែនដី។ ជំហានទីពីរផុតស្ថានសួគ៌ដល់ស្ថានព្រះព្រហ្ម។ ព្រះព្រហ្មក៏យកទឹកមកលាងព្រះបាទព្រះនារាយណ៍ ហើយទឹកនោះក្លាយជាទន្លេគង្គានៅស្ថានសួគ៌។ គង្គានៅពេលនេះមានឈ្មោះថា វិស្ណុបទី។ ចំណែកពាលីវិញ ព្រះនារាយណ៍ឲ្យទៅនៅក្នុងដី។

ចម្លាក់ព្រះនារាយណ៍ឈាននៅប្រាសាទកណ្តកចន្ទ ក្រុមព្រះពិធូរ
ចម្លាក់ព្រះនារាយណ៍ឈាននៅប្រាសាទកណ្តកចន្ទ ក្រុមព្រះពិធូរ

ហេតុដូច្នេះហើយទើបមុនសាងសង់ ឬរៀបចំកិច្ចពិធីអ្វីមួយ គេតែងធ្វើកិច្ចសែនក្រុងពាលីសិន [អានបន្ថែម]។ លុះក្រោយមក ពេលខ្មែរជ្រួតជ្រាបពុទ្ធសាសនាថេរវាទ តួអង្គព្រះនារាយណ៍នៅពេលនេះត្រូវជំនួសដោយព្រះពុទ្ធទៅវិញ។ ការនេះពុំមានប្លែកឡើយ ដ្បិតសូម្បីតួអង្គព្រះរាម ក៏ខ្មែរគិតថាជាជាតិមួយរបស់ព្រះពោធិសត្វដែរ។

ហោជាងនៅប្រាសាទតុបខាងកើត
ហោជាងនៅប្រាសាទតុបខាងកើត

ឥឡូវ ខ្ញុំសូមបង្ហាញអំពីចម្លាក់ដែលនិយាយទាក់ទងនឹងរឿងខាងលើវិញ។ សិល្បករតែងឆ្លាក់រូបព្រះអង្គក្នុងកាយវិការបោះជំហានទៅមុខ ហើយក្រោមជើងរបស់ព្រះអង្គតែងមានសត្វក្រពើ ជួនកាលមាន ជារូបទេវីទ្រផ្កាឈូកនៅពីក្រោម។ បើពុំនោះទេក៏មានបង្ហាញជាប្រភេទសត្វរស់ក្នុងទឹកដែរ ហាក់ដូចជាចង់បង្ហាញថា ក្រោមនេះគឺជាទឹក (រូបទី១,២&៣)។

ចម្លាក់នៅប្រាសាទបន្ទាយសម្រែ
ចម្លាក់នៅប្រាសាទបន្ទាយសម្រែ

មកដល់ត្រឹមនេះ ខ្ញុំនឹងផ្តោតសំខាន់តែលើអ្វីដែលនៅក្រោមព្រះបាទព្រះនារាយណ៍ប៉ុណ្ណោះ។ នៅក្នុងទេពកថាឥណ្ឌា នាងគង្គាមានជំនិះជាសត្វម្ករ។ ម្ករជាសត្វមានរូបរាងដូចបេះ ដាក់ទៅនឹងសត្វក្រពើ។ សូម្បីតែនៅស្រុកឥណ្ឌាក៏ចែករូបរាងគ្នារវាងក្រពើ និងម្ករពុំដាច់ដែរ។ ខ្ញុំសូមរំលឹកថា ក្នុងសិល្បៈខ្មែរ គេនិយមខ្លាំងណាស់ក្នុងការឆ្លាក់រូបតំណាង។ ឧទាហរណ៍ គេឆ្លាក់រូបដើមឈើមួយដើមក៏ជាការ តំណាងអោយព្រៃ ឬឆ្លាក់រូបត្រីមួយក៏តំណាងអោយទឹកដែរ។ និយាយដោយសង្ខេបគឺថា ឃើញត្រឹមរូបក្រពើក៏ដូច ឃើញនាងគង្គាដែរ តែពុំមានន័យថាខ្មែរមិនស្គាល់សត្វម្ករឡើយ។

