ចំហុយថ្នាំជក់

ស្រុកកោះសុទិន និងស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ចាមប្រកបរបរដាំថ្នាំខ្មែរ និងថ្នាំកាតាប។ ថ្នាំទាំង២នេះខុសគ្នាតាំងពីរបៀបធ្វើ និងរបៀបប្រើ ហើយគុណភាពក៏ខុសគ្នាដែរ។ ថ្នាំខ្មែរគ្រាន់តែកាច់ពីដើមយកហាល ហើយហាន់ល្អិតៗក៏អាចជក់ពិសារបាន។ តែថ្នាំកាតាបត្រូវយកមកចំហុយក្នុងឡក្នុងសីតុណ្ហភាពដ៏ច្បាស់លាស់សិន ទើបយកទៅផលិតជាបារីពិសារ។

រីឯតម្លៃនៃថ្នាំទាំង២ប្រភេទនេះក៏ខុសគ្នាដែរ ពោលគឺ ថ្នាំខ្មែរមានតម្លៃថោកជាងថ្នាំកាតាប ត្បិតថ្នាំកាតាបអាចយកផលិតក្នុងឧស្សាហកម្មបារីថ្លៃៗបាន។ ប្រការនេះធ្វើឲ្យថ្នាំខ្មែរខ្សត់លែងសូវមានអ្នកដាំ ឬតាមភូមិខ្លះក៏លែងមានតែម្តង។

ថ្នាំកាតាបត្រូវដាំប្រើពេលជិត៣ខែ។ ជាទូទៅ គេចាប់ផ្តើមដាំនៅខែប្រាំងគឺ ខែធ្នូ ឬមករាជាពេលដែលទឹកទន្លេស្រក ហើយប្រមូលផលរវាង២ ឬ៣ខែបន្ទាប់។ យ៉ាងណាមិញ ដាច់ខាតត្រូវតែប្រមូលផលឲ្យបានមុនខែភ្លៀងធ្លាក់មក ត្បិតទឹកភ្លៀងអាចធ្វើឲ្យសន្លឹកថ្នាំកើតស្នាមអុជៗបាត់បង់គុណភាព។ ដល់ខែប្រមូលផល គេកាច់យកសន្លឹកថ្នាំរក្សាក្នុងម្លប់ ដើម្បីដោតជាចង្កាក់។ រួចហើយ គេរៀបជាកាតុងដែលមានចំនួនពី២៤ទៅ៣៤ចង្កាក់ អាស្រ័យលើសន្លឹកថ្នាំ។ បន្ទាប់មកទៀត គេយកទៅរៀបក្នុងឡដើម្បីដុតចំហុយថ្នាំទាំងនោះ។

នៅក្នុងបាតឡពីខាងមុខគឺជា ចង្ក្រានសម្រាប់ដាក់ឧសដុតភ្លើង។ នៅសងខាងចង្ក្រានមានទ្វារពីរដែលគេធ្វើសម្រាប់ចេញចូលពេលដាក់ថ្នាំ និងដើម្បីពិនិត្យសីតុណ្ហភាពក្នុងឡ។ នៅពីក្នុងវិញ គេរៀបបំពង់ដែកនៅបាតឡចេញពីចង្ក្រានទៅតាមទម្រង់រាងរបស់ឡ ដើម្បីឲ្យកម្តៅអាចរត់បានសព្វផ្ទៃឡទាំងមូល។ គ្រប់ចង្ក្រានឧសតែងមានឡូវពីក្រោមកន្លែងដាក់ឧស សម្រាប់កាយផេះចេញ និងឲ្យខ្យល់ចូលពីក្រោមចង្ក្រាន ទើបភ្លើងចង្ក្រានអាចឆេះបានល្អ។ នៅផ្នែកដំបូលឡមានរន្ធខ្យល់មួយទៀតសម្រាប់ឲ្យខ្យល់កម្តៅបឺតឡើងទៅលើ ប៉ុន្តែក្នុងរយៈពេលដ៏សមរម្យមួយប៉ុណ្ណោះ ទើបគេបង្ហើបដំបូលនោះឡើង។

DSC_1490.JPG
បំពង់ដែកនៅបាតឡ

ចង្ក្រាន និងជញ្ជាំងឡត្រូវតែមានការពិនិត្យជួសជុលមុនចាប់ផ្តើមដុត។ បើកន្លែងណាមានប្រហោង គេយកដីដែលរកបានជុំវិញផ្ទះមកលាយជាមួយទឹកទុកឲ្យខាប់ៗ ទើបយកទៅប៉ាតតាមកន្លែងដែលគេចង់។ ដោយឡែកចំពោះជញ្ជាំងឡ គេត្រូវយកដីលាយជាមួយទឹក និងអង្កាមជាមុនសិន ទើបអាចប៉ាតលាបលើប្រហោងបាន។

DSC_1528
ពេលដុត

ក្នុងការចំហុយ គេត្រូវចំណាយពេល២៤ម៉ោង ពី៦ទៅ៧ថ្ងៃ អាស្រ័យលើសន្លឹកថ្នាំ និងកម្តៅក្នុងឡនោះ។ តាមធម្មតា ឡនីមួយៗតែងមានប្រដាប់វាស់សីតុណ្ហភាពដើម្បីងាយស្រួលគ្រប់គ្រងកម្តៅឡនោះ។ អ្នកដុតត្រូវចេះគ្រប់គ្រង និងរក្សាកម្តៅឡឲ្យឡើងយឺតៗ។ ឧទាហរណ៍ ពេលតម្លើងសីតុណ្ហភាពពី៣០ទៅ៤០អង្សាសេ គេត្រូវរក្សាឲ្យនូវ៤០អង្សាសេនេះមួយរយៈពេលសិន ទើបតម្លើងទៅ៥០អង្សាសេទៀត។ ឡទាំងនេះអាចបង្កើតសីតុណ្ហភាពខ្ពស់បំផុតត្រឹម៧០ទៅ៧៥អង្សាសេ។ បើសីតុណ្ហភាពខ្ពស់ពេកអាចបណ្តាលឲ្យឆេះថ្នាំ។

DSC_1545
រៀបថ្នាំសម្រាប់ចំហុយ
DSC_1482
ថ្នាំក្រោយពេលដុត

តួនាទីអ្នកដុតសំខាន់ខ្លាំងណាស់ ត្បិតពួកគេត្រូវចេះគ្រប់គ្រង និងរក្សាកម្តៅក្នុងរយៈពេលដុតនេះឲ្យបានល្អ។ បើសិនជាភ្លាំងភ្លាត់ដោយប្រការណានោះនឹងនាំឲ្យខូចការធំពុំខាន។ ពួកគេតែងមានគ្នាដើម្បីផ្លាសវេនទៅមកទាំងយប់ទាំងថ្ងៃ។ នៅថ្ងៃចុងក្រោយ គេចាប់ផ្តើមបន្ថយកម្តៅយឺតៗដូចពេលដុតដែរ។ ពេលដែលភ្លើងរលុតអស់ហើយ គេត្រូវទុកថ្នាំក្នុងឡនោះមួយថ្ងៃទៀតសិន មុននឹងយកវាចេញមកក្រៅជាការបញ្ចប់។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s