ដើមហេតុនាំសង់ប្រាសាទគោកចក តាមរយៈសិលាចារឹកK.521

ក្នុងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ គេដឹងថាក្នុងសម័យអង្គរមានក្សត្រមួយអង្គចូលចិត្តទាក់ដំរី។ ព្រះអង្គមានព្រះនាមថា ជ័យវម៌្មនទី៣ [1]។ ទ្រង់ឡើងស្នងរាជ្យបន្តពីបិតាគឺ ព្រះបាទជ័យវម៌្មនទី២ ក្នុងឆ្នាំ៨៥០នៃគ.ស នានគរហរិហរាល័យ។

ក្នុងចំណោមសិលាចារឹកដែលនិយាយអំពីព្រះអង្គគឺ ភាគច្រើនតែងភ្ជាប់ព្រះអង្គទៅនឹងការទាក់ដំរី ឬរួចដំរី និងលែងដំរី។ សិលាចារឹកទាំងនោះមានដូចជា ប្រាសាទគោកចក (K.521) គោកឫស្សី (K.175) បាលហាល(K.449) វត្តសំរោង (K.956)  និងសិលាចារឹកយកពីខេត្តតាកែវ (K.1258) [2]។ ភស្តុតាងទាំងនេះនាំឲ្យអ្នកស្រាវជ្រាវយល់ប្រហែលគ្នាថា ព្រះបាទជ័យវម៌្មន(ទី៣)ពិតជាក្សត្រចូលចិត្តទាក់ដំរីខ្លាំងមែន។ រហូតមានប្រវត្តិវិទូខ្លះយល់ស្មានថា ព្រះអង្គប្រហែលអាចសុគតក្នុងពេលដេញទាក់ដំរីទៀតផង[3]។

ដោយឡែក ក្នុងចំណោមសិលាចារឹកទាំងអម្បាលខាងលើ ខ្ញុំសូមស្រង់តែសិលាចារឹកនៅប្រាសាទគោកចកមកបរិយាយយ៉ាងសង្ខេប ក្នុងបំណងឲ្យស្គាល់អំពីដើមហេតុនៃការសង់ប្រាសាទនេះ ដោយសង្ខេបសេចក្តីពីសិលាចារឹក។ ក្នុងនេះទៀតសោត ខ្ញុំសូមបង្ហាញជារូបគំនូរប្រឌិតនូវព្រិត្តិការណ៍នោះឡើងវិញផង។

DSC05394
ប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប

សិលាចារឹកនេះត្រូវរៀបរាប់សង្ខេបខ្លីដូច្នេះថា[4]


ឆ្នាំ៧២២សក (គ.ស៨៥០) ព្រះបាទជ័យវម៌្មន(ទី៣)ស្តេចទៅវិស្ណុលោកជារាជបុត្រារបស់ព្រះបាទបរមេស្វរ (ព្រះបាទជ័យវម៌្មនទី២)ឡើយសោយរាជ្យនៅវ័យ១៦វស្សា។ ទ្រង់ចាប់ដំរីទុក តែដំរីនោះរត់រួចចូលទៅត្រង់ព្រៃវិស្ណុគ្រាមនេះ។ ពេលផ្ទុំ ព្រះអង្គបួងសួងឲ្យឃើញដំរីវិញ ហើយទ្រង់យល់សុបិន្តថា ព្រះវិស្ណុទូលព្រះអង្គថា បើស្ថាបនារូបអញ ភក្តីអញ នោះដំរីនឹងមកវិញ។ លុះពេលព្រលឹមព្រាងៗ ព្រះអង្គក៏ឃើញដំរីនោះក្នុងព្រៃនេះវិញមែន។ ទើបទ្រង់ចេញបញ្ជាឲ្យឆ្ការព្រៃ ស្ថាបនារូបព្រះសកវ្រាហ្មណ និងប្រសិទ្ធនាមទីនេះថា វិស្ណុគ្រាម ហើយឲ្យដីនៅត្រើយជ្នងប្រាង។ ជីតាឈ្មោះ តេងហ្យង ត្រូវជាស្វាមីរបស់លោញលស ដែលជាសាច់ញាតិរបស់ក្សត្រមកសំពះព្រះនេះ ហើយក៏ត្រូវចាត់តាំងឲ្យបម្រើនៅទីនេះ។ ជីតា និងជីដូនក៏បានសុំដីនេះ…។