ស្របគ្នានឹងរឿងនេះ សិលាចារឹកប្រាសាទស្រឡៅ K.៧៨២ក្នុងឃ្លាទី២បានរៀបរាប់ជាភាសាសំស្រ្កឹតថា

វន្ទេ វិឞ្ណ្វងឃ្រិម អាក្រាន្ត    ភុវនំ គង្គយោទ្ធ្ឬំ   សបត្ន្យា ជនកាទ្រីន្ទ្រ    តុង្គតាក្ឞេបនាទ ឥវ

ប្រែសេចក្តីថា «ខ្ញុំសូមវន្ទាក្រោមព្រះបាទព្រះនារាយណ៍ដែលបោះជំហានលើដីធ្វើអោយរំជួលដល់ ទន្លេគង្គា ការនេះធ្វើឲ្យបិតារបស់នាងគង្គាអាប់អោនក្រៃលែង»

សិលាចារឹកផ្ទាំងនេះ កវីចង់លើកតម្កើងព្រះនារាយណ៍ថា សូម្បីតែទន្លេគង្គាដែលត្រូវជាបុត្ររបស់ស្តេចភ្នំក៏គង់តែរង្គោះរង្គើ ត្បិតដោយសារតែជំហានរបស់ព្រះអង្គ។ មានន័យថាកវីសម័យនោះប្រហែលជាស្គាល់សាច់រឿងនេះដែរ បើពុំនោះទេ មិនយកទន្លេគង្គាមកតែងជាកាព្យក្នុងឃ្លាតែមួយដើម្បីសសើរព្រះនារាយណ៍ឡើយ។ សូមជម្រាបថា ទន្លេគង្គានៅពេលនោះហូរតាមព្រះបាទព្រះនារាយណ៍។ ម្ល៉ោះហើយ គឺពុំមានអ្វីប្លែកឡើយដែលបិតានាងគង្គាមានការអៀនខ្មាស់នោះ ត្បិតបុត្រីរបស់ ខ្លួនដែលត្រូវជាស្តេចភ្នំទាំងមូលបែរជាហូរកាត់តាម ឬទ្រព្រះបាទព្រះនារាយណ៍ទៅវិញ។

ដោយប្រការនេះធ្វើឲ្យខ្ញុំយល់បានថា រូបទេវី ឬសត្វក្រពើដែលសិល្បករឆ្លាក់ក្រោមព្រះបាទព្រះនារាយណ៍នោះ ប្រហែលជាចង់សំដៅទៅព្រះគង្គានេះហើយ។ ម្យ៉ាងវិញទៀត ខ្មែរបុរាណក៏ស្គាល់ព្រះនាមរបស់នាងគង្គាពេលដែលហូរតាមព្រះបាទព្រះនារាយណ៍ថា «វិស្ណុបទី»ដែរ ដូចមានក្នុងសិលាចារឹកប្រែរូប K.៨០៦ស្រាប់។

IMG_3661
ចម្លាក់នៅប្រាសាទក្រវ៉ាន់

លើសពីនេះទៅទៀត បើយើងមើល រូបចម្លាក់នៅប្រាសាទក្រវ៉ាន់វិញគឺកាន់តែច្បាស់ទៅទៀត (រូបទី៣)។ ព្រះនារាយណ៍បោះជំហានទៅមុខ ហើយមាន ទេពធីតាមួយអង្គយកផ្កាឈូកមកទ្រពីក្រោម។ ទេពធីតានេះសោត បើយើងមើលឲ្យកៀកគឺកាន់តែឃើញច្បាស់ថា នៅក្បែរព្រះនាងមានស្នាមជារលកអង្កាញ់ៗ ឬមានបង្ហាញជាសត្វត្រីដែលសិល្បករហាក់ចង់បង្ហាញថា នេះជាទឹក។ ទឹកនេះសោតគឺ គង្គា។

២០១១

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s