មនុស្សខ្មែរសុទ្ធតែជាអ្នកជំនាញ?

កន្លងមកនេះ បើលោកអ្នកប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសបុក ប្រាកដជាឃើញជាក់នឹងភ្នែកមិនខានអំពីរឿងរ៉ាវហេតុការណ៍ផ្សេងៗអំពីអង្គរ។ រឿងល្អមិនសូវឃើញទេ តែបើរឿងអាក្រក់ឃើញមានច្រើនក្រែលណាស់។ ច្រើនហួស! ចំណែកការដែលគេបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរ៉ាយរ៉ាប់ពីអង្គរវិញ ច្រើនតែជាការរិះគន់បែបជេរប្រទេច ចោទនេះនោះ បើការរិះគន់បែបវិជ្ជាជីវៈដើម្បីស្ថាបនាមានតិចតួចពន់ពេក។

ពាក្យ«ស្រឡាញ់»ត្រឹមបបូរមាត់ [1]

ប្រការដែលរាស្ត្រខ្វាយខ្វល់ពីរឿងការងារអភិរក្សប្រាសាទ គឺជារឿងល្អណាស់ដែលស្ថាប័នធំៗក្នុងពិភពលោកកំពុងត្រូវការជាចាំបាច់ ដើម្បីឲ្យអ្នកទាំងនោះចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ឲ្យគង់វង្ស។ តាមខ្ញុំឃើញ អ្វីដែលធ្វើឲ្យកើតមានក្តីខ្វាយខ្វល់ទាំងនេះបណ្តាលមកពីទឹកចិត្តស្រឡាញ់មោះមុតចំពោះ កេរមរតកប្រាកដមែន។ ប៉ុន្តែជួនកាលក្តីស្រឡាញ់ទាំងអស់នេះឥតជួយអ្វីបានសោះដល់មរតកជាតិនេះ ត្បិតមកពីចរិតនិយាយឲ្យតែរួចពីមាត់។

អ្នកជំនាញជួសជុលប្រាសាទឥដ្ឋ ធ្វើការជិត២០ឆ្នាំលើវិស័យជួសជុលប្រាសាទឥដ្ឋ
អ្នកជំនាញជួសជុលប្រាសាទឥដ្ឋ ធ្វើការជិត២០ឆ្នាំលើវិស័យជួសជុលប្រាសាទឥដ្ឋក្នុងតំបន់អង្គរ

ក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នាធំធេងពេកណាស់ ប្រសិនបើដូនតាបានឮ បានឃើញ បានយល់ពីក្តីស្រឡាញ់នេះមិនដឹងជាត្រេកអរសប្បាយប៉ុណ្ណាទេ ព្រោះកូនចៅជំនាន់ក្រោយចេះស្រឡាញ់កេរដូនតា។ ទន្ទឹមនឹងនេះ ដូនតាក៏អាចខកចិត្តខ្លះដែរដោយសារ កូនចៅជំនាន់ក្រោយមានត្រឹមតែក្តីស្រឡាញ់ត្រឹមបបូរមាត់ តែមិនចេះថែរក្សាកេរទាំងនេះ។ ដូចករណីខាងលើនេះស្រាប់។

បើគ្រាន់តែស្រឡាញ់មិនគ្រប់គ្រាន់ទេ ត្រូវតែមានគំនិតថែរក្សា។ ថែនោះសោតត្រូវចេះរបៀបថែតទៅទៀត។ នៅប្រាសាទព្រះឥន្ទ្រកោសី កណ្តាលក្រុងសៀមរាបមានសិលាចារឹក ដែលគេចារជាប់នឹងប្រាសាទ (K.262)មានកាលបរិច្ឆេទគ.ស៩៦៨។ នៅចុងសិលាចារឹកមានអក្សរសម័យថ្មីប្រើទឹកខ្មៅសរសេរ ហើយមានសរសេរជាអង់គ្លេសពីក្រោមទៀតថា

បំរាម! ហាមសរសេរអក្សរលើផ្ទាំងសិលាទាំងនេះ

Don’t write on this pillar because they are important for [world]។

អ្នកសរសេរនេះមានបំណងល្អ ហើយស្រលាញ់មរតកនេះសម្បើមណាស់ ទើបមានចិត្តឈឺឆ្អាលចង់ថែរក្សាសម្បត្តិវប្បធម៌ដែលគ្មានអ្វីមកដោះដូរបាន។ ប៉ុន្តែខ្លួនគាត់ហាមគេទាំងភ្លេចថា ខ្លួនឯងបែរជាសរសេរលើសិលាទៅវិញ។ ប្រការដូច្នេះហើយ មនុស្សខ្មែរគួរណាស់ត្រូវចេះពីរបៀបថែរក្សាផង មិនមែននិយាយថាស្រលាញ់ឲ្យរួចតែពីមាត់។ ងាកមកវិញ តើការជេរប្រទេចផ្តាសារ ចោទនេះនោះ ដៀលត្មិះនេះជាការជួយថែរក្សាមរតកទាំងនេះមែនទេ? ឬគ្រាន់តែមកដល់អង្គរថតរូបខ្លួនឯង ហើយអួតប្រាប់គេថាខ្លួនមកដល់អង្គរទេ? ឬក៏ថតវីដេអូកេសថ្មអង្គរដែលកំពុងខូចនោះឲ្យខូចកាន់តែខ្លាំង ហើយបកស្រាយដោយគ្មានលក្ខណៈវិទ្យាសាស្ត្រសោះក៏មានន័យថា ជាការថែរក្សាដែរ? វិលសុង!