Elephant Hunt

គំនូររឿង (គូរដោយ សន ចាន់ធឿន)

ក្នុងសិលាចារឹកនិយាយថា ពេលដែលឃើញដំរីវិញ ព្រះសង់ប្រាសាទតម្កល់រូបសកវ្រាហ្មណ។ តែអ្វីដែលយើងឃើញសព្វថ្ងៃគឺមានប្រាង្គដល់ទៅ២សង់លើគោកដែលមានគូរទឹក។ ប្រាង្គប្រាសាទទាំង២មានលក្ខណៈសិល្បៈដូចគ្នានាំឲ្យយើងអាចកាត់ស្មានបណ្តោះអាសន្នសិនថា ប្រហែលអាចធ្វើនៅពេលជាមួយគ្នា ហើយរូបព្រះសកវ្រាហ្មណប្រាកដជាតម្កល់ក្នុងប្រាង្គណាមួយពុំខាន។

ការស្រាវជ្រាវក្រោយៗនេះបង្ហាញថា ការទាក់ដំរីអាចគ្រាន់តែជាការព្រិត្តិការណ៍ចាំតៗគ្នា ដែលមនុស្សក្នុងរាជ្យស្តេចក្រោយៗព្យាយាមរំលឹកពីហេតុការណ៍នេះតែដើម្បីភ្ជាប់ទៅនឹងរឿងរ៉ាវផ្សេងៗ ត្បិតសិលាចារឹកដែលនិយាយអំពីព្រះអង្គសុទ្ធតែចារនៅក្រោយរាជ្យព្រះអង្គជាង១ ឬ២ស.វឯណោះ។ ចំណែកសេចក្តីធំនៃសិលាចារឹកនីមួយៗពាក់ព័ន្ធជាពិសេសនឹងរឿងដីធ្លី។ ឧទាហរណ៍សិលាចារឹកវត្តសំរោងនិយាយថា[5] ព្រះអង្គយាងទៅស្រតាចដែលមានឈ្មោះដើមថា ហរិបុរ ដើម្បីលែងដំរី ហើយឲ្យហៅទីនេះថា សារតាច បន្ទាប់មកព្រះអង្គឲ្យដីទៅម្រតាញស្រីសត្យាយុទ្ធ ដែលត្រូវជាជីតាខាងម្តាយរបស់យើង។

__________________________

  1. ប្រាក់ សុណ្ណារ៉ា, ១៩៩៥, ប្រាសាទគោកចក, សារណាបរិញ្ញាបត្របុរាណវិទ្យា; កឹម ភិរម្យ, ២០១០, ព្រះបាទជ័យវរ្ម័នទី៣, សារណាបរិញ្ញាបត្របុរាណវិទ្យា
  2. Lowman, Ian, 2013, “The Elephant Hunt of Jayavarman III: a Political Myth of Angkorian Cambodia” Udaya.11,p. 29-57
  3. Briggs, Lawrence Palmer, 1951, The Ancient Khmer Empire, p.97 ដោយដាក់កំណត់យោងទៅរកសិលាចារឹកប្រាសាទគោកចក និងសិលាចារឹកបក្សីចាំក្រុង ត្រង់ឃ្លាទី២២-២៣។
  4. Cœdès, Georges, 1952, Inscription du Cambodge, vol.4, p.168; ហម ឆាយលី, ១៩៩៩, «សិលាចារឹកប្រាសាទចក និងព្រះបាទជ័យវម៌្មនទី៣» កម្ពុជសូរិយា លេខ៥៣.១, ទំ.៤៤-៥៤
  5. Cœdès, Georges, 1964, Inscription du Cambodge, vol.7, p.131
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s