ផ្សឹកភ្នំខ្សាច់ពេលឆ្លងចេត្រ

បើនិយាយពីភ្នំខ្សាច់ មនុស្សខ្មែរតែងពន្យល់វាដោយភ្ជាប់នឹងកម្មផល បាប និងបុណ្យ ត្បិតព្រះសង្ឃ និងអាចារ្យតែងពន្យល់តាមដូច្នេះឯង។ ម្តងម្កាលឮអាចារ្យពន្យល់ថា ភ្នំនេះតំណាងឲ្យចេតិយចូឡាមនីនៅស្ថានត្រៃត្រឹង្ស [សូមអាន]។

ភ្នំខ្សាច់នៅវត្តលលៃ
ភ្នំខ្សាច់នៅវត្តលលៃ

មានរឿងបែបសាសនាថា ពូនភ្នំខ្សាច់ដើម្បីឲ្យយមរាជមករាប់ភ្នំខ្សាច់។ បើកាលណារាប់អស់ អាយុអ្នកពូនក៏ត្រូវអស់តាមនោះ។ ធ្វើម្តេចនឹងរាប់អស់ បើគ្រាប់ខ្សាច់តូចៗផង ហើយមនុស្សពូនវារាល់ឆ្នាំផងដូច្នេះ។

ភ្នំខ្សាច់វត្តលលៃ
ភ្នំខ្សាច់វត្តលលៃ

រូបទាំងនេះជារូបពិធីផ្សឹកភ្នំខ្សាច់ ឬហៅថាឆ្លងភ្នំខ្សាច់ដែលគេបានធ្វើកាលពីចូលឆ្នាំ ដល់ឥឡូវដល់ពេលគេឆ្លងបញ្ចប់នៅវត្តលលៃ។ នៅសៀមរាប ពេលដែលបុណ្យធំៗទាក់ទងនឹងខួប ឬពេល ដែលយើងគួរពិចារណាជ្រៅជាងនេះតទៅទៀតអំពី សុខុមលោក[សូមអាន] ឬ វ្នំ [សូមអាន]។ គេតែងតែធ្វើភ្នំខ្សាច់ហើយបំបួស រួចសព្វគ្រប់ក៏ឆ្លងនាពេលបញ្ចប់។ ផ្សឹកឆ្លងពីរបស់ពិសិដ្ឋមកជាធម្មតាវិញ គឺថាពីចូឡាមូណីចេតិយមកជាពំនូកខ្សាច់ធម្មតាវិញ។

កិច្ចផ្សឹកភ្នំខ្សាច់
កិច្ចផ្សឹកភ្នំខ្សាច់

ពាក្យសូត្រពេលឆ្លងភ្នំខ្សាច់នៅកាលបុណ្យបូជាសពចៅអធិការវត្តរុន។ ខ្ញុំបង្ហាញនេះ ទោះបុណ្យ២ផ្សេងពីគ្នាមែន ឯពាក្យសូត្រខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

ជាលក្ខណៈប្រពៃណី អ្នកសៀមរាបចូលឆ្នាំដូចគេដូចឯង មានធ្វើរានទទួលទេវតាជាដើម។ តែអ្វីដែលពិសេសនោះគឺ ក្រោយពេលដែលចូលឆ្នាំបានកន្លះខែនោះ ភូមិនីមួយៗតែងធ្វើពិធីប្រចាំភូមិដែលគេហៅថា ឆ្លងចេត្រ[សូមអាន]។ គេច្រើនតែឆ្លងចេត្រនៅតាមសាលាឆាន់ក្នុងភូមិ តែភូមិដែលនៅក្បែរវត្ត គេមកឆ្លងនៅវត្តតែម្តង។ ក្នុងបុណ្យនេះ អ្នកភូមិនិមន្តព្រះសង្ឃឆាន់ជាធម្មតា។ លុះដល់ពេលបញ្ចប់ពិធីដែលយើងហៅថា«ឆ្លង»នោះ គេនាំគ្នាយកទឹកលាយរមៀត លំអដោយផ្កាភ្ញីមកស្រង់ព្រះ ឬស្រង់មនុស្សចាស់ ឬក៏ជះដាក់គ្នាផង។ សូមកុំភ្លេចថា ខែចេត្រជាខែក្តៅខ្លាំង។  ដូចពាក្យចាស់ថា«ខែចេត្រក្តៅខ្លាំង ខែប្រាំងក្តៅហែង ថ្ងៃក្តៅបែកផ្សែង កំពីងពួយផ្កា»។

ស្រង់ព្រះវត្តទេពប្រណម្យ
ស្រង់ព្រះវត្តទេពប្រណម្យ

ចប់ពីក្តៅខ្លាំង ក៏ចូលដល់ពេលធ្វើស្រែចម្ការ ពោលគឺខែពិសាខល្មម។ ដូចដែលក្នុងអត្ថបទឆ្លងចេត្ររបស់លោកគ្រូ អាំង ជូលាន បញ្ជាក់ថា ពេលវដ្តនៃស្រូវ ឬរដូវ។ ស្រង់ទឹកឲ្យព្រះ ឬក៏លេងទឹកនោះ ក្នុងន័យថា សូមឲ្យមានទឹកគ្រប់គ្រាន់ត្រជាក់ត្រជុំដល់មនុស្សសត្វ ស្រុកស្រែចម្ការ។

Leave a comment