អ្នកជំនាញ

សូមអនុញ្ញាតឲ្យខ្ញុំប្រើពាក្យហៅអ្នកទាំងនោះថា«អ្នកជំនាញ»។ «ជំនាញ»មកពីផ្នត់ដើមថា «ជាញ» ដែលមានសេចក្តីថា វាងវៃ ការប៉ិន អង់អាច ប្រសប់ ស្ទាត់។ល។(សូមអានវចនានុក្រមសម្តេចសង្ឃជួនណាត)។

ជំនាញគឺកើតចេញពីរបៀនទើបក្លាយជាអ្នកជំនាញបាន។ ឧទាហណ៍ អ្នកជំនាញខាងឡាន អ្នកជំនាញសរសេរ អ្នកជំនាញខាងគិតលេខ អ្នកជំនាញខាងជួសជុលទូរទស្សន៍ អ្នកជំនាញខាងសេដ្ឋកិច្ច។ល។ ទាំងអស់នេះកើតចេញពីរៀនសុទ្ធសាធ ទោះបីម្តងម្កាលមិនមានជាទ្រឹស្តីក៏ពិតមែន ប៉ុន្តែបន្ទាប់ពីបានឆ្លងកាត់ការអនុវត្តន៍ និងពិសោធន៍ច្រើនដងសឹងរាប់ភ្លេចមកហើយ។ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមខ្មែរសព្វថ្ងៃ យើងអាចមើលឃើញអ្នកជំនាញតាមវិស័យរបស់គេរៀងៗខ្លួនដូចជា លោក សុខ សំអឿន ជាអ្នកជំនាញខាងច្បាប់, អ្នកស្រី ជា វណ្ណាត លោក កែម ឡី លោក អ៊ូ វីរៈ ជាអ្នកជំនាញខាងវិភាគសង្គម, លោក សុខ ទូច ជាអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ, លោក កង ច័ន្ទតារារ័ត្ន ជាអ្នកជំនាញខាងសេដ្ឋកិច្ច និងលោក យ៉ង សាំងកុមារ ជាអ្នកជំនាញខាងកសិកម្មជាដើម។ អ្នកទាំងនេះសុទ្ធជាអ្នករៀនសូត្រ ឬអនុវត្តបានជ្រៅជ្រះទើបបានក្លាយជាអ្នកជំនាញដូចសព្វថ្ងៃ។

ដោយឡែក អ្នកខ្លះទៀតមិនដឹងមកពីណាផង ក៏មកតាំងខ្លួនជាអ្នកជំនាញបកស្រាយផាច់ៗហើយមានអ្នកជឿគគោក។ តើអ្នកស្រឡាញ់មរតកធនរបស់ជាតិសុទ្ធតែជាអ្នកជំនាញឬ? ចម្លើយរបស់ខ្ញុំគឺ ទេ។ មែនហើយ ក្តីស្រឡាញ់ប្រាកដពុំអាចយកលុយមកទិញបានទេ ទាល់តែមានអ្វីមួយកើតឡើង ទើបធ្វើឲ្យដក់ជាប់ក្នុងក្រអៅដួងចិត្តកើតចេញជាក្តីស្រឡាញ់។ យ៉ាងណាក៏ដោយ ក្តីស្រឡាញ់នេះមិនគួរក្លាយជាការងប់ងល់ រហូតដល់ថ្នាក់លែងគិតត្រិះរិះពិចារណាសោះទេ។

ខ្មែរកើតជម្ងឺអ្វីឲ្យប្រាកដ?

កាលណាយើងខូចឡាន យើងត្រូវឲ្យជាងជួសជុលឡានពិនិត្យថាតើវាកើតថីឲ្យប្រាកដ។ ចុះបើសិនយើងយកឡានខូចទៅឲ្យជាងទូទរស្សន៍មើល តើបានការអ្វីកើត? ឬក៏មនុស្សម្នាក់អាចមានជំនាញច្រើនមុខបាន? មនុស្សម្នាក់អាចធ្វើម៉ូតូផង ឡានផង ទូរទស្សន៍ផង រទេះភ្លើងផង? ឬឡើងទូរទស្សន៍បកស្រាយសេដ្ឋកិច្ចផង? បើជាព្រះពិស្ណុការ ខ្ញុំប្រហែលជឿ ព្រោះព្រះអង្គជាទេពនៃមេជាងទាំងឡាយមិនថាខាងភ្លេង ឬសំណង់។ បើដូច្នេះ វាហាក់បីដូចជាការចែកគ្នាធ្វើតាមជំនាញបែបងាយយល់ដូច្នេះឯង។

