ព្រៃតាស្មោញ

មនុស្សខ្មែរដែលជាអ្នកផ្សាររទូទៅ ពេលអ្នកណាស្លាប់ក៏យកសពនោះទៅបូជា។ តែអ្នកសៀមរាប គេកប់សពនោះហោចណាស់១ឆ្នាំសិន មុននឹងគាស់យកបូជាដោយភ្លើង (ចម្រើនភ្លើង)។ ថ្មីៗនេះ គេក៏មានបូជាបន្ទាប់ពីស្លាប់ភ្លាមដែរ ត្បិតបញ្ហាសេដ្ឋកិច្ច។ ប្រការដែលត្រូវមាន២ដំណាក់កាលនេះ គេតែងពន្យល់ថាវាទាក់ទងនឹងធាតុទាំង៤ ពោលគឺ ទឹក ដី ភ្លើង និងខ្យល់។

តាមភូមិមួយចំនួននៅតំបន់អង្គរតែងមានព្រៃ ឬគោកខ្មោចសម្រាប់កប់ខ្មោចដែលទើបស្លាប់ថ្មីៗមួយរយៈសិនដូចខ្ញុំរៀបរាប់ខាងលើនេះបន្តិច។ ពេលបូជាហើយ សាច់ញាតិយកធាតុទៅរក្សាក្នុងចេតិយនៅតាមវត្តនានា នៅតាមប្រាសាទបុរាណជាដើម (សូមអានអត្ថបទនេះបន្ថែម)។

DSC05371.JPG
ព្រះវិហារវត្តភ្នំក្រោម

ករណីមួយនៅភូមិផងចំណុះជើងវត្តត្រាច (ប្រាសាទចៅស្រីវិបុល) សាច់ញាតិនៃអ្នកស្លាប់យកធាតុទៅបញ្ចុះនៅចេតិយក្នុងវត្តដូចដែលយើងធ្លាប់ឃើញនៅទីផ្សេងៗដែរ។ ប៉ុន្តែអ្នកខ្លះទៀត ជាពិសេសអ្នកដែលមានធនធានតិចតួច សាច់ញាតិយកធាតុទៅបញ្ចុះនៅព្រៃខ្មោចមួយដែលអ្នកស្រុកហៅថា «ព្រៃសាលាតាស្មោញ ឬព្រៃតាស្មោញ»។ ចំណារក្រោយមកក៏មានជាសង់ចេតិយនៅទីនោះច្រើន ត្បិតអាជ្ញាធរអប្សរាមិនអនុញ្ញាតឲ្យសង់នៅក្បែរបរិវេណប្រាសាទពេក។ នៅទីនោះមានបង្គោលច្រូងច្រាង បើយើងជាអ្នកមកពីចម្ងាយមិនដឹងថាជាអ្វីទេ។

This slideshow requires JavaScript.

ព្រៃនេះដុះលើទំនប់កសិណប្រាសាទនាទិសនិរតីជាទីស្ថានបញ្ចុះធាតុជាយូរមកហើយ ពោលគឺមុនសម័យសង្គមរាស្ត្រនិយមទៅទៀត។ ដោយសារធាតុទាំងអស់ត្រូវបញ្ចុះទីនេះ សាច់ញាតិបានដាំបង្គោលខ្លះឈើ ខ្លះថ្មដើម្បីងាយចំណាំសាច់ញាតិរៀងៗខ្លួន ដែលគេបញ្ចុះធាតុជុំវិញបង្គោលនោះ។ បើសួរអំពីចំនួនធាតុដែលបញ្ចុះជុំវិញបង្គោលនោះ ក៏កាន់តែលែងដឹងស្រឡះ។ មិនអាចចំណាំឈ្មោះអស់ក្តី តែអាចសម្គាល់ថា នេះរបស់គ្រួសារខ្ញុំ នោះរបស់គ្រួសារគេ។ ជាទម្លាប់ រៀងរាល់ពេលមានបុណ្យទានធំៗនៅវត្តបានបញ្ចប់សព្វគ្រប់ម្តងៗ គេតែងនិមន្តព្រះសង្ឃមកទីនេះដើម្បីរៀបចំបង្សុកូលឲ្យខ្មោចទាំងនោះ។

IMG_1605.JPG

សាច់ញាតិយកខ្សាច់ពីកសិណទឹកប្រាសាទមករោយលើបង្គោលនីមួយៗ ទៅតាមគ្រួសាររបស់គេរៀងៗខ្លួនដើម្បីឲ្យត្រជាក់ត្រជុំ។ រួចយកខ្សែ ឬវល្លិ៍ដែលមានដុះនៅជិតនោះស្រាប់មកចងភ្ជាប់ពីបង្គោលមួយទៅមួយ ហើយព្រះសង្ឃជាអ្នកកាន់នៅខាងចុង។ ពេលចប់សព្វគ្រប់ គេបំបែកគ្នាទៅផ្ទះរៀងខ្លួន ហើយខ្ញុំឮយាយម្នាក់និយាយថា «ដូនតាអើយ! ខ្ញុំទៅ[សិន]ហើយ ពេលមានបុណ្យ ចាំខ្ញុំមក[ម្តង]ទៀត»។

Advertisements