ទៅមើលថ្ងៃលិច?

ក្នុងចំណោមអ្នកស្រែចម្ការខ្លះដែលចាប់ផ្តើមមានអគ្គីសនីប្រើប្រាស់ខ្លះៗហើយក៏ដោយ តែកាលណាព្រះអាទិត្យចុះអស្តង្គតនាំឲ្យផែនដីងងិតបន្តិចនោះ គេចាប់ផ្តើមដេញគោចូលក្រោល។ បន្ទាប់មក គេស្រស់ស្រូបបាយល្ងាចមុនសម្រាក។ នេះក៏ព្រោះតែទម្លាប់កាលពីមិនទាន់មានអគ្គីសនីប្រើប្រាស់នៅបន្តជាប់ពីអតិតកាល។

សូម្បីតែស្នាដៃចម្រៀងពីសម័យសង្គម បទចម្រៀងជាច្រើនតាក់តែងឡើង ដោយភ្ជាប់«ថ្ងៃលិច»ទៅនឹងក្តីសោកសៅ។ ចម្រៀងរបស់អ្នកស្រី រស់ សេរីសុទ្ធា «ថ្ងៃលិចអូនស្រណោះ»ដង្ហើយថា ថ្ងៃលិចបាត់ទាំងរូបថ្លៃធ្វើឲ្យស្រណោះ តែអូននៅចាំផ្លូវកល្យាណ។ «ថ្ងៃជ្រេបាត់ស្នេហ៍» ច្រៀងដោយលោក ស៊ីន ស៊ីសាមុត រៀបរាប់អំពី ការរង់ចាំស្នេហ៍ដល់ថ្ងៃជ្រេទៅហើយនៅតែមិនឃើញ និងបទ «ចាំជួបរាល់ថ្ងៃលិច» បង្ហាញពីការរង់ចាំនារីរាល់ថ្ងៃរៀបលិច។ បទភ្លេងកំសត់ជាងនេះទៅទៀតគឺ «ថ្ងៃលិចនៅឯនាយសមុទ្រ»ដែលរ៉ាយរ៉ាប់ពី ការបាត់បង់មនុស្សជាទីសំខាន់។ ថ្មីៗនេះ យើងប្រហែលធ្លាប់ឮចម្រៀងដ៏ពិរោះមួយបទទៀតរបស់លោក ព្រាប សុវត្តិ «ថ្ងៃបាក់រសៀល» ដែលរៀបរាប់ពីទុក្ខក្រៀមក្រំខ្លោចផ្សា ត្បិតខកចិត្តត្រូវស្នេហាឃ្លាតឆ្ងាយ។ ខ្ញុំលើកយកបង្ហាញខ្លះៗទីនេះ ព្រោះចង់សង្ខេបថាក្នុងវប្បធម៌ខ្មែរ គេមិនទម្លាប់ប្រើពេលថ្ងៃលិចមករៀបរាប់ក្តីរំភើបរីករាយឡើយ។

Angkor-Sunset-Brochure-English-1
ខិត្តប័ណ្ណរបស់គម្រោងទស្សនាថ្ងៃលិច (APSARA & GML)

មកដល់ឥឡូវ ទស្សនីយភាពថ្ងៃលិចក្លាយជាទំនោររបស់យុវវ័យជំនាន់ថ្មី។ ជាពិសេស បើគេមកលេងសៀមរាប គេកម្រថាមិនទៅមើលថ្ងៃលិចនៅលើភ្នំបាខែងណាស់។ នេះមិនទាន់និយាយដល់ពួកបរទេសជាតិសាសន៍ផ្សេងៗ។ ដោយសារតែចំនួនអ្នកចូលចិត្តមើលថ្ងៃលិចតាមប្រាសាទកើនឡើងកាន់តែច្រើន អាជ្ញាធរអប្សរាបានរៀបចំពន្យាម៉ោងទស្សនា ដល់ម៉ោង៧ល្ងាចតាមបណ្តាប្រាសាទ ដែលមានខឿនខ្ពស់ៗមួយចំនួនទៀតផង។ ទន្ទឹមគ្នានេះ អាជ្ញាធរអប្សរាក៏បានសហការជាមួយដៃគូរបរទេស សិក្សាគម្រោងសាកល្បងសម្រាប់ការទស្សនាថ្ងៃលិចនៅតំបន់អង្គរ។ ជាទូទៅបើគេមិនមើលថ្ងៃលិចតាមប្រាសាទ គេទៅមើលនៅទីណាដែលមានទឹកអាចឆ្លុះពន្លឺថ្ងៃល្ងាចបាន។

