រាំថ្វាយក្នុងន័យកិច្ចពិធី

កាលណានិយាយអំពីតង្វាយ យើងតែងយល់ទៅដល់អ្វីដែលអាចហូបបានដូចជា ផ្លែឈើ នំនែក បង្អែម ស្រាជាដើម។ល។ ដែលការពិតនោះគឺ ក្នុងគំនិតមនុស្សយល់ថា ព្រះក៏មានភ្នែក មានមុខ មានមាត់ មានច្រមុះ មានត្រចៀកដែរ។ ម្ល៉ោះហើយ តង្វាយតែងតែជាប្រភេទផ្សេងៗមានខ្លះសម្រាប់ហូប ខ្លះសម្រាប់ស្តាប់ និងខ្លះទៀតសម្រាប់មើល។

ធូបដែលយើងដុតថ្វាយព្រះបង្កើតជាក្លិន។ ទៀនបង្កើតជាពន្លឺឲ្យភ្នែកមើលឃើញ។ ផ្កាបង្កើតសោភ័ណសម្រាប់ភ្នែក។ ភ្លេងបង្កើតជាការសប្បាយ។ ម្ហូបម្ហាសម្រាប់ហូបចុក។ ទំនៀមពីបុរាណដែលយើងអាចឃើញនៅលើចម្លាក់ និងសិលាចារឹកសុទ្ធតែមានបង្ហាញអំពីតង្វាយ។ គេសាងប្រាសាទ ហើយគេជូនមនុស្សសម្រាប់បម្រើការងារផ្សេងៗនៅតាមទីប្រាសាទទាំងនោះ។

dsc_2456
ប្រាសាទព្រះខ័ន

អ្នកចម្រៀង អ្នកភ្លេង និងអ្នករាំក៏ត្រូវចាត់ថាជាជំនូនថ្វាយដល់ព្រះដែរ។ អ្នកទាំង៣ក្រុមនេះត្រូវលេងភ្លេង ច្រៀង និងរាំថ្វាយព្រះដែលតម្កល់តាមប្រាសាទ។ ឧទាហរណ៍សិលាចារឹកប្រាសាទលលៃ (K.331) នៃប្រាង្គទិសនិរតីចុះកាលបរិច្ឆេទ៨៩៣នៃគ.សថា

«ធូលីជេងវ្រះកម្រតេងអញឝ្រីយឝោវម៌្មទេវស្វេយវ្រះរាជ្យតគិ៨១១ឝកស្ថាបនាវ្រះអាជ្ញាកន្លោងកម្រតេងអញឝ្រីរាជេន្ទ្រទេវី វ្រះជំន្វនអ្នកបំរេតោយក្នេត្តតំរ្វចតៃកន្លង១ ម៌្មាំតៃកនឥន១ តៃកេស១ តៃចោំ១ ចំយ៌្យាងតៃម្យង[…]»

ប្រែថា «ព្រះបាទយសោវម៌្មសោយរាជ្យនៅ៨១១សក[គ.ស៨៨៩] ស្ថាបនាប្រាសាទនេះសម្រាប់[ប្រតិមា]រាជេន្ទ្រទេវី ហើយជូនអ្នកអ្នកបម្រើសម្រាប់ខែខ្នើតដូចជា អ្នកមើលការឈ្មោះកន្លង អ្នករាំឈ្មោះកនឥន កេស និង ចោម អ្នកចម្រៀងឈ្មោះម្យង[…]។

dsc_4877
អ្នកច្រៀង
dsc_4878
អ្នករាំ

មកដល់សព្វថ្ងៃ ទំនៀមនេះក៏មិនទាន់បាត់ទៅណាដែរ។ ឧទាហរណ៍ កាលណាគេទៅបន់ស្រន់តាមខ្ទមអ្នកតា ឬប្រាសាទថា បើធ្វើនេះធ្វើនោះបានសម្រេច គេនឹងថ្វាយភ្លេងពិណពាទ្យ។ល។ លុះបានសម្រេចក៏ទៅថ្វាយភ្លេងប្រាកដមែនជាដើម។ ការរាំក៏ដូចគ្នាដែរ។ នៅក្នុងវាំងមានក្រុមរបាំមួយក្រុមដែលគេស្គាល់ថាជាក្រុមរបាំព្រះរាជទ្រព្យ។ អ្នកទាំងនេះមាននាទីរាំថ្វាយស្តេចទត។ ប្រហែលបន្ទាប់ពីឆ្នាំ១៩៧០ ដែលជួនកាលរាស្ត្រសាមញ្ញអាចមានឱកាសទស្សនាបានដែរ។ គួរកត់សម្គាល់ថា ស្តេចក៏ជាព្រះដូចយើងតែងនិយាយថា «ព្រះមហាក្សត្រ, ព្រះអង្គ»។

IMG_6402.JPG
រាំថ្វាយចេតិយនៅវត្តអធ្វា

នៅវត្តអធ្វា ពេលដង្ហែនាគជុំវិញវិហារចប់ អ្នកស្រុក និងអ្នកភ្លេងមករាំថ្វាយតាមចេតិយអតិតគ្រូចៅអធិការនីមួយៗដូចគ្នាដែរ។ យើងឃើញនឹងភ្នែកថាសប្បាយ ប៉ុន្តែភាពសប្បាយនេះជា«កិច្ចមួយនៃពិធី»ដែលអ្នករាំទាំងនេះត្រូវបំពេញ។ ពោលគឺ មិនមែនដើម្បីតែសប្បាយខ្លួនឯងជាអ្នករាំនោះឡើយ។ និយាយឲ្យខ្លីទៀតថា នេះជាតង្វាយសម្រាប់ត្រចៀក និងភ្នែក។

ចំណែករបាំក្នុងកិច្ចពិធីឡើងអ្នកតា លៀងមេមត់ ឬលៀងអារក្សនោះគួរដាក់ក្នុងប្រធានបទផ្សេងពីនេះ ហើយដែលគួរពិចារណាជ្រៅជាងនេះឆ្ងាយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s