ព្រះអាទិត្យ និងព្រះចន្ទ្រលើទង់ព្រលឹង

តួនាទីព្រះអាទិត្យ និងព្រះចន្ទ្រមានក្នុងសង្គមខ្មែរតាំងពីសម័យបុរាណ។ រឿងនេះមានការចងក្រងពីអ្នកស្រាវជ្រាវមួយចំនួន ហើយចេញផ្សាយជាអត្ថបទខ្លីៗ ព្រមទាំងជានិក្ខេបបទទៀតក៏មាន។ អ្នកទាំងនោះសិក្សាផ្តោតលើសិល្បៈ និងជំនឿដែលខ្មែរមានចំពោះព្រះអាទិត្យ ព្រះចន្ទ្រ និងរាហូតាំងពីសម័យបុរាណមកដល់បច្ចុប្បន្ន

លោកអ្នកនាងប្រហែលធ្លាប់ដឹងខ្លះៗមកហើយថា ទង់ព្រលឹងមិនខុសអ្វីពីអត្តសញ្ញាណបណ្ណរបស់ខ្មោចដែលត្រូវកាន់ទៅជួបព្រះយមរាជ និងដើម្បីទៅគាល់ព្រះចូឌាមុណីចេតិយក្នុងន័យពុទ្ធសាសនាខ្មែរសព្វថ្ងៃ។ ទង់ព្រលឹងក៏ជាសញ្ញាសម្រាប់បុគ្គលជម្រាបទៅព្រះយមរាជថា ខ្លួនស្លាប់ដោយបានបូជាឆ្លងកាត់តាមកិច្ចពិធីមានអាចារ្យដឹកនាំកិច្ចពិធីត្រឹមត្រូវ។ ហេតុនេះហើយទើបបានជាទង់ព្រលឹងតែងសរសេរជាឈ្មោះអាចារ្យជាភស្តុតាង។

DSC_0058
ទង់ព្រលឹងនៅភូមិគោកត្នោត

តាមទង់ព្រលឹងជានិច្ចកាល គេគូសរូបចូឌាមុណីចេតិយ អមដោយទង់ពីរ។ នៅតាមរាងរបស់ចេតិយនោះ អាចារ្យតែងតែសរសេរពាក្យពេជន៍ជាបាលី ឈ្មោះរបស់អាចារ្យយោគី និងឈ្មោះរបស់បុគ្គលដែលស្លាប់ទៅនោះ។ ឧទាហរណ៍ ទង់ព្រលឹងមួយនៅភូមិពាម ខាងជើងបារាយណ៍ទឹកថ្លាមានអក្សរសរសេរពីលើថា «មអឧ ឥស្វាសុ នមោពុទ្ធាយ អបាមចុប្ប ឥតិបិសោភគវា អរហំ្ង សម្មាសម្ពុទ្ធោ កឹ្ងរណំ្ងករុណានំ្ងករុណានំ្ង ទេវានំ្ង រខន្តុ សម្មាសម្ពុទ្ធោភគវា ព្រះនា្មព្រម្មាជោតឲ្យនា្មធម្មចរោ ជាចៅបង្គាប់អ្នកប្រាជ្ញ ខ្មោចឧបាសក ណាំ ហួរ។»

ទង់ព្រលឹងដែលធ្លាប់ឃើញនៅតំបន់មួយចំនួនកន្លងមកមិនសូវជាខុសគ្នាប៉ុន្មានឡើយ ត្បិតតែងតែមានរូបចេតិយ និងអក្សរខ្លះៗដូចជម្រាបពីខាងលើ។ ប៉ុន្តែ ករណីពិសេសដោយឡែកពីគេគឺ នៅតំបន់ក្បែរវត្តអធ្វាខាងត្បូងសៀមរាប។ នៅទីនេះ ខ្ញុំបានឃើញតួនាទីព្រះអាទិត្យ និងព្រះចន្ទ្រមួយបែបក្នុងពិធីបុណ្យសពនៅវត្តអធ្វា។

DSC_0948
ទង់ព្រលឹងនៅវត្តអធ្វា

អាចារ្យយោគីបានគូរ និងសរសេរលើទង់ព្រលឹងរបស់បុគ្គលទាំងនេះនូវរូបព្រះអាទិត្យ និងព្រះចន្ទ្រ។ នៅលើទង់នោះមានសរសេរអក្សរដូចៗគ្នាថា នមោពុទ្ធាយ្យ ហើយនៅក្រោមមានរង្វង់៣ដែលរង្វង់នីមួយៗសរសេរ «មអឧ»។ នៅពីក្រោមនេះទៀត គេគូររង្វង់ព្រះអាទិត្យ និងព្រះចន្ទ្រទន្ទឹមគ្នា។ នៅក្នុងរង្វង់ព្រះអាទិត្យ គេសរសេរតែពាក្យថា «ព្រះអាទិត្យ» រីឯតាមខ្សែបន្ទាត់រង្វង់មួយទៀតមានសរសេរថា «នាមបុគ្គលឈ្មោះយាយរឹមដើរទៅទិសឥសានតាមពន្លឺព្រះចន្ទ»។ នៅបន្ទាត់ក្រោមបំផុត គេសរសេរថា «នាមចន្ទស្ស» ដែលជាឈ្មោះដាក់ឲ្យនៃអាចារ្យយោគី។

ដូចអ្វីដែលយើងធ្លាប់ដឹងជាទូទៅគឺថា មនុស្សបើកាលណាស្លាប់ត្រូវទៅជួបព្រះយមរាជកាត់ក្តីថាទៅណាមកណាបន្តទៀត។ ក្នុងព្រហ្មញ្ញសាសនា ព្រះយមរាជជាទេពរក្សាទិសខាងត្បូង។ សូម្បីចម្លាក់ស្ថានសួគ៌ស្ថាននរកនៅអង្គរវត្តក៏នៅទិសខាងត្បូង។​ ផ្ទុយទៅវិញ ក្នុងទង់នេះបែរជាសរសេរឲ្យខ្មោចដែលស្លាប់កាន់ដើរតម្រង់ទៅទិសឥសានដែលជាទិសនៃព្រះឥសូរទៅវិញ។

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s