ពីដំបូងឡើយ កាលពីជំនាន់បារាំងរៀបចំតំបន់អង្គរតំបូងៗ (ឲ្យទៅជាឧទ្យាន ‘Parc’) គេបានរៀបចំបង្កើតជាវង់ (ឬខ្សែ) ទស្សនាប្រាសាទសំខាន់ៗក្នុងតំបន់អង្គរ។ ក្នុងនោះ បារាំងបានរៀបចំដំណើរកម្សាន្តសម្រាប់ទេសចរណា ដែលចង់ចំណាយពេលទស្សនាទស្សនីយភាពផ្សេងៗក្រៅពីប្រាសាទ ហើយនោះគឺ ទស្សនាថ្ងៃលិចពណ៌មាសនៅលើភ្នំបាខែង ដែលចាំងមកលើកំពូលអង្គរវត្ត និងលើផ្ទៃទឹកពណ៌មាសនៅបារាយណ៍ទឹកថ្លា។ ការនិយមនេះមានឥទ្ធិពលមកដល់បច្ចុប្បន្ន ត្បិតទីតាំងនេះក្លាយជាទិសដៅទេសចរណ៍យ៉ាងសំខាន់ សម្រាប់គ្រប់ជាតិសាសន៍មិនថាខ្មែរ ឬបរទេសចង់ទៅឃើញ។

ខ្ញុំជឿថា គំនិតមើលថ្ងៃលិចនេះគឺជា វប្បធម៌នៃក្រុមប្រទេសលោកខាងលិច ដែលសាយភាយពេញសាកលលោក។ ក្នុងវប្បធម៌ពួកលោកខាងលិច មើលថ្ងៃរះ ឬថ្ងៃលិចគឺជាការបង្ហាញពីភាពរ៉ូមេនទិកដែលកវី ឬផលិតករភាពយន្តតែងប្រើ ដើម្បីទាក់ទាញអ្នកអាន ឬអ្នកមើលឲ្យលន្លង់លន្លោចក្រោមផ្ទៃមេឃពណ៌មាស ក្រហមឆ្អិនឆ្អៅនៃព្រះអាទិត្យ មុននឹងលិចសន្សឹមៗទៅក្នុងស្បៃអន្ធកាល។ ស្រុកខ្មែរសព្វថ្ងៃមានចម្រៀងពេញនិយមមួយបទ របស់លោក ណាំ ប៊ុណ្ណារ័ត្ន «អូនបើកភ្នែកឡើង ទៅមើលថ្ងៃលិចពីរនាក់»។ អានតែចំណង់ជើងក៏អាចយល់ថា លន្លង់លន្លោចប៉ុណ្ណាហើយ។ យូរៗទៅ ទស្សនីយភាពនេះកាន់តែពេញខ្លាំងៗឡើង។

ទោះបីជាអត្ថបទមួយចំនួនបង្ហាញអំពី អត្ថប្រយោជន៍នៃការមើលថ្ងៃលិចក៏ដោយ ក៏យើងគួរគិតថា វប្បធម៌នេះក្លាយជាទំនោររបស់មនុស្សលើលោកសម័យសកលភាវូបនីយកម្ម។ ប្រហែលវេលានេះជាពេលអន្តរនៃភ្លឺទៅងងិត ដែលមានរយៈពេលជាង៦ម៉ោង មុននឹងពន្លឺចាប់ផ្តើមភ្លឺវិញក៏បាន ទើបបានជាមនុស្សខំនាំគ្នាមើល​ (?)។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s