អក្សរស៊ីម៉ង់ត៍នៅប្រាសាទបាគង

ប្រាសាទក្នុងស្រុកខ្មែរចាប់ផ្តើមជួសជុល និងរៀបចំ ក្រោយពេលដែលខេត្តសៀមរាបត្រូវប្រគល់មកឲ្យបារាំងនៅឥណ្ឌូចិនគ្រប់គ្រងវិញ។ ពេលនោះ គឺនៅឆ្នាំ១៩០៧ដែលមានការបង្កើតជាសាលាបារាំងចុងបូព៌ាប្រចាំខេត្តសៀមរាប ហើយដែលដឹកនាំដំបូងដោយលោក ហ្សង់ កូមៃ។ ក្រោយមកទៀត ការរៀបចំតំបន់អង្គរឲ្យក្លាយជាទស្សនីយភាពសម្រាប់គោលដៅទេសចរណ៍ក៏ចាប់ផ្តើមឡើង ហើយនេះក៏ជាពេលដែលមានការផ្លាស់ទីព្រះសង្ឃ ឲ្យចេញពីក្តារបែនប្រាសាទមកតាំងទីនៅកន្លែងសព្វថ្ងៃ។

ជាការពិត ប្រាសាទត្រូវជួសជុល ឬសិក្សាស្រាវជ្រាវដឹកនាំដោយក្រុមអភិរក្សបារាំងបារាំងក៏ពិតមែន ប៉ុន្តែការងារទាំងនោះប្រាកដជាត្រូវការកម្លាំងរបស់អ្នកស្រុកជាជំនួយពុំខានឡើយ។ យ៉ាងណាមិញ យើងកម្រជួបឯកសារដែលនិយាយអំពីក្រុមការងារខ្មែរក្នុងកិច្ចការទាំងនោះណាស់ ក្រៅពីព័ត៌មានផ្ទាល់មាត់ដែលអ្នកទាំងនោះផ្តល់ឲ្យយើងថា ពួកគាត់ធ្លាប់ជាគូលីរបស់ក្រុមអភិរក្សបារាំង (សូមអានការពិភាក្សា និង )។

CAM07961-1
EFEO_CAM07961-1

ក្នុងបណ្តាប្រាសាទដែលធ្លាប់ជួសជុល ដោយក្រុមអភិរក្សបារាំងនាពេលនោះ ប្រាសាទបាគងក៏ស្ថិតនៅក្នុងបញ្ជីដែលបានជួសជុលពីឆ្នាំ១៩៣៦ដល់ឆ្នាំ១៩៤២ដែរ។ យើងអាចឃើញការប្រើប្រាស់ស៊ីម៉ង់ត៍នៅតាមទីតាំងជាច្រើនកន្លែងដែលគេប្រើសម្រាប់បិទភ្ជាប់ថ្ម និងប៉ះត្រង់ដែលមានប្រហោង។  សូមរឹំលឹកថានៅពេលនោះ ស៊ីម៉ង់ត៍គឺជាសម្ភារៈជួសជុលយ៉ាងសំខាន់ក្នុងការពង្រឹងគ្រឹះប្រាសាទ និងភ្ជាប់ថ្មពីមួយទៅមួយ។ ប៉ុន្តែក្នុងវិស័យជួសជុលសព្វថ្ងៃ គឺជៀសវាងពុំប្រើស៊ីម៉ង់ត៍ទៀតទេ ព្រោះវាផ្ទុកជាតិអំបិលដែលធ្វើឲ្យថ្មងាយពុកផុយ (អរគុណបង ខុម ស្រីមុំ)។ អ្វីដែលគួរកត់សម្គាល់នៅទីនេះគឺ ទោះជាគ្មានព្រិត្តិបត្ររបស់ក្រុមបារាំងក៏ដោយ ក៏យើងអាចរកឃើញនូវស្លាកស្នាមនៃការជួសជុល ពិសេសគឺបានស្គាល់ប្រវត្តិអ្នកជួសជុលនាពេលនោះខ្លះៗទៀតផង។ ការដឹងនេះ ដោយសារតែពួកគេបានចារឈ្មោះរបស់ខ្លួន និងរាយរ៉ាប់សង្ខេបពីការងាររបស់ខ្លួនជាដើម នៅលើផ្ទាំងស៊ីម៉ង់ត៍សម្រាប់បិទភ្ជាប់ថ្មប្រាសាទ។

DSC_2275

នៅឆ្នាំ២០១៣ លោក វង្ស សាវុទ្ធី បានបង្ហាញអក្សរស៊ីម៉ង់ត៍នៅប្រាសាទបាគងជាច្រើនសន្លឹកតាមប្រព័ន្ធហ្វេសបុក។ លុះដល់ពាក់កណ្តាលឆ្នាំ២០១៧នេះ យើងចាប់ផ្តើមផ្តិតអក្សរទាំងនេះទុក ព្រោះយើងយល់ថា ព័ត៌មានទាំងនេះនឹងផ្តល់ជាប្រយោជន៍ សម្រាប់ការសិក្សានាពេលអនាគតមិនខានដូចជាការសិក្សាអំពីប្រវត្តិជួសជុលប្រាសាទ ការហៅឈ្មោះ «បាគង» ថា «បាយ័ន្ត» និងទស្សនៈនៃការអភិរក្សមរតកជាដើមផង។

យើងមិនទាន់ឃើញតាមប្រាសាទដទៃណាទៀត ដែលមានអក្សរស៊ីម៉ង់ត៍ចារដោយក្រុមជួសជុល ដូចនៅប្រាសាទបាគងនេះទេ។ ទោះបីនៅតាមថ្មប្រាសាទខ្លះមានគូសលេខសម្គាល់កាលពីសម័យជួសជុល ឬក៏សរសេរអក្សរ CA (Conservation d’Angkor) ដាក់ឆ្នាំជួសជុល ឬក៏ប្តូរដាក់ថ្មថ្មីតែនៅមានធ្វើសម្គាល់ ដើម្បីបង្ហាញអំពីដំណាក់កាលជួសជុល ជាលក្ខណៈបច្ចេកទេស។ ក្នុងសម័យកាលបច្ចុប្បន្នទៀតសោត គេយល់ថាការចារឹកថ្មីដែលធ្វើឲ្យប៉ះពាល់ដល់លក្ខណៈដើមរបស់បុរាណវត្ថុ គឺជាការបំផ្លាញ។ តាមពិត គំនិតនេះកើតឡើងចំពោះប្រាសាទខ្មែរតាំងពីសម័យបារាំងរៀបចំអង្គរតំបូង។ គេឲ្យតម្លៃទៅលើអ្វីដែលមានអាយុចាស់ជាង ម្ល៉ោះហើយទើបគេសឹងតែកែប្រែប្រាសាទនៅអង្គរឲ្យក្លាយជាអង្គរ កាលពីសម័យបុរាណវិញ។

PLan
ទីតាំងអក្សរស៊ីម៉ង់ត៍ (ប្លង់កែបន្ថែមលើ Timothy M Ciccone following Claude Jacques, Michael Freeman, and Jean Laur)

យើងបានផ្តិតអក្សរទាំងនោះបានមួយចំនួន ព្រោះវាមានភាពងាយស្រួលក្នុងការផ្តិត និងមានសេចក្តីច្រើន។ ចំណែកផ្ទាំងដែលនៅសល់ពិបាកផ្តិតណាស់ ព្រោះវានៅក្នុងគ្រលៀតនៃខឿនប្រាសាទ។ ម្យ៉ាង ផ្ទាំងទាំងនោះភាគច្រើនគឺជាឈ្មោះខ្លីៗប៉ុណ្ណោះ។ ការផ្តិតអក្សរស៊ីម៉ង់ត៍ទាំងប៉ុន្មានបាន ត្បិតមានលោក វិទូ ភិរម្យ និង លោក តាំង មករា ជាអ្នកជួយផ្នែកបច្ចេកទេស ព្រមទាំងលោក ញឹម ស៊ីដេត។ ប៉ុន្តែមុននឹងមកដល់ដំណាក់កាលនេះ លោក សន ចាន់ធឿនក៏បានដើរព័ទ្ធប្រាសាទជាច្រើនជុំ ដើម្បីកំណត់ទីតាំងរបស់ចារឹកទាំងនោះ ទើបអាចចេញជាប្លង់ខាងលើនេះឡើង។

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s