សូម្បីព្រះក៏ចេះប្រចណ្ឌ

ប្រចណ្ឌ គឺជាពាក្យក្នុងភាសាសំស្ក្រិតដែលផ្សំចូលគ្នារវាងពាក្យ «ប្រ+ចណ្ឌ»។ ពាក្យ «ប្រ» នៅក្នុងភាសាសំស្ក្រិតមានន័យច្រើនដែលមានមួយក្នុងនោះប្រែន័យថា ណាស់។ ចំណែកពាក្យ «ចណ្ឌ» ប្រែថា ខឹង កំហឹង ច្រឡោត។ល។ តែបើថែមស្រៈ «ី»វិញ ពោលគឺ «ចណ្ឌី»គឺក្លាយជាព្រះនាមរបស់នាងទុគ៌ាវិញ។ បើអ្នកស្រី ពៅ សាវរស រួមនឹងអ្នកប្រាជ្ញផ្សេងទៀតផង ពួកគាត់យល់ថា ផ្លែស្វាយចន្ទី ដែលអ្នកស្រុកមួយចំនួនដូចជាកំពង់ធំ និងសៀមរាបហៅថាខ្ចូវ ឬខ្យូវ ហើយដែលឈ្មោះវិទ្យាសាស្ត្រហៅថា Anacardiaceae នោះ ក៏ប្រហែលជាក្លាយមកពីពាក្យ«ចណ្ឌី»នេះឯង (សូមអានបន្ថែំម [1] និង [2])។

លុះពាក្យទាំងពីរខាងលើផ្សំចូលគ្នាទៅ «ប្រចណ្ឌ» ប្រែថា កាច រំជួល ខឹងណាស់ គួរឲ្យខ្លាច អស្ចារ្យ ឆេះ ក្រេវក្រោធ។ល។ តែក្នុងសង្គមខ្មែរសព្វថ្ងៃ ពាក្យនេះ គឺសំដៅទៅលើស្នេហាតែប៉ុណ្ណោះដូចជា ប្រុសប្រចណ្ឌស្រី ប្តីប្រចណ្ឌប្រពន្ធ ប្រពន្ធប្រចណ្ឌប្តីជាដើម។ ប្រហែលដោយសារតែរឿងនេះហើយ ទើបរដ្ឋាភិបាលបង្កើតច្បាប់ថ្មីមួយចំនួនទាក់ទងនឹងទឹកអាស៊ីត។ ពោលទាំងអម្បាលមកនេះមានពិតក្នុងជីវិតរបស់មនុស្ស សត្វ។ ប៉ុន្តែសូម្បីទេពដែលមិនចេះស្លាប់នោះក៏ចេះកើតមានក្តីប្រចណ្ឌដែរ។ តួយ៉ាងដូចមាននាងឧមាស្រាប់។ នាងជាមហេសីរបស់ព្រះឥសូរ ហើយត្រូវជាអនុជរបស់នាងគង្គាដែលមានបិតាជាស្តេចភ្នំ (ភ្នំព្រះសុមេរុ) និងនាងមេនជាមាតា។ រឿងទេពកថានេះ ខ្មែរស្គាល់ ដឹង ឮតាំងពីស.វទី៧មក អាចមានមុននេះផងក៏ថាបាន។ សាច់រឿងប្រចណ្ឌនេះមាននិយាយបន្តិចក្នុងគម្ពីរ «មេឃទូត» កាព្យទី៥៣ ដែលជាគម្ពីរតែងឡើងនៅស.វទី៣នៃគ.សដោយកវីឈ្មោះ កាលីទាស។

ហេតុដំបូងដែលប្រចណ្ឌគឺមានតំណាលក្នុងគម្ពីរខាងព្រហ្មញ្ញសាសនាថា៖

ព្រះគង្គាដែលជាទន្លេសួគ៌នោះហូរចុះមកផែនដីដើម្បីជម្រះបាបកម្មរបស់បុត្រស្តេចសគរ។ លុះទន្លេសួគ៌មានទម្ងន់ធ្ងន់ពេក កាលណាហូរចុះមកអាចធ្ចើឲ្យអន្តរាយដល់ផែនដី ព្រះឥសូរក៏យកព្រះកេសទ្រមួយដំណាក់សិន ទើបឲ្យទន្លេគង្គាហូរចុះមកដី (នៅពេលនេះព្រះឥសូរមានព្រះនាមថា «គង្គាធរ»ដែលមានន័យថា អ្នកទ្រគង្គា)។

IMG_0300
ចម្លាក់នៅរូងភ្នំ Elephanta

ពេលនេះហើយដែលនាងឧមាជ្រួញចិញ្ចើម ដូចក្នុងសិលាចារឹករៀបរាប់[1]

  • សិលាចារឹកហាន់ជ័យ(K.81)ចារឹកនៅរវាងស.វទី៧ ល្បះទី១ «[…]ឧមាភ្រូភង្គ[…]៖ នាងឧមាជ្រួញចិញ្ចើម។

  • សិលាចារឹកភ្នំសណ្តក(K.190)ចារនៅគ.ស៨៩៥ ល្បះទី៣ «[…]ឧមារុស្ហះ[…]»៖ នាងឧមាខឹង។

  • សិលាចារឹកប្រាសាទបឹង(K.989)ចារនៅគ.ស១០០២ ល្បះទី៤ «[…]ឧមាហាស្ផរិតាធរោឞ្ឋី […]»៖ នាងឧមាខាំមាត់សង្កៀតធ្មេញ ភ្នែកឡើងក្រហមដូចប៉ះភ្លើង។

  • សិលាចារឹកប្រាសាទទ(K.692)ចារនៅគ.ស១១៩៥ ល្បះទី៤ «[…]គង្គាម ឧមាភយធិយេវ […]»៖ នាងឧមាធ្វើឲ្យនាងគង្គាភ័យខ្លាច។

ត្រឹមប៉ុណ្ណេះ យើងល្មមដឹងបានថា រឿងរ៉ាវនេះមិនមែនខ្មែរពុំនិយម ឬនិយមតែមួយភ្លេតហើយក៏ភ្លេចលែងនឹកនាទេ។ បើពិនិត្យមើលត្រឹមសិលាចារឹកក៏ឃើញថាមានទិន្នន័យច្រើនប៉ុណ្ណឹងទៅហើយ។ ដូច្នេះ ខ្ញុំយល់ថាខាងចម្លាក់ប្រហែលជាមានបង្ហាញដែរ។ ចម្លាក់ដែលគួរឲ្យសង្ស័យនោះទៀតសោត គឺនៅប្រាសាទជីក្រែងខាងលិច(រូបទី១)។

ផ្តែរទ្វារប្រាសាទជីក្រែង សព្វថ្ងៃរក្សាក្នុងសារមន្ទីរជាតិ

នៅក្នុងសិល្បខ្មែរ យើងកម្រឃើញចម្លាក់បែបនេះណាស់។ សិល្បករឆ្លាក់រូបទេពបីអង្គដោយ ឆ្លាក់ទេពប្រុសនៅកណ្តាល និងទេពស្រីនៅអមខាងទេពប្រុសនោះ។ ទេពប្រុសនោះដាក់ព្រះហស្តម្ខាងលើស្មារទេពស្រីដែលនៅខាងឆ្វេង ព្រះហស្តម្ខាងទៀតកាន់ព្រះហស្តទេពស្រីដែលនៅខាងនៅខាងស្តាំ។ កាយវិការរបស់ទេពប្រុសដែលនៅកណ្តាលគឺពិតជាគួរឲ្យយើងយកមកពិចារណា។ ទេពស្រីដែលនៅខាងស្តាំនោះគឺទេពប្រុសគ្រាន់តែកាន់ព្រះហស្តតែប៉ុណ្ណោះ តែដាក់ព្រះហស្តគងលើស្មារទេពដែលនៅខាងស្តាំ។ ខ្ញុំយល់ថា ចម្លាក់នេះនិយាយអំពីការប្រចណ្ឌដូចក្នុងរឿងដែលបានរៀបរាប់ពីខាងដើម។ ទេពនៅកណ្តាលនោះ ខ្ញុំគិតថាជាព្រះឥសូរដែលកាន់ព្រះហស្តនាងគង្គាដែលនៅខាងស្តាំ ហើយគងព្រះហស្តលើស្មារនាងឧមាដែលនៅខាងឆ្វេងដើម្បីកុំឲ្យនាងឧមាខឹង ដ្បិតរឿងសង្គ្រោះលោកគឺសំខាន់ជាង។

[1] ពាក្យដែលខ្ញុំស្រង់ជាភាសាសំស្ក្រិតមក ខ្ញុំមិនច្បាស់ថាត្រឹមត្រូវទាំងស្រុងទេ។

២០១២

Advertisements