ប្រការនេះហើយ ទើបខ្មែរមានពាក្យថា «ចាប់នេះ ចាប់នោះ មិនឆ្ពោះត្រង់ណា»។ បានសេចក្តីថា មនុស្សម្នាក់គួរមានជំនាញមួយហើយឲ្យច្បាស់ប្រាកដ។ ខ្ញុំមិនជឿទេថា មនុស្សខ្មែរខូចឡានក៏ទៅរកជាងឡាន ឈឺធ្មេញក៏ទៅរកជាងឡាន ស្ពានបាក់ត្រូវជួសជុលក៏ទៅរកជាងឡាន ឬប្រាសាទរលំក៏ទៅរកជាងឡាននោះទេ។ គ្រោះថ្នាក់នឹងកើតឡើងប្រាកដ ប្រសិននៅតែបណ្តោយបែបនេះទៀត។ ខាតទាំងពេល និងធ្វើឲ្យខូចខួរក្បាលទៀត។ យើងគួរតែទៅរកអ្នកជំនាញពិតប្រាកដឲ្យចំចំណុច ព្រោះគេដឹងរឿងនេះច្បាស់អាចធ្វើឲ្យយើងមានភាពរីកចម្រើន។

យ៉ាងណាមិញ វាអាស្រ័យនឹងប្រជាពលរដ្ឋខ្លួនឯងដែរ ដែលឆាប់ជឿគេពេកដោយមិនបានត្រិះរិះពិចារណា។ សូមកុំឃើញតែវីដេអូ៥នាទី ឬជួនកាលរូបថតតែ២ទៅ៣សន្លឹកក៏ចាត់ទុកថាបានការ រួចក៏បន្ទរតាមពីក្រោយបន្ទាប់ពីឃើញចំណងជើង។ អ្នកខ្លះមិនទាំងបានពិនិត្យដល់សេចក្តីនៃអត្ថបទនោះថាសមហេតុផល ឬអត់ទេ។ លុះដល់អ្នកជំនាញមែនទែនត្រូវនឹងសាច់រឿងមកបកស្រាយបំភ្លឺហេតុផល ក៏លែងជឿស្រឡះទៀត។ ជួនកាលអាចមកពីរាស្ត្រលែងជឿរដ្ឋ?

ពង្រឹងសមត្ថភាព

ការដែលមនុស្សហ៊ាននិយាយ ហ៊ានបកស្រាយ ហ៊ានបង្ហាញ បញ្ចេញមតិ គឺជាដំណើរការដ៏ល្អនៃសង្គមប្រជាធិបតេយ្យ។ ទោះយ៉ាងនេះក្តី ថ្វីបើវាជាការល្អក៏ពិតមែន ប៉ុន្តែរាល់ការបញ្ចេញមតិយោបល់មិនប្រាកដថា តែងតែត្រូវទាំងអស់នោះទេ ដែលទាមទារឲ្យមានការដេញដោលគ្នារកហេតុ និងផលឲ្យបានច្បាស់លាស់តាមលក្ខណៈវិទ្យាសាស្ត្រ។ ចំណែកឯអ្នកនៅជុំវិញនោះក៏គួរតែពិចារណាដែរ មិនមែនចេះតែជឿគេភ្លាមៗទេ។ និយាយឲ្យស្រួលស្តាប់គឺថា កុំឆាប់ចាញ់បោកគេពេក។ ខ្ញុំជឿថា ធ្វើដូច្នេះទើបសង្គមរីកចម្រើន។ ប៉ុន្តែបើគ្រាន់តែឃើញគេនិយាយបែបឡូយបន្តិចសោះ ស្រាប់តែជឿគេស្លុងទៅហើយ ថាតើភាពជាអ្នកចេះដឹងរបស់ខ្មែរទៅជាយ៉ាងណាទៅវិញ? បើងាយនឹងគេបោកបានម្លឹងៗ? ប្រការទាំងនេះបង្ហាញអំពី ភាពក្មេងខ្ចីនៃចំណេះដឹងរបស់មនុស្សខ្មែរដែលពុំទាន់មានសមត្ថភាពស្រាវជ្រាវ ត្រិះរិះ និងពិចារណារកចម្លើយត្រឹមត្រូវ ឬសមហេតុផលពិតប្រាកដនៅឡើយ។ ហេតុនេះហើយ អ្នកជំនាញត្រូវមានតួនាទីចាំបាច់ដែរ ក្នុងការពន្យល់បកស្រាយអំពីចំណេះដែលខ្លួនចេះប្រកប ដោយលក្ខណៈវិទ្យាសាស្ត្រឲ្យអ្នកមិនមែនជំនាញបានយល់ហេតុដែរ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s