តម្លៃរបស់សិលាចារឹកថ្មីក្នុងបរិបទស្រុកខ្មែរបច្ចុប្បន្ន៖ សិលាចារឹកមួយនៅអង្គរវត្ត

ថ្មីៗនេះ វិទ្យុបារាំងអន្តរជាតិបានចេញផ្សាយអត្ថបទទស្សនព្រិត្តិការណ៍ខ្មែរប្រចាំថ្ងៃរបស់ខ្លួន ដោយដាក់ចំណងជើងថា «ប្រាសាទបុរាណមិនមែនដុំថ្ម តែជាដួងព្រលឹងជាតិ ! » ដែលបានបង្ហោះលើប្រព័ន្ធសង្គមហ្វេសបុកនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ។

អត្ថបទនេះ អ្នកសរសេរចង់ឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមចំណែកថែរក្សាមរតកវប្បធម៌ដែលជាដួងព្រលឹង និងជាអត្តសញ្ញាណរបស់ជាតិខ្មែរ។ អ្នកនិពន្ធបានបញ្ចេញយោបល់ថា ពលរដ្ឋភាគច្រើនមិនទាន់រកឃើញសារប្រយោជន៍ក្នុងការថែរក្សាប្រាសាទថ្មនៅឡើយ។ ពិសេស អ្នកនិពន្ធលើកយកសកម្មភាពអវិជ្ជមានមួយចំនួនដូចជា ការចោលសំរាមនៅតាមប្រាសាទ និងការគូសវាសបន្ថែមលើថ្មប្រាសាទមកធ្វើជាឧទាហរណ៍។

អ្វីដែលគួរចាប់អារម្មណ៍ ក្នុងអត្ថបទដែលបង្ហោះលើវេបសាយរបស់វិទ្យុបានដាក់រូបអក្សរចារឹក ដែលជាឈ្មោះរបស់ក្រុមគ្រួសារមួយ។ បើចុចលើរូបនេះ យើងអាចស្តាប់ជាសម្លេងខ្លឹមសាររបស់អត្ថបទទាំងមូលផងទៀត។ អក្សរចារឹកនេះត្រូវគេចារនៅសសរជាន់ព្រះពាន់ ក្នុងប្រាសាទអង្គរវត្ត។ គិតចាប់ពីពេលបង្ហោះមកដល់ពេលនេះមានអ្នកចូលចិត្តជាង១៣០០នាក់ អ្នកបញ្ចេញមតិជាង៣០នាក់ ហើយមានអ្នកចែករំលែកបន្តជាង២០០នាក់។ ភាគច្រើននៃអ្នកបញ្ចេញមតិ និងអ្នកចែករំលែកអត្ថបទនេះយល់ថា ការចារអក្សរចារឹកដែលបង្ហាញភ្ជាប់នឹងអត្ថបទនោះជា «ការបំផ្លាញ»។ តាមពិត អក្សរដែលបង្ហាញនោះមិនពេញលេញនូវសេចក្តីរបស់វាទេ។ ចំណែកអក្សរដែលពេញលេញនោះគឺ ដូចបង្ហាញក្នុងរូបខាងក្រោម។

DSC_2462a
សិលាចារឹកផ្នែកខាងលិច

អក្សរចារឹកនេះមាន២ផ្នែកគឺ​ មួយផ្នែកស្ថិតនៅផ្នែកខាងជើងនៃសសរ និងមួយផ្នែកទៀតនៅខាងលិចសសរតមកពីផ្នែកខាងជើង។ អ្នកចារប្រហែលជាឈ្មោះ ប៊ន បូរ៉ាន់ ត្បិតឃើញមានសរសេរតែឈ្មោះគាត់ម្នាក់ឯងគត់នៅផ្នែកខាងជើង។ ន័យរបស់សិលាចារឹកនេះបង្ហាញអំពី សមាជិកគ្រួសារបដិវត្តដែលមានរាយនាមទាំងឈ្មោះឪពុកម្តាយ និងបងប្អូនផង ហើយនៅចុងបញ្ចប់នៃសិលាចារឹកមានចារឆ្នាំ១៩៧០។

DSC_2461b
សិលាចារឹកផ្នែកខាងជើង

បើយើងក្រឡេកមើលព្រិត្តិការណ៍សំខាន់ពេលនោះ ឆ្នាំនេះគឺជាការបញ្ចប់របបសង្គមរាស្ត្រនិយម តាមរយៈរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ និងឈានទៅរបបសាធារណរដ្ឋកម្ពុជាដឹកនាំដោយលោក លន់ ណុល ក្រោមការទំនុកបម្រុងពីអាមេរិច។ ហេតុផលជាច្រើនត្រូវបានលើកមកជជែកអំពី មូលហេតុឈានទៅដល់ការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០នេះ។ ក្នុងនោះ ការប្រជែងគ្នារវាងនិន្នាការកុមុយនីស និងលោកសេរីក្នុងសម័យនោះ និងការងាកបន្តិចរបស់ព្រះបាទ នរោត្តម សីហនុទៅរកកុមុយនីសជា ការបង្កើតឲ្យមានការមិនពេញចិត្តក្នុងកងទ័ព និងអ្នកជំនួញ។ ពិសេសការបើកព្រំដែនឲ្យទ័ពវៀតណាមខាងជើង (ពួកកុមុយនីស)ប្រើទឹកដីកម្ពុជា ដើម្បីវាយវៀតណាមខាងត្បូង មានអាមេរិចផង (ពួកលោកសេរី)សុទ្ធសឹងជាប្រធានបទដែលគេលើកមកជជែកគ្នា

ប៉ុន្តែចុះម្តេចសិលាចារឹកនេះនិយាយអំពី បដិវត្តរំដោះវណ្ណៈទៅវិញ? សំនួរនេះគួរតែសិក្សាតទៅទៀត។ យ៉ាងណាមិញ ខ្ញុំសូមសង្ខេបរឿងរ៉ាវខាងលើត្រឹមប៉ុណ្ណោះឥតហ៊ានទៅណាវែងឆ្ងាយជាងនេះ ត្បិតការសរសេរប្រវត្តិសាស្ត្រពុំមានត្រង់ណាស្រួលបន្តិចសោះ។

សិលាចារឹកថ្មីដែលទើបរៀបរាប់អម្បិញមិញនេះ ធ្វើឲ្យខ្ញុំគិតដល់សិលាចារឹកសម័យកណ្តាលទាំង៣៩ផ្ទាំងផ្សេងទៀត ដែលចារឹកនៅជុំវិញនោះដែរ។ អក្សរចារឹកទាំងនេះភាគច្រើនចារនៅស.វទី១៦ និង១៧ ដែលរៀបរាប់អំពីសកម្មភាពរបស់ក្សត្រ ការប្រោសឲ្យលែងជាក្ញុំ និងការសាងរូបពុទ្ធបដិមាជាដើម។ល។ ឥលូវយើងថាសិលាចារឹកនេះចាស់ហួសបន្តិចទៅចុះ យើងលើកយកសិលាចារឹកថ្មីមួយចំនួនទៀតដែលចារ ដោយក្រុមផ្តិតសិលាចារឹករបស់លោក អៃម៉ូនីញេ នៅដើមទសវត្ស១៩០០។ ក្រុមអ្នកផ្តិតនេះមកដល់អង្គរវត្ត ហើយបានចារអក្សរលើសសរប្រាសាទរៀបរាប់ថា ខ្លួនមកផ្តិតអក្សរបុរាណតាមបង្គាប់ចៅហ្វាយឈ្មោះ អៃម៉ូនីញេ។ បើគ្មានសិលាចារឹកទាំងនេះទេ យើងប្រហែលមិនអាចដឹងថា អ្នកណាខ្លះធ្វើការលើរឿងនេះឡើយ ត្បិតឯកសារបារាំងនាសម័យនោះមិនសូវមានឈ្មោះអ្នកផ្សេង ក្រៅពីឈ្មោះអ្នកនិពន្ធទេ។

ដូច្នេះ តើនេះជាការបំផ្លាញឬ? សេចក្តីអត្ថបទរបស់វិទ្យុបារាំងខាងលើពុំបានប្រើពាក្យ «បំផ្លាញ»ទេ តែគេប្រើពាក្យស្រាលជាងនេះថា «ឥរិយាបទមិនគួរគប្បីទាំងនេះល្មមដល់ពេលផ្លាស់ប្តូរហើយ»។ បូកផ្សំខ្លឹមសារ និងរូបថតខាងលើ រូបថតអក្សរចារឹកនោះបានត្រឹមនាំអ្នកអានឲ្យយល់ថា ទង្វើនេះជាការបំផ្លាញ ដោយឥតបានគិតដល់បរិបទនៃពេលចារនោះឡើយ។ ផ្ទុយមកវិញ យើងគួររកពាក្យណាមកជួសពាក្យ «បំផ្លាញ»នេះវិញ ត្បិតតម្លៃរបស់អង្គរនាពេលនោះស្ថិតក្នុងបរិបទមួយដោយឡែក ដែលគួរពិចារណាវែងឆ្ងាយតទៅទៀត(សូមទស្សនា)។ សូមកុំភ្លេចថា អង្គរនាកាលនោះនៅមិនទាន់ជាបេតិកភណ្ឌពិភពលោកនៅឡើយ  រីឯអគ្គស្នងការពិសេសសម្រាប់ការពារបេតិកភណ្ឌ ក៏មិនទាន់កើតមានរូបរាងដែរ។

សរុបមក ការយល់ឃើញនូវ«តម្លៃ»របស់ប្រាសាទ ទៅតាមសង្គមសម័យកាលនីមួយៗគួរតែមានការពិភាក្សាឲ្យបានស៊ីជម្រៅ ជៀសវាងនាំឲ្យមានការប្រើពាក្យពេជន៍មិនទំនង ឬការយល់ខុសទៅលើអ្នកមុនៗដែលគ្នាពុំដឹងទាល់តែសោះថា មនុស្សនៅសម័យក្រោយនាំគ្នាគិតផ្សេងដូច្នេះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s