ស្រុកកោះសូទិនក្នុងខ្សែភ្នែកខ្ញុំ

ខ្ញុំមានឱកាសទស្សនាភូមិខ្លះតាមបណ្តោយទន្លេតូច ដែលមួយផ្នែកស្ថិតក្នុងស្រុកកោះសូទិន និងមួយផ្នែកទៀតនៅស្រុកស៊ីធរកណ្តាល។ ទីនេះទាក់ចិត្តខ្ញុំឲ្យលួចកួចប៉ងបំណងថា ទៅហើយចង់ទៅទៀត ឬក៏បើទៅហើយ មិនចង់ត្រឡប់វិញ។ អ្វីដែលទាក់ចិត្តខ្ញុំនោះគឺ វប្បធម៌ និងបរិស្ថាន។

DSC03216.JPG
ដងទន្លេតូចមុខវត្តពង្រ

វប្បធម៌នោះគឺ ការរស់នៅប្រកបរបរចិញ្ចឹមជីវិត តម្បាញ ការរៀបចំលំនៅដ្ឋាន ផ្ទះសម្បែងចាស់ៗស្អាត សំណង់សាសនា ការនិយាយស្តី របៀបរបបនៃការរាក់ទាក់ជនដែលមកពីឆ្ងាយជាដើម។ ចំណែកបរិស្ថានវិញគឺ ភូមិសាស្ត្រទីនេះមានទន្លេតូច (ទន្លេធំគឺទន្លេមេគង្គ) កាត់ចំពាក់កណ្តាលស្រុកដែលបង្កើតជាប្រយោជន៍សម្រាប់អ្នកនេសាទផង និងអ្នកដាំបន្លែបង្ការ ឬថ្នាំជក់ជាដើមផង។ តាមផ្ទះនីមួយៗតែងមានចម្ការដំណាំហូបផ្លែ ទោះបីជាដីលំនៅដ្ឋាននោះតូច ឬធំ។ ទិដ្ឋភាពនេះគួរសមប្រកបនឹងភ្នែកយើងឲ្យឃើញពណ៌ខៀវពេញមួយឆ្នាំ។ នេះមិនទាន់និយាយដល់ដីស្រែចម្ការនៅឡើយផង។

dsc03380
ដឹកប៉ៅថ្នាំ

អ្វីដែលគួរកត់សម្គាល់ខ្លាំងទៅទៀតនោះគឺ អ្នកស្រុកទីនេះភាគច្រើនជាប់សាច់ឈាមជាកូនចៅចិន។ បើទោះជាមនុស្សជាន់ក្រោយលែងចេះនិយាយចិនម្តេចក្តី ឬលែងប្រតិបត្តិប្រពៃណីចិនខ្លាំងក៏ដោយ ប៉ុន្តែយើងនឹងអាចកាត់ស្មានបានភ្លាមតាមរយៈវប្បធម៌។ រូបថតចាស់ៗនៃគ្រួសារចិនទាំងនោះក៏ជួយយើងក្នុងការស្វែងយល់បន្ថែមអំពី ពង្សាវតារនៃគ្រួសារទាំងនោះដែរ។

dsc03369
ជើងធូបក្នុងផ្ទះមួយក្បែរផ្សារជីហែ

ចិនទាំងនេះរស់នៅក្នុងស្រុកខ្មែរតកូនតចៅច្រើនជំនាន់មកហើយ។ ក្មេងៗជាន់ក្រោយខ្លះក៏លែងចាប់អារម្មណ៍ថាខ្លួនជាចិនទៀតដែរ ព្រោះទទួលឥទ្ធិពលពីខ្មែរច្រើន។ អ្នកទាំងនេះគោរពពុទ្ធសាសនា ចូលរួមកសាងវិហារ សាលា វត្តអារាម ជឿលើបុណ្យបាប ហើយឡើងអ្នកតានៅដើមខែវស្សាជាមួយខ្មែរទៀតផង។ តាមខ្ញុំយល់គឺថា ពួកគេឥតមានបែងចែកថា អ្នកនេះជាចិន ឬអ្នកនេះជាខ្មែរដូចខ្ញុំគិតឡើយ ប៉ុន្តែគេប្រាកដជាយល់ថា ឯង និងអញកើតនៅស្រុកខ្មែរ ហើយជាខ្មែរដូចគ្នា។

DSC03321.JPG
បុណ្យផ្កាសាមគ្គីនៅវត្តពង្រ

យ៉ាងនេះក្តី ខ្ញុំជាអ្នកចម្ងាយនៅតែយល់ថា វប្បធម៌ចិននៅតែមានតាំងទីក្នុងស្រុកនេះតិច ឬច្រើន។ ដូច្នេះ ខ្ញុំតែងលើកជាសំណួរថា តើចិនទាំងនេះមករស់នៅទីនេះចាក់ឬសគល់តាំងពីពេលណាមក? តើតម្បាញក្រមា-សូត្រមានជម្រៅវប្បធម៌ប៉ុណ្ណាជាមួយចិនទាំងនេះ? សិលាចារឹកនៅស.វទី១២ ក្នុងតំបន់អង្គរមួយរៀបរាប់អំពី ការធ្វើអំណោយសូត្រដែលនាំចូលពីប្រទេសចិនរបស់មាតាក្សត្រមួយអង្គថ្វាយចំពោះព្រះនៅក្នុងប្រាសាទ។ អ្នកនិពន្ធសិលាចារឹកនេះប្រហែលចង់អួតអំពីគុណភាពសូត្រចិន ពុំនោះសោតមិនបង្ហាញប្រភពទំនិញនោះឡើយ។ តួនាទីវាយណភណ្ឌចិនក្នុងសង្គមខ្មែរគួរដាក់ក្នុងប្រធានបទពិសេស។

សំនួរមួយទៀតគឺ ហេតុអ្វីគេហៅតំបន់មួយតាមទន្លេនេះជាប់នឹងស្រុកកោះសូទិនថា ស៊ីធរកណ្តាល? តើឈ្មោះនេះមានប្រវត្តិទាក់ទងនឹង «ស្រីយសោធរបុរ»ដែរឬទេ? ម្យ៉ាង ឈ្មោះស្រុក«ស្រីសន្ធរ»ដែលអ្នកប្រាជ្ញយល់ថា ក្លាយមកពីពាក្យ «ស្រីយសោធរ» ឬដែលអ្នកខ្លះយល់ថា ក្លាយមកពីពាក្យ «ស្រីសឈរ»នោះក៏មិនឆ្ងាយពីទីនេះដែរ។ នៅសម័យកណ្តាល ទួលបាសានត្រង់ស្រីសន្ធរនេះក៏ធ្លាប់ជាទីក្រុងមួយរយៈដែរ។

បើយើងក្រឡេកមើលមុននេះបន្តិច តំបន់នេះមានតឹកតាងប្រវត្តិសាស្ត្រតាំងពីមុនសម័យអង្គរ ហើយដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មានឡើយ។ នោះគឺ ប្រាសាទព្រះធាតុព្រះស្រី។ ទីនេះសោតក៏អាចជាអាស្រមមួយក្នុងរាជ្យព្រះបាទយសោវម៌្មនទី១ (ស.វទី៩) ទៀតផង។ បើយើងវាស់ចម្ងាយឲ្យត្រង់ពីទីប្រាសាទព្រះធាតុព្រះស្រីមកតំបន់នេះគឺប្រហែល៦គីឡូម៉ែត្រ។ ប្រសិនសហគមន៍នេះត្រូវការធ្វើជំនួញជួញប្រែអ្វី មុខតែត្រូវការទន្លេតូចនេះដោយផ្នែកហើយ។